ទំព័រដើម / ព័ត៌មានជាតិ / អ្នកតំណាងរាស្ដ្រហ៊ុនម៉ានីទទួលគ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា

អ្នកតំណាងរាស្ដ្រហ៊ុនម៉ានីទទួលគ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា

ភ្នំពេញ៖លោក ហ៊ុន ម៉ា​នី សមាជិកសភា​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​វិលត្រឡប់​មកពី​​ទទួល​គ្រឿង​ឥស្សរិយយស Padma Shri ពី​ប្រធានាធិបតី​ឥណ្ឌា​វិញ​ហើយ ដោយមាន​ការទទួល​អ​ប​អរសាទរ​ពី​បុ​រ​ជា​ពលរដ្ឋ​យ៉ាងច្រើន នៅ​អាកាសយាន​ដ្ឋា​ប​អន្តរជាតិ​ភ្នំពេញ​។ ​

ពានរង្វាន់​នេះ ជា​គ្រឿង​ឥស្សរិយយស ចំពោះ​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ និង​បំផុស​ចលនា​យុវជន​អោយចូល​រួម​ក្នុងសង្គម​ដោយ​ស្ម័គ្រចិត្ត ដែល​បាន​ប្រគល់ជូន​ដោយ​ប្រធានាធិបតី​ប្រទេស​ឥណ្ឌា​។​ ​បន្ទាប់ពី​បានទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​លោក​ប្រធានាធិបតី​ឥណ្ឌា​នៅ​ថ្ងៃទី​២​មេសា លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ពី​មោទកភាព​របស់លោក​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ដែលមាន​ន័យ​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​គ្រឿង​ឥស្សរិយយស​នេះ ខ្ញុំ​សូម​គោរព​ដឹងគុណ​ចំពោះ​គ្រួសារ សហការី​ដ៏​គួរ​ឲ្យ​ទុកចិត្ត គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែលមាន​ការលះបង់​ខ្ពស់ និង​ជាសំខាន់​ទៅទៀត​នោះ ខ្ញុំ​គោរព​ដឹងគុណ​ចំពោះ​ប្រទេសជាតិ​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។​ ​

លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ពិធី​ផ្តល់ និង​ទទួល​ពានរង្វាន់ និង​គ្រឿង​ឥស្សរិយយស Padma Shri ពី​លោក Ram Nath Kovind ប្រធានាធិបតី​ឥណ្ឌា បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​ចូលរួម​ពី​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ឥណ្ឌា ដូចជា​អនុ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី រួមទាំង​មនុស្ស​ល្បីល្បាញ និង​ជ័យលាភី Padma Shri ជាច្រើនរូប​។​

​លោក ហ៊ុន ម៉ា​នី ស្ថិតក្នុង​បញ្ជី​ឥស្សរជន​៨៥​រូប​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់ ឬ​គ្រឿង​ឥស្សរិយយស Padma Shri Award​។ Padma Awards ជា​គ្រឿង​ឥស្សរិយ​ស​ដ៏​មាន​កិត្យានុភាព​មួយ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ទៅ​ឥស្សរជន​ឆ្នើម​ក្នុង​បេសកកម្ម​បម្រើ​ជន​ស៊ីវិល​នៅ​ផ្នែក​ផ្សេងៗ​គ្នា ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។

ឈ្មោះ​របស់​ជ័យលាភី​ទាំង​៨៥​រូប ត្រូវបាន​ប្រកាស​ក្រោយ​ទិវា​អបអរ​ថ្ងៃ​សាធារណរដ្ឋ ជា​ថ្ងៃ​ដែល​ឥណ្ឌា បានអនុម័ត​ធម្មនុញ្ញ​របស់ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *