ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋសម្តែងការបារម្ភករណីបាក់ច្រាំងទន្លេនៅស្រុកកងមាស

ពលរដ្ឋសម្តែងការបារម្ភករណីបាក់ច្រាំងទន្លេនៅស្រុកកងមាស

ភ្នំពេញ៖ ប្រជាពលរដ្ឋភាគច្រើនជាជនជាតិឥស្លាមប្រកបរបរជាអ្នកនេសាទជាង ១០០គ្រួសាររស់នៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ករណីស្រុតច្រាំងទន្លេមេគង្គនៅសល់ពី ប្រាំ ទៅ១០ម៉ែត្រទៀតប៉ុណ្ណោះ នឹងមកដល់ជើងសសរផ្ទះពួកគាត់ហើយ។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ការព្រួយបារម្ភខ្លាំងនេះបានកើតឡើងជាងមួយខែហើយពិសេសភ័យមែនទែននៅពេលយប់មានភ្លៀងធ្លាក់ គឺមិនហ៊ានដេកឡើយ។

ត្បិតអីថ្ងៃដំបូងច្រាំងទន្លេនេះគ្រាន់ប្រេះ ហើយជាបន្តបន្ទាប់ពីរាបស្មើបែបជាស្រុតផុងចុះជម្រៅលិចក្បាលមនុស្សចាស់។

ដោយសព្វពួកគាត់បាននាំកាប់ដីច្រាំងទន្លេកន្លែងស្រុកនេះជាកាំជណ្តើរ ឬធ្វើជាជណ្តើរសម្រាប់ឡើងចុះទន្លេដើម្បីងូតទឹក និងនេសាទត្រី។ អ្នកភូមិពង្របានលើកឡើងថា សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាជួយរកមូលហេតុនៃការស្រុកច្រាំងទន្លេនេះ និងជួយទប់ស្កាត់ឲ្យបានការស្រុតច្រាំងទន្លេច្រើនរយម៉ែត្រនេះ ពោល គឺ ពួកគាត់បានមករស់នៅលើទឹកដីភូមិពង្រ ឃុំរកាគយ ស្រុកកងមាសនេះតាំងពីដូនតាច្រើនជំនាន់មកហើយ។ បើទោះជារកឃើញការស្រុតដីច្រាំងទន្លេនេះបង្កពីគ្រោះធម្មជាតិ ឬក៏ដោយការធ្វើអាជីវកម្មបូមខ្សាច់ក៏ដោយ គឺសូមជួយរក្សាដីនេះ។

ប្រសិនទឹកដីកំណើតមួយនេះត្រូវបាត់បង់មែននោះ គឺនឹងប្រឈមគ្មានដីសង់លំនៅស្ថាន និងបាត់បង់មុខរបរនេសាទប្រចាំថ្ងៃ ឬក៏នឹងក្លាយជាគ្រួសាររស់នៅតាមទូកក្នុងទន្លេនេះមិនខាន។ លោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាមបានឆ្លើយប្រាប់នៅដើមសប្តាហ៍ថ្មីៗនេះថា ជុំវិញបញ្ហាស្រុកច្រាំងទន្លេនៅឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាមនេះ គឺមានមានក្រសួងចំនួនបី : ក្រសួងរ៉ែ និងថាមពល ,ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងបរិស្ថាន កំពុងសហការស៊ើបអង្កេតប្រមូលភស្តុតាងនានាពីកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងវិភាគ គឺនៅមិនទាន់មានលទ្ធផលថា ការស្រុតច្រាំងទន្លេខាងលើនេះបង្កដោយគ្រោះធម្មជាតិ ឬក៏បង្កឡើងពីការធ្វើអាជីវកម្មបូមខ្សាច់នោះទេ។

លោកប្រធានមន្ទីរដដែលបានឲ្យដឹងទៀតថា ប៉ុន្តែតាមការពិនិត្យជាក់ស្តែងនៃច្រាំងទន្លេដែលស្រុតក្នុងភូមិពង្រ ឃុំរកាគយ ស្រុកកងមាស គឺអាចបង្កឡើងពីគ្រោះធម្មជាតិច្រើនជាង។ នៅតំបន់ច្រាំងទន្លេកន្លែងមានស្នាមប្រេះស្រុតនោះ គឺមានជម្រាបទឹកជាច្រើនកន្លែងចេញពីបឹងចំនួន បី។ ផ្ទុយមកវិញបើការបាក់ស្រុតច្រាំងទន្លេដូចរូបភាពនៅខាងខេត្តកណ្តាលកន្លងមកនោះ ទើបសន្មត់ថាបង្កឡើងពីការបូមខ្សាច់ធ្វើអាជីវកម្ម។ ម៉្យាងវិញទៀតទំហំនៃការបូមខ្សាច់របស់ឈ្មោះ គ្រុយ ម៉េងលីហ៊ាង ដែលមានច្បាប់អនុញ្ញាតនោះ គឺមួយថ្ងៃត្រឹមរាប់រយម៉ែត្រគូបប៉ុណ្ណោះ។

គួររំលឹកថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ គឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរខេត្តកំពង់ចាមបានសហការជាមួយក្រសួងជំនាញទាំងបីបានចុះទៅពិនិត្យ និងបើកការស៊ើបអង្កេតលើករណីស្រុតច្រាំងទន្លេមេគង្គនៅឃុំរកាគយ ស្រុកកងមាសនេះ។ ក្នុងនោះបានសម្រេចបញ្ឈប់ជាបណ្តោះអាសន្ននូវអាជីវកម្មបូមខ្សាច់មួយកន្លែង នៅទន្ទឹមកន្លែងស្រុតដីច្រាំងទន្លេនោះ ប្រយោជន៍ដើម្បីទុកឲ្យជំនាញស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានព័ត៌មានច្បាស់លាស់៕  ដោយ: ភោគ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *