ទំព័រដើម / ព័ត៌មានជាតិ / ជប៉ុនផ្ដល់កម្ចីនិងជំនួយ៩០លានដុល្លារដល់កម្ពុជាក្នុងដំណើររដ្ឋមន្ដ្រីការបរទេសជប៉ុន

ជប៉ុនផ្ដល់កម្ចីនិងជំនួយ៩០លានដុល្លារដល់កម្ពុជាក្នុងដំណើររដ្ឋមន្ដ្រីការបរទេសជប៉ុន

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ចើញ ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីគម្រោងឥណ្ឌាទានដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់សរុប ៩.៧១៦លានយ៉េន ប្រហាក់ប្រហែល ប្រមាណជាង ៩០លានដុល្លារអាមេរិកសម្រាប់ជួយអភិវឌ្ឍន៍គម្រោងចំនួន២នៅប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខា នេះ ធ្វើឡើង នៅវិមានសន្តិភាព នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែមេសា នេះ រវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯ.ឧ តារ៉ូ កូណូ Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់ ជប៉ុនដល់កម្ពុជាលើលិខិតប្ដូរសារនិងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជា

ដូចខាងក្រោម៖ ១- ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។ ២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។

សូមរំលឹកថាប្រទេសជប៉ុន គឺជាប្រទេសមួយដែលបានផ្តល់ជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជាច្រើនជាងគេ។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ពីឆ្នាំ១៩៩២ រហូតមកដល់ជិតដំណាច់ឆ្នាំ២០១៧ ប្រទេសជប៉ុនបានផ្តល់ថវិកាហិរញ្ញប្ប​ទានសហប្រតិបត្តិការសម្រាប់ គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបប្រមាណ ៤,៤០០លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ៣,០៧៤លានដុល្លារ និងឥណទានសម្បទានមានចំនួនប្រមាណ ១,៣២៦លានដុល្លារ។ជប៉ុន ក៏ជាប្រទេសដែលបានបណ្តាក់ទុនរកស៊ីច្រើនមួយផងដែរនៅក្នុងប្រទេសកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈ CDC កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជី គម្រោង វិនិយោគ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១.៦ប៊ីលានដុល្លារអាមេរិក។

តាមការគូសបញ្ជាក់ពីឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោហ៊ុន សែន ឯ.ឧ តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន បានឲ្យដឹងថាគោលបំណងរបស់ជប៉ុនគឺធ្វើយ៉ាងណាជួយជំរុញដំណើរការរីកលូតលាស់របស់ កម្ពុជាដើម្បីអោយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

ឯ,ឧបានជំរាបជូនសម្តេចដែរថា ជប៉ុន មានចំណាប់អារម្មណ៍ជួយដល់ប្រទេសកម្ពុជាលើវិស័យមួយចំនួនដូចជា ឡូជីស្ទីក គឺការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្សជាដើម។

លើសពីនេះទៅទៀតជប៉ុន ក៍នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាជួយកិច្ចការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។

ឯ.ឧបានឲ្យដឹងដែរថាជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលមួយគឺ ជប៉ុន-មេគង្គ នៅពេលខាងមុខ ហើយ ឯ.ឧក៏បានគោរពអញ្ជើញសម្តេចតេជោដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះដែលមានគោលដៅ សំខាន់គឺផ្តោតទៅលើកិច្ចសហប្រតិបត្តិការសំរាប់ថ្ងៃអនាគត ជាពិសសេសលើការតភ្ជាប់ (connectivity) ដែលជាអទិភាពមួយ រួមទាំងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់មិត្តជប៉ុន ដែលតែងបានផ្តល់ជំនួយ ដល់ដំណើការស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជា ដើម្បីការរីកចំរើនទៅមុខ ។

សម្តេចមានប្រសាសន៍ថាជប៉ុនមិនត្រឹមជាអ្នកបានជួយស្វែងរកសុខសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ កន្លងមកជប៉ុនតែងបានជួយដល់កម្ពុជាទាំងវិស័យហរដ្ឋរចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារទឹកជំនន់និងសង្រ្គោះបន្ទាន់។

សម្តេចតេជោមានប្រសាសន៍ទៀតថា តាមរយៈទំនាក់ទំនងល្អ កាលពីឆ្នាំ២០១៣ កម្ពុជា និងជប៉ុនបានលើកទំនាក់ទំនងអោយទៅជាទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រហើយអ្វីដែលយើងអាចធ្វើបានថែមទៀតនោះគឺជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍

ដែលទាំងអស់នេះជាសក្តានុពល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីផងដែរ។ គួរបញ្ជាក់ដែរថាដំណើរអញ្ជើញមកបំពេញទស្សនកិច្ច របស់ឯ.ឧ តារ៉ូ កូណូ(Taro Kono)រដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជានាឱកាសនេះគឺស្របចំខួប លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលជាឱកាសនៃការឈានទៅ ពង្រឹងពង្រីកនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាជប៉ុនបានកាន់តែរឹងមាំ និងល្អប្រសើបន្ថែមទៀតផងដែរ៕ (អត្ថបទប្រាក់ សុវណ្ណតារា រូបភាព អ៊ុក ប៊ុនរ៉ា)

Leave a Reply

Your email address will not be published. Required fields are marked *