ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាមេរិកបញ្ចេញនាវាចម្បាំងពីរដ្ឋ Virginia ស្របពេលមានភាពតានតឹងជុំវិញជម្លោះនៅស៊ីរី

អាមេរិកបញ្ចេញនាវាចម្បាំងពីរដ្ឋ Virginia ស្របពេលមានភាពតានតឹងជុំវិញជម្លោះនៅស៊ីរី

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បានបញ្ចេញ​នាវាចម្បាំងចេញពី​ក្រុង​ Norfolk រដ្ឋ​ Virginia ដើម្បីបង្ហាញកម្លាំង​ ស្របពេល​ភាព​តាន​តឹង​​​កំពុង​កើនកម្តៅឡើងខ្លាំង​ជុំវិញ​​ការរវាយប្រហារ​ដែលសង្ស័យថា ប្រើអាវុធគីមី​សម្លាប់​ជនស៊ីវិលរាប់សិបនាក់​នៅក្នុងក្រុង​ Douma ប្រទេសស៊ីរី។​

ក្នុងចំណោមកងនាវាចម្បាំងទាំងនេះ ​ក៏មាននា​វាចម្បាំង​របស់​អាល្លឺ​ម៉ង់​​ឈ្មោះ ​ FGS Hessen ដែលនឹង​​ប្រើ​ដើម្បីគាំទ្រ​​អំឡុង​ប្រតិបត្តិការ​ដែនទឹក​ផងដែរ។​

មុនមានការបញ្ចេញនាវាចម្បាំងនេះ​ ​លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បានព្រមាន​ប្រ​ទេសរុស្ស៊ី​​ថា ​ចំណាត់​ការ​យោធា​ជិតកើតមានឡើង​ហើយ​នៅក្នុ​ង​ប្រទេសស៊ីរី​ដើម្បី​​ឆ្លើយ​តាម​នឹងកា​រវាយប្រ​ហារដែ​លសង្ស័​យថា​ប្រើ​អាវុធ​គីមី​នៅក្នុងក្រុង​ Douma និង​បាន​​​បន្ទោស​ទី​ក្រុងមូស្គូចំពោះ​ការគាំទ្រ​លោក ​បាសា អាល់អាសាដ ប្រធា​នាធិបតីស៊ីរី។​

ប្រតិកម្មរបស់លោក ដូណាល់ ត្រាំនេះ​ ​​គឺដើម្បីឆ្លើ​យតបចំពោះ​ការ​ព្រ​មាន​​​​របស់រុស្ស៊ីថា ​រាល់​មីស៊ីលណា​មួយរបស់សហរដ្ឋអាមេរិក​នឹង​ត្រូវ​បាញ់ទម្លាក់​​ភា្លមៗ មិនឲ្យ​ធ្លាក់លើទឹកដីស៊ីរីបាន​នោះទេ។​

ការព្រមានគ្នា​ទៅវិញទៅមក​នេះ​ បានធ្វើ​ឲ្យ​កើត​​​មាន​ក្តី​ព្រួយបារម្ភអំពី​ជម្លោះដោយផ្ទាល់ជាលើកដំបូ​ង​រវាង​ប្រទេស​មហា​អំណាចទាំងពីរ​​ដែលគាំទ្រភាគីខុសគ្នាក្នុងសង្គ្រាមស៊ីវិល​រយៈពេល​​៧ឆ្នាំ​កន្លងមកនេះ​នៅស៊ីរី​ ដែលធ្វើ​ឲ្យមាន​​ភាពរញ៉េរញៃ​ទូទាំងតំបន់មជ្ឈឹមបូព៌ានោះ។​

​លោក ដូណាល់ ត្រាំ​ បា​នសរសេរសារ​​លើទំព័រ​Twitter របស់លោក​ថា ​“ប្រទេសរុស្ស៊ី​ប្តេជ្ញា​បាញ់ទម្លាក់​មីស៊ីល​ទាំងអស់របស់​សហរដ្ឋអាមេរិកមែនទេ​ អ៊ីចឹងសូមរុស្ស៊ីត្រៀម​ឲ្យហើយទៅ​ ព្រោះ​មីស៊ីល​នឹង​ហោះ​ទៅឆាប់ៗ​នេះហើយ”។​​

ដោយសំដៅដល់សម្ព័ន្ធ​​ភាព​​រវាង​រដ្ឋាភិបាលក្រុងមូស្គូ​​ជាមួយលោក អាសាដ  ​លោក ដូណាល់ ត្រាំ បាន​សរសេរ​បន្តថា ​“អ្នកមិនគួរជាដៃគូ​ជាមួយ​សត្វតិរច្ឆាន​ដែលប្រើអាវុធគីមីសម្លាប់​ពលរដ្ឋ​ខ្លួនឯងទាំង​អារម្មណ៍​សប្បាយរីករាយ​នោះទេ”៕​​

Leave a Reply

Your email address will not be published. Required fields are marked *