ទំព័រដើម / ព័ត៌មានសំខាន់ៗ / តួលេខអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធានៅអាល់ហ្សេរីកើនឡើងដល់២៥៧នាក់

តួលេខអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធានៅអាល់ហ្សេរីកើនឡើងដល់២៥៧នាក់

អាល់ហ្សេរី៖ តួលេខអ្នកស្លាប់ដោយសារធ្លាក់​​យន្តហោះយោធា​​នៅក្បែររដ្ឋធានី​ Algiers ក្នុង​ប្រទេស​អាល់​ហ្សេរី​​កាលពី​ម្សិ​លមិញ​បានកើនឡើងរហូតដល់​​២៥៧នាក់។​

យោងតាមមន្ត្រីអាល់ហ្សេរីបាន​​ឲ្យដឹងថា ​យន្តហោះយោធាមួយគ្រឿងនេះ​បានធ្លាក់​ពេល​​​ហោះ​​ឡើង​បាន​ប៉ុន្មាននាទី​ពីអាកាសយានដ្ឋានយោធា Boufarik នាភាគខាង​កើត​រដ្ឋធានី ​ Algiers កាលពីព្រឹកម្សិលមិញ​ ហើយ​ថា​ ​ការស៊ើបអង្កេ​តកំពុង​បន្តហើយដើ​ម្បីរកមូលហេតុដែលបណ្តាល​ឲ្យយន្តហោះនេះធ្លាក់​ ខណៈ​រដ្ឋាភិបាល​បាន​ប្រកាស​​ឲ្យមានការកាន់ទុក្ខ​​រយៈពេល​បីថ្ងៃ​ទូទាំងប្រទេស។​

​​​ក្រសួងការពារជាតិអាល់ហ្សេរីបានលើកឡើងថា ​ក្នុងចំណោមអ្នកស្លាប់ភាគច្រើនគឺជា​យោ​ធា​​និង​សមា​ជិករបស់​ពួកគេ​ ក្នុងនោះក៏មានអ្នកបើកបរ​និងអ្នកបម្រើការលើ​យន្ត​ហោះ​១០នាក់ផងដែរ។​

​អ្នកដំណើរមកពី​តំបន់​សាហារ៉ា​ខាងលិច​ ​ជាដែនដីមានជ​ម្លោះដែ​ល​ត្រូវ​ប្រទេស​ម៉ារ៉ុកកាត់​យក​ បន្ទាប់ពី​អេ​ស្ប៉ាញដក​ទៅវិញនៅឆ្នាំ​១៩៧៥ ក៏ស្ថិត​ក្នុងចំណោមអ្នកស្លាប់ដែរ។​

យន្តហោះយោធាមួយគ្រឿងនេះ​ ដែលមាន​ប្រភេទ​ Ilyushin Il-76 ផលិតនៅក្នុងប្រទេសរុស្ស៊ី​ បាន​ចេញដំណើរ​ទៅកាន់​តំបន់​ Bechar និងតំបន់ ​Tindouf នៅភាគនិរតី​ប្រទេសអាល់ហ្សេរី​ ដែល​មានព្រំដែន​ជាប់​តំបន់សាហារ៉ាខាងលិច។​

​មន្ត្រីអាល់ហ្សេរីបាន​ឲ្យដឹងបន្តថា ​មានអ្នកនៅរស់រានមានជីវិតមួយចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់ម​ន្ទីរពេទ្យ​ ប៉ុន្តែមិនច្បាស់ថា តើ​​មានចំនួនប៉ុន្មាននោះទេ​ ហើយក៏មិន​ទាន់ដឹងច្បាស់​ពីស្ថានភាពរបស់​ពួកគេនៅឡើយ​ដែរ។​

​ហេតុការណ៍ធ្លាក់​យន្តនេះ​​ គឺជាហេតុការណ៍ដែលបណ្តាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិ​ធ្លាក់​​យន្ត​ហោះ​របស់ប្រទេសអាល់ហ្សេរី​ និងជា​ហេតុកា​រណ៍ដែល​មាន​មនុស្សស្លាប់​ច្រើន​បំផុត​លើពិភព​លោក​ បើគិត​ចាប់តាំង​ពីខែកក្កដា​ឆ្នាំ​២០១៤មក​ បន្ទាប់ពី​មាន​មនុស្ស​២៩៨នាក់​បានស្លាប់ក្រោយ​ពេល​​យន្ត​ហោះម៉ាឡេស៊ីជើងហោះហើរលេខ​ MH17 ត្រូវបានបាញ់ទម្លាក់ពីលើតំបន់​ភាគខាងកើត​ប្រទេស​អ៊ុយក្រែន៕​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *