ទំព័រដើម / ព័ត៌មានសំខាន់ៗ / ឯ.ឧ ហ៊ុន ម៉ាណែត សំដែងការដឹងគុណ និងបន្តខិតខំជួយថែរក្សាអតីតយុទ្ធជន

ឯ.ឧ ហ៊ុន ម៉ាណែត សំដែងការដឹងគុណ និងបន្តខិតខំជួយថែរក្សាអតីតយុទ្ធជន

 

ភ្នំពេញ៖ឯ.ឧ ហ៊ុន ម៉ាណែត សំដែងនូវការដឹងគុណ និងបន្តខិតខំជួយថែរក្សាអតីតយុទ្ធជនដើម្បីជាការតបស្នងដល់គុណបំណាចដែលពួកគាត់បានលះបង់នូវអ្វីៗសព្វបែបយ៉ាងក្នុងបុព្វហេតុប្រទេសជាតិក្នុងពេលកន្លងមក។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូន យោធិនពិការ និង គ្រួសារ យោធិន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ស្ថិតក្នុង ភូមិស្នារតេជោ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃ ទី១២ មេសានេះ ឯ.ឧ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង ការដឹងគុណចំពោះអតីតយុទ្ធជនដែលបាន លះបង់ដ៏ធំធេង ក្នុងបុព្វហេតុការពារ ឯករាជ្យភាពបូរណភាពទឹកដីបានយ៉ាងគង់វង្ស ជូនជាតិមាតុភូមិរបស់យើង។

ឯ.ឧមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងនឹកដល់វីរភាពដ៍អង់អាចក្លាហានរបស់បងប្អូនយុទ្ធជនគ្រប់ពេលវេលា ហើយតែងបានយកចិត្តទុកដាក់គិតគូរលើជីវភាពការតម្លើងប្រាក់សោធនិវត្សន៍ ផ្តល់ដី សាងសង់ផ្ទះ លើសពីនេះក៍បានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនដោយផ្តល់ការព្យាលជំងឺមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនមួយចំនួនផងដែរ។

ឯ.ឧបានជំរាបដែរថា ថ្នាក់ដឹកនាំជាតិ ជាពិសេស សម្តេច តេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចតែងបានខិតខំរិះរកវិធីគ្រប់បែបយ៉ាង និងតែងតែគិតគូរជានិច្ច ដើម្បីធ្វើយ៉ាងណាលើកកម្ពស់កម្រិតជីវភាពយោធិន និងគ្រួសារកងទ័ព ក៏ដូចជាមន្ត្រីរាជការទូទៅ ព្រមទាំងយោធិនសោធន និងមន្ត្រីរាជការចូលនិវត្តន៍ តាមរយៈការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកងកម្លាំងប្រដាប់អាវុធ។

ឯ.ឧ បានគូសរំលេចអំពីការព្វកិច្ចរបស់កងទ័ព ដែលមានភារកិច្ចស្នូលសំខាន់របស់ខ្លួនគឺការការពារជាតិមាតុភូមិ ពីការរំលោភបំពានរបស់បរទេស ដោយមានការប្តេជ្ញាចិត្តយ៉ាងមោះមុត មិនអនុញ្ញាតិឲ្យប្រទេសណាមួយមកទន្ទ្រានលើអធិបតេយ្យភាពបូរណៈភាពទឹកដីរបស់យើងបានជាដាច់ខាត។

ឯកឧត្តមហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះសមត្ថភាព និងស្មារតីដ៍អង់អាចក្លាហានរបស់កងទ័ពខ្មែរនៅជំនាន់នេះ គឺដិតដាមដោយគំរូវីរៈភាពរបស់ កងទ័ពនៃជំនាន់ដូនតាយើង និងជំនាន់អ៊ំពូមីងជាវីរៈយោធិនគំរូ ដែលបានប្រយុទ្ធ និងកសាងសន្តិភាពដោយការលំបាកបំផុតជូនប្រទេសជាតិ។

ឯ.ឧ ក៍បានអំពាវនាវផងដែរ ដល់បងប្អូន យោធិនពិការ និងក្រុមគ្រួសារយោធិនពិការទាំងអស់ បន្តចូលរួម ការពារសុខសន្តិភាព ការពារស្ថេរភាពសង្គម និងសន្តិសុខជាតិ ឲ្យបានរឹងមាំ ដើម្បីជំរុញដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចំរើនទៅមុខ៕ អត្ថបទប្រាក់ សុវណ្ណតារា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *