ទំព័រដើម / កីឡា / Arsenal និង Atletico Madrid ឡើងទៅវគ្គ៤ក្រុម Europa League ទោះស្មើ និងចាញ់

Arsenal និង Atletico Madrid ឡើងទៅវគ្គ៤ក្រុម Europa League ទោះស្មើ និងចាញ់

បាល់ទាត់ ៖ ទោះជាលទ្ធផលបានត្រឹមស្មើ ២-២ ជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ី CSKA Moscow ជំនួបជើងទី២វគ្គ៨ក្រុមចុងក្រោយ UEFA Europa League ក៏ Arsenal ត្រូវបន្តដំណើរ ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ​ ព្រោះសរុបលទ្ធផលទាំង២ក្រុមមកពីអង់គ្លេសឈ្នះ ៦-៣ រីឯ Atletico Madrid ទោះចាញ់ ០-១ ក្រៅទឹកដីក៏បានទៅវគ្គបន្តដូចគ្នា។

ការប្រកួតកាលពីយប់មិញ Arsenal ត្រូវបានម្ចាស់ផ្ទះនាំមុខរហូតដល់២គ្រាប់មុននៅ​នាទី៣៩ ដោយកីឡាករ Fedor Chalov និងនាទី៥០ ដោយកីឡាករ Kirill Nababkin។ ចំណែក​២គ្រាប់ក្រុមលោក Arsene Wenger តាមស្មើវិញរកបានដោយកីឡាករ Danny Welbeck នាទី៧៥ និងគ្រាប់ទី២ដោយ Aaron Ramsey នាទី៩០ ហើយតាមរយៈជ័យជម្នះនេះនាំឲ្យ កាំភ្លើងធំ Arsenal ឡើងដល់វគ្គ៤ក្រុមចុងក្រោយជាលើក​ដំបូងចាប់តាំងពីរដូវកាល ២០០៨-២០០៩ ដែលកាលណោះលេងក្នុង Champions League។

ដោយឡែកក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid ទោះត្រូវចាញ់ម្ចាស់ផ្ទះព័រទុយហ្គាល់ Sporting Lisbon ០-១ ជើងទី២ក៏ដោយ ក៏បានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ព្រោះ បាន​យកឈ្នះ ២-០ កាលពីជើងទី១។ ១គ្រាប់ជ័យជម្នះរបស់ Sporting លើក្រុមលោក Diego Simeone កាលពីយប់មិញ រកបានដោយកីឡាករ Fredy Montero ក្នុងនាទី២៨ ទោះជាយ៉ាង ណា Atl-Madrid ប្រឹងទប់លទ្ធផលនេះដល់ចប់ការប្រកួត។

សូមបញ្ជាក់ថា ក្រៅពី​ Arsenal និង Atletico Madrid ក៏មាន២ក្រុមទៀតដែលបានឡើង​ទៅវគ្គបន្ត ដូចជា Marseille និង Salzburg ខណៈពិធីចាប់ឆ្នោតរកគូប្រកួតធ្វើឡើងនាថ្ងៃសុក្រ​ទី១៣ ខែមេសានេះ៕

Leave a Reply

Your email address will not be published. Required fields are marked *