ទំព័រដើម / កីឡា / Infantino ចាប់អារម្មណ៍បន្ថែមចំនួនក្រុម ក្នុងប្រកួតកម្មវិធី Club World Cup

Infantino ចាប់អារម្មណ៍បន្ថែមចំនួនក្រុម ក្នុងប្រកួតកម្មវិធី Club World Cup

នៅឯសមាជប្រចាំឆ្នាំរបស់សហព័ន្ធបាល់ពិភពលោក (FIFA) នាក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ប្រធានស្ថាប័ន  លោក Gianni Infantino ម្សិលមិញនេះ បាននិយាយថាក្រុមហ៊ុនជាច្រើន បានបង្ហាញការចាប់អារម្មណ៍គាំទ្រឱ្យមានការបន្ថែមចំនួនក្រុម ក្នុងប្រកួតកម្មវិធី FIFA Club World Cup

សេចក្ដីរាយការណ៍របស់កាសែត “New York Times” និង “Financial Times” ក្នុងសប្ដាហ៍នេះ បានឱ្យដឹងថាក្រុមអ្នកវិនិយោគ បានស្នើផ្ដល់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកកម្មវិធីប្រកួត Club World Cup យកមកកែលម្អឲ្យប្រសើរ និងធំជាងមុន ដោយអ្នកវិនិយោគទាំងនោះមកពីសហរដ្ឋអាមេរិក ចិន ជប៉ុន និងមជ្ឃិមបូព៌ា។

លោក Infantino បានប្រាប់ថា “តាំងពីពីរឆ្នាំមុនម្ល៉េះដែលយើងបានពិភាក្សាពី Club World Cup ព្រោះយើងចង់ឱ្យទទួលបានការចាប់អារម្មណ៍ជាងនេះ ជាពិសេសយើងចង់គោរពដល់កម្មវិធីប្រកួតលក្ខណៈអន្តរជាតិ ហើយនិងចង់ឱ្យការប្រកួតតិចជាងមុន ដើម្បីឱ្យកីឡាករមានពេលសម្រាក។ យើងកំពុងធ្វើការសិក្សាពីគម្រោងនេះជាមួយគ្រប់ភាគីទាំងអស់ ហើយវាជាសញ្ញាដ៏ល្អ​ ដែលក្រុមអ្នកវិនិយោគចាប់អារម្មណ៍”។

FIFA Club World Cup គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំឆ្នាំ ដែលមានការចូលរួមពីក្លិបបាល់ទាត់ទាំងអស់ចំនួន៧ ដោយ៦ក្រុមជាជើងឯកប្រចាំទ្វីបទាំង៦ និងមួយក្រុមទៀតជាម្ចាស់ផ្ទះ ហើយក្រុមទាំងនោះ ប្រកួតគ្នាក្នុងរូបមន្តចាញ់ធ្លាក់។

ជាមួយគ្នានេះ លោកប្រធាន FIFA ក៏ឱ្យដឹងដែរថាសហព័ន្ធកំពុងពិចារណានូវការស្នើរបស់ប្រធានសហព័ន្ធបាល់ទាត់អាមេរិកឡាទីន (CONMEBOL) លោក Alejandro Dominguez ដែលចង់ឱ្យបង្កើនចំនួនក្រុមពី៣២ ទៅ៤៨ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *