ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់របួសបាក់ភ្លៅព្រោះលាក់កាំភ្លើងAKជាប់ខ្លួនផ្ទុះពេលជិះម៉ូបុកគ្នា

បុរសម្នាក់របួសបាក់ភ្លៅព្រោះលាក់កាំភ្លើងAKជាប់ខ្លួនផ្ទុះពេលជិះម៉ូបុកគ្នា

ភ្នំពេញ៖កាំភ្លើងអាការមួយដើមបានធ្លាក់ចេញពីខ្លួនបុរសម្នាក់បន្ទាប់ពីជិះម៉ូតូ​ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្ចាស់អាវុធ​រងរបួសបាក់ភ្លៅកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៨​ត្រង់ចំណុចតាមបណ្តោយផ្លូវ៥២៨កែងនិងផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យខាងលើមានឈ្មោះ ចាន់ វិបុល ភេទប្រុស អាយុ២៥ឆ្នាំ ជាងទឹកភ្លើងនៅក្រុមហ៊ុនម៉ុងរិទ្ធី ស្នាក់នៅផ្ទះលេខ១៣១ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាក្សីពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាកុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង1D-8881 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៧ ក្នុងល្បឿនលឿន។

សាក្សីបន្តថា៖លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកក៏ជ្រុលទៅបុកជា​មួយនិងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥២៨ ក្នុងទិសដៅពីជើងទៅត្បូង។

បណ្តាលឲ្យជនសង្ស័យខាងលើរងរបួសបាក់ភ្លៅខាងស្តាំ រីឯម៉ូតូរងការខូចខាតវាចចង្កូត និងឃើញមានកាំភ្លើងអាការមួយដើមមានសភាពច្រេះចាប់និងមានគ្រាប់ពេញបង់ជ្រុះជិតខ្លួនជនសង្ស័យខាងលើ ចំណែកឯម៉ូតូឌ្រីមបានបើករត់គេចខ្លួនបាត់ស្រមោល។

បើកតាមសម្តីឆ្លើយសារភាពរបស់ជនសង្ស័យខាងលើបានអោយដឹងថានៅមុនពេលកើតហេតុគាត់បានជិះម៉ូតូទើបតែចេញមកពីផឹកស៉ីនៅផ្ទះរបស់ខ្លួនហើយបំណងជិះទៅផ្ទះរបស់ម្តាយនៅម្តុំទួលសង្កែ។

សាក្សីបន្តថាពេលដែលជិះមកដល់ក្បែរកន្លែងកើតហេតុគេក៏បានប្រទះឃើញកាំ​ភ្លើងអាការខាងលើនៅនិងដីតាមចិញ្ចើមផ្លូវ បន្ទាប់មកគេក៏បានរើសកាំភ្លើងនោះយកមកដាក់នៅខាងមុខម៉ូតូហើយក៏បានជិះបន្តដំណើរទៅខាងមុខទៀតដោយក្នុងលក្ខណៈភ័យស្លន់ស្លោរ ទើបបណ្តាលឲ្យគេជិះម៉ូតូទៅបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតតែម្តងទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានដឹកជនសង្ស័យខាងលើតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ។ ដោយឡែកកាំភ្លើងខាងលើរួមទាំងម៉ូតូរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ដើម្បីរងចាំធ្វើការស្រាវជ្រាវនិងសួរនាំជនសង្ស័យខាងលើនៅពេលក្រោយ៕សោល វ៉ាន់ណាល់

Leave a Reply

Your email address will not be published. Required fields are marked *