ទំព័រដើម / តុលាការ / តុលាការកំពូលតម្កល់ទោសអតីតមេឃុំគោករកា ភី ណុប ដាក់ពន្ធនាគារមួយជីវិត​នឹងបក្ខ៣នាក់​ករណីគប់គ្រាប់បែកនៅខណ្ឌសែន

តុលាការកំពូលតម្កល់ទោសអតីតមេឃុំគោករកា ភី ណុប ដាក់ពន្ធនាគារមួយជីវិត​នឹងបក្ខ៣នាក់​ករណីគប់គ្រាប់បែកនៅខណ្ឌសែន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨នេះចៅក្រមតុលាការកំពូលលោក សឹង បញ្ញាវុឌ្ឈ ជាប្រធាន ក្រុម​ប្រឹក្សាជំនុំជម្រះ បានសម្រេចប្រកាសសាដីកា លើសំណុំរឿងឃាតកម្មគិត ទុកជាមុនដែល មាន ជន​ជាប់​ចោទជាអតីតមេឃុំគោករកា ភី ណុប នឹងបក្ខ៣នាក់ ដោយសម្រេច គឺ​ទី១.បដិសេធបណ្តឹង សារ ទុក្ខ​របស់​​ជនជាប់ចោទនិង ទី២. តម្កល់សាដីកាសាលាឧទ្ធរណ៍នៅដែល។

សំណុំរឿងអតីតមេឃុំគោករកា ភី ណុប នឹងបក្ខ៣នាក់ទៀតពាក់ព័ន្ធករណីគប់​គ្រាប់​បែកនៅភូមិ​សែន​សុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឱ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់ និង៥នាក់រងរបួសធ្ងន់​ស្រាល កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៤ ។​

កាលព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០១៨ត្រូវបានតុលាការកំពូលយកមកបើកសវនាការ។នៅពេលសវនាការជនជាប់ចោទឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ បាននិយាយថាពាក់ព័ន្ធ​នឹងការប្តឹងសារទុក្ខ​មកតុលាការ​កំពូល​​នេះដោយសារខ្លួនបានដឹងកំហុសដែលខ្លួនបានធ្វើ ទើបប្តឹងមកតុលាការដើម្បីបន្ធូរបន្ថ​យទោស។​

ចំណែកជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន នឹងឈ្មោះ អេង បូលីន ក៏បានលើកឡើង​ដូច​គ្នាដែលពាក់​ព័ន្ធ​នឹងការប្តឹងមកតុលាការនេះ។ចំណែជនជាប់ចោទឈ្មោះ ភី ណុប អវត្តមាននៅពេលសវនាការ​ដោយ​សារ​តែមានបញ្ហាសុខភាពមិនអាចចូលរួមសវនសការបាន។

តំណាងឲ្យជនរងគ្រោះចំនួន៥នាក់ជនរងគ្រោះម្នាកឺលោក សន ស៊ិន បានស្នើសុំឲ្យតុលាការតម្កល់ទោស​ជនជាប់ចោទទាំង៤នាក់នេះនៅដដែល។សវនាការនេះកំបាំង​មុខជនជាប់ម្នាក់គឺលោក ភី ណុប អតីត​មេឃុំគោករកាមិនបានចូលរួមសវ​នា​ការព្រោះមានជម្ងឺ មិនត្រូវបាននាំខ្លួនមកសវនាការទេ។

គួររំលឹកថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានសម្រេចដូចគ្នា ដោយប្រកាស​សាល​ក្រម​នឹងសាដីកាផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធ​នាគារចន្លោះ​ពី៣០ឆ្នាំដល់មួយជីវិត ។

តុលាការ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ធ ហៅ ម៉ាប់ អាយុ២៨ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ពីបទ ផ្តើមគំនិតក្នុង​អំពើ​ឃាតកម្ម​គិតទុក្ខជាមុន និងឃាតកម្មគិតទុក្ខជាមុន។

ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធាន​សហ​គមន៍​អណ្តូង៦ និង ឈ្មោះ អេង បូលីន អាយុ២៨ឆ្នាំដាក់ពន្ធនាគារ​ម្នាក់ៗ៣០ឆ្នាំ ពីបទ សមគំនិតក្នុងអំពើឃាតកម្ម​គិត​ទុក្ខជាមុន។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *