ទំព័រដើម / ត្លុកកំប្លែង / រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ស្នើឱ្យម្ចាស់គម្រោងលំនៅឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន

រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ស្នើឱ្យម្ចាស់គម្រោងលំនៅឋានទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន

 

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើឱ្យម្ចាស់គម្រោងលំនៅឋាន និងបុរីទាំងអស់ សាងសង់ឱ្យមានបទដ្ឋានបច្ចេកទេស និងបរិស្ថានល្អ ដើម្បីជំរុញឱ្យការអភិវឌ្ឍ លំនៅឋានប្រកបដោយស្ដង់ដារខ្ពស់។

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ណែនាំឱ្យ គម្រោង សាងសង់លំនៅ ឋានទាំងអស់ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែក្នុងការអភិវឌ្ឍ ត្រូវយកចិត្តទុកដាក់ការ អភិវឌ្ឍលើវិស័យបរិស្ថាន កាកសំណល់រឹង រាវ ដោយចាប់ផ្ដើមពីគ្រួសារមួយ លំនៅឋានមួយ ទៅបណ្ដា បុរី និងលំនៅឋានផ្សេង ទៀតដែលកំពុងតែមានការអភិវឌ្ឍ ដើម្បីឱ្យបរិស្ថាន បានល្អ។

ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគម្រោងដឺផាម នាព្រឹកថ្ងៃទី០២ ខែឧសភា នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យម្ចាស់គម្រោងលំនៅឋានមិនត្រូវកុំបង្ហូរកាកសំណល់វត្ថុរឹង រាវ ចូលទៅបំពង់លូធំ និងមិន បានធ្វើប្រព្រឹត្ដកម្មទឹកឱ្យមានលក្ខណៈស្ដង់ដារ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាប់ផ្ដើមរៀបចំ ការសម្អាតចេញពីក្រុម គ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ហើយលំនៅឋានដែលបានសាង់សង់មុនៗ ក៏ធ្វើដូចនេះដែរ និងលំនៅឋានក្រោយៗនេះ​ ក៏ត្រូវរៀបចំឱ្យមានបរិស្ថានល្អ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកវើលប្រ៊ីដលែន ដែលអភិវឌ្ឍន៍គម្រោង ដឺផាម បានបញ្ជាក់ថា គម្រោង ដឺផាមនេះ គឺជារបស់ក្រុមហ៊ុន Oxley Emerald Cambodia ដោយសហការវិនិយោគជាមួយ ក្រុមហ៊ុន មកពីប្រទេសសិង្ហបុរីក្នុងទឹកប្រាក់វិនិយោគសរុប១០០លានដុល្លារ ដែលមានសាងសង់អគារ ប្រភេទវីឡា កូនកាត់ អគារភូមិគ្រឹះបែបលំហែរកាយដែលមានគុណភាព សុវត្ថិភាព និងផាសុកភាពជូន អតិថិជន និងស្របតាមបទដ្ឋានជាតិ និងអន្ដរជាតិ។ លោកឧកញ៉ាបានសន្យាថា គម្រោងអភិវឌ្ឍន៍ លំនៅឋាននេះ ក្រុមហ៊ុននឹងខិតខំសហការជាមួយក្រុមហ៊ុនអ្នកម៉ៅការសាងសង់ដោយរៀបចំ និងអនុ វត្ដន៍គម្រោងឱ្យមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងបរិស្ថានល្អ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ វិស័យសំណង់មានទឹកប្រាក់ប្រមាណ៦.៤០០លានដុល្លារ គឺកើនឡើង ២១.៨៤ភាគរយ បើប្រៀបធៀបកាលពីឆ្នាំ២០១៦ គឺមានទឹកប្រាក់៥.៥៧៩លានដុល្លារអាម៉េរិក និងបាន ផ្ដល់ការងារដល់យុវជនប្រមាណជាង២៦ម៉ឺននាក់។ កាលពីឆ្នាំ២០១៧ មានលំនៅឋានចំនួនជិត៥៣ម៉ឺន ខ្នង គឺកើនឡើង១៦០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺមានតែ៣៩៣៥ខ្នងតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ គម្រោងដែលពាក់ព័ន្ធជាមួយនឹងការសាងសង់ ការសិក្សាលើប្លង់នៅក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួន១.០៣៧ក្រុមហ៊ុន និងក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយនឹងការសាងសង់៩៥៩ក្រុមហ៊ុន៕អត្ថបទ៖ ប៉ូ សុផានិត

Leave a Reply

Your email address will not be published. Required fields are marked *