ទំព័រដើម / ធនាគារ / មនុស្សជាង៣លាន៣សែនស្លាប់ដោយសារគឿងស្រវឹង

មនុស្សជាង៣លាន៣សែនស្លាប់ដោយសារគឿងស្រវឹង

ភ្នំពេញ៖ក្រុមអ្នកស្រាវជ្រាវ រកឃើញថា ការប្រើប្រើស់គ្រឿងស្រវឹងជាមូលហេតុចំបងនាំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ ,បង្ករ​​អំពើហិង្សា​ក្នុងសង្គម និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

គ្រឿងស្រវឹងជាផលិតផលដែលមានគ្រោះថ្នាក់ធ្វើអោយមនុស្សនៅលើពិភពលោកស្លាប់៣.៣លាននាក់ក្នុងមួយឆ្នាំ និងបង្កអោយមានជំងឺប្រមាណ២០០មុខ។

ការសេពគ្រឿងស្រវឹងជាមូលហេតុធ្វើអោយគ្រោះថ្នាក់ភ្លាមៗដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សាក្នុង​គ្រួសារ ការរំលោភបំពាន។ល។រីឯការសេពគ្រឿងស្រវឹងរយៈពេលកំនត់មួយ នឹងនាំអោយកើតជំងឺធ្ងន់​​ធ្ងរ​រហូតបាត់បង់ជីវិតបន្ថែមពីនេះទៀតការសេពគ្រឿងស្រវឹងក៏ជាមូលហេតុនៃវិបត្តិសេដ្ឋកិច្ចគ្រួសារផងដែរ។

យោងតាមលទ្ធផលនៃការស្ទង់មតិប្រជាពលរដ្ឋស្តីពីគ្រឿងស្រវឹងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអោយដឹងថាប្រជាពលរដ្ឋកម្ពុជា៩១%ចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹងក្នុងវ័យយុវជននិងកុមារ(អាយុចន្លោះពី ៨ដល់៣៤ឆ្នាំ)។ ប្រជាជនកម្ពុជាបានទទួលរងឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ហើយជាង៩៨%នៃពួកគេបានជួបប្រទះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងរយៈពេល៣០ថ្ងៃចុងក្រោយក្នុងទំរង់ផ្សេងៗដូចជាតាមរយៈផ្ទាំងរូបភាព ផ្ទាំងប៉ាណូ និងផ្ទាំងបដាជាង៩០%។
ការផ្សាយពាណិជ្ជកម្ម និងការផ្សាយលើកទឹកចិត្តប្រជាជនអោយសេពគ្រឿងស្រវឹង គឺជាមូល​​ហេតុ​​ចម្បង​ដែលទាក់​អារម្មណ៍ប្រជាជនដែលសេពស្រាប់ អោយសេពកាន់តែច្រើន ហើយជំរុញទឹកចិត្ត​​អ្នកមិនចេះ​​សេព​​អោយសាកល្បងសេពគ្រឿងស្រវឹងជាពិសេសស្ត្រី យុវជន និងកុមារ។

យោងតាមទិន្ន័យរបស់ CMH Monitoring Apបានអោយដឹងថា ក្នុងមួយខណ្ឌទួលគោក​​មានការផ្សាយ​​ពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងតិច 618កន្លែង ក្នុងនោះរួមមានការផ្សាយពាណិ​​ជ្ជកម្មគ្រឿង​​ស្រវឹងតាមរយៈប៉ាណូ បដា ផ្ទាំងរូបភាព ផ្លាកយីហោរបស់ហាង និងឆ័ត្រជាដើម នៅតាមបណ្តា​​ទីតាំង​មួយចំនួន​ដូចជា ភោជនីយដ្ឋាន ក្លឹបកីឡា កន្លែងលក់គ្រឿងទេស ខារ៉ាអូខេ តាមដងផ្លូវ និងកន្លែងដទៃៗ​ទៀត តែអ្វីដែលហួសចិត្តនោះគឺនៅក្បែរសាលារៀន។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាបានអោយដឹងថា ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំ ប្រើប្រាស់គ្រឿងស្រវឹង​​(គិតជាជាតិ​​អាកុលសុទ្ធ)​​មានការកើនឡើង ពី៤,៦លីត្រក្នុងមនុស្សម្នាក់ទៅ ៥,៥លីត្រក្នុងមនុស្សម្នាក់ដោយគិត​​ក្នុងចន្លោះឆ្នាំ​ពី២០០៥​ ដល់ ២០១០។

ការកើនឡើងនៃការសេពគ្រឿងស្រវឹងនៅកម្ពុជានាំអោយបញ្ហាសង្គមជាច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ ជំងឺរាប់រយមុខ អំពើហិង្សា ការខាតបង់ថវិកា ការបោះបង់ការសិក្សា ដែលជាកត្តា​ដែលរារាំង​​ដល់ការ​អភិវឌ្ឍន៍​​ប្រទេសជាតិ និងធនធានមនុស្ស ជាក់ស្តែងកម្ពុជាបានខាតបង់ថវិការ៤៤​លានដុល្លាអាមេរិក​​នៅឆ្នាំ​២០១១ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះប្រទេសកម្ពុជាគួរតែមានវិធានការជាក់លាក់ណាមួយដើម្បីរឹតត្បិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងបច្ចុប្បន្ននេះក្នុងការកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាអោយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ដែល របស់អង្គការសហប្រជាជាតិដែលកម្ពុជាក៏ជាសមាជិក៕

អត្ថបទ៖ ចេម ហួត

Leave a Reply

Your email address will not be published. Required fields are marked *