ទំព័រដើម / តុលាការ / ចៅក្រមស៊ើបសួរចេញដីកាឲ្យនាំខ្លួនជនត្រូវចោទលោកឡាយ ណារិទ្ធមកសាកសួរបន្ថែមរឿងឃាតកម្ម​

ចៅក្រមស៊ើបសួរចេញដីកាឲ្យនាំខ្លួនជនត្រូវចោទលោកឡាយ ណារិទ្ធមកសាកសួរបន្ថែមរឿងឃាតកម្ម​

ភ្នំពេញ​៖​បើមិនមានអ្វីប្រែប្រួលទេស្អែកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ កូយ​ សៅ​ បានចេញដីកាបញ្ជាឲ្យអនុរ័ក្សពន្ធនាគារព្រៃសម១នាំខ្លួនជនត្រូវចោទឡាយ ណារិទ្ធ មកសាកសួរបន្ថែមរឿងឃាត​កម្ម​សម្លាប់​អ្នកស្រី ចេវ​ សុវឌ្ឍនា​ ។

កាលពីព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨បានចេញដីកាបញ្ជាឲ្យអនុរ័ក្សពន្ធនាគារព្រៃសម១នាំខ្លួនអ្នកបំរើម្នាក់មកសាកសួរបន្ថែមលើករណី​លាក់បាំងតម្រុយ រឿងឃាតកម្ម​សម្លាប់​អ្នកស្រី ចេវ​ សុវឌ្ឍនា។

សូមជម្រាបថាកាលព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៨ម្សិលមិញនេះលោចៅក្រមក៏បានចេញដីកាបញ្ជាឲ្យអនុរ័ក្សពន្ធនាគារព្រៃសម១នាំខ្លួនអតីតតាកុងឡានលោក​ ឡាយ​ វណ្ណៈមកសាកសួរបន្ថែមលើករណី​លាក់បាំងតម្រុយ រឿងឃាតកម្ម​សម្លាប់​អ្នកស្រី ចេវ​ សុវឌ្ឍនា​។

កាលពីល្ងាច​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក​ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ បក្ខពួក​៣នាក់​ទៀត​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។ ចំណែក​មនុស្ស​ពីរនាក់​ទៀត​ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ព្រោះ​មិន​ជាប់​ពាក់ព័ន្ធ​ ។

លោក​ លី​ សុផាន់ណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានថ្លែង​ថា​ អយ្យការបានសម្រេចបើកការស៊ើបសួរដោយ​ចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ​និងឈ្មោះ ឡាយ ណារិទ្ធ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចោទប្រកាន់ទៅលើឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទទាំង៤នាក់រួមមាន៖ ទី១.លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតា​កែវ​,ទី២លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ ទី៣.ឈ្មោះ ម៉េន សាម៉ៃ ​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ​វណ្ណៈ និង​ទី៤.ឈ្មោះ ជឹម វុធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង​ ចេ​វ ​សុ​វ​ឌ្ឍ​នា​។

ចំណែកមនុស្សពីរនាក់ទៀតត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ​ចាន់ ​រី ​ភេទ​ស្រី ​និងឈ្មោះ ​តាក់ ​រតនា ​ជា​អ្នកបើក​ឡាន​ឱ្យ​​លោក ​ឡាយ ​ណា​រិ​ទ្ធ។

ជនត្រូវចោទលោក​ ឡាយ វណ្ណៈ មានអាយុ៤៥ឆ្នាំ និង​ លោក​ ឡាយ​ ណារិទ្ធ​ មានអាយុ​៤៦ឆ្នាំ​ ជាប់​ចោទពីបទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់​រកា​ក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា​១៩៩ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និង​ ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុសអាយុ៤១ឆ្នាំ​ជាប់​ចោទពីបទ​លាក់បំបាំងតម្រុយ​ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិ​ផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ​ ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *