ទំព័រដើម / ព័ត៌មានសំខាន់ៗ / កូរ៉េខាងជើងលុបចោលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងនិងព្រមានសហរដ្ឋអាមេរិក

កូរ៉េខាងជើងលុបចោលកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងនិងព្រមានសហរដ្ឋអាមេរិក

ក្រុងព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង​បានលុបចោល​​កិច្ចពិភាក្សាដ៏​សំខាន់ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃពុធនេះ​ ជា​មួយ​កូរ៉េខាងត្បូង​​និង​ព្រមាន​សហរដ្ឋអាមេរិកថា ជំនួបកំពូលជាមួយលោកដូណាល់ ត្រាំ អាចមានការប្រែប្រួល​ ដោយ​សារ​ខឹងនឹង​​សម​យុទ្ធយោធា​រួម​គ្នា​រវាង​សហរដ្ឋអាមេ​រិកនិងកូរ៉េខាងត្បូង។​​

​យោងតាម​ទីភ្នាក់ងារព័ត៌មាន​ KCNA ដែលជាទីភ្នាក់ងារ​ព័ត៌មានផ្លូវការ​របស់​កូរ៉េខាង​ជើង​បាន​ឲ្យដឹង​​ថា ​រដ្ឋាភិ​បាលក្រុងព្យុងយ៉ាងបានសម្រេច​លុបចោ​ល​កិច្ចពិ​ភាក្សាដ៏សំខាន់​នេះ ដោយសារមើលឃើញថា ​សមយុទ្ធយោ​ធារួមគ្នានេះ​ គឺជាសម​យុទ្ធបង្កជម្លោះ​ និង​ជា​ការ​ហ្វឹក​ហាត់​​សម្រាប់​ការឈ្លានពាន។​

​កូរ៉េខាងជើង​ក៏បានព្រមានសហរដ្ឋអាមេរិក​ ជុំវិញវាសនា​នៃជំនួបកំពូល​លក្ខណៈប្រវត្តិសាស្ត្ររវាង​លោក​គីម ជុងអ៊ុន​ និងលោកប្រធានាធិបតីដូណាល់ ត្រាំ​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី​១២ ខែមិថុនា នៅក្នុ​ង​ប្រទេ​ស​សិង្ហបុរីផងដែរ។​

ទោះជាយ៉ាងណា​ សហរដ្ឋអាមេរិក​​នៅតែ​លើកឡើងថា ​​ខ្លួន​កំពុងតែ​បន្តរៀបចំ​សម្រា​ប់​​ជំនួបកំពូលនេះ​ ហើយថា ខ្លួនមិនដឹង​ពីការកែប្រែប្រួលណាមួយនៃជំហរ​រប​ស់កូ​រ៉េខា​ងជើងទេ។​​

និយាយជារួម​ កិច្ចពិភាក្សា​ដែលកូរ៉េខាងជើងនិងខាងត្បូងគ្រោងធ្វើឡើងនៅក្នុងថ្ងៃពុធនេះ​ នៅ​ភូមិ​មានបទឈប់​បាញ់​ Panmunjom គឺដើម្បីបន្តពិភាក្សាលម្អិតពី​ចំណុចដែល​ប្រទេស​ទាំង​ពីរបានឯកភាព​អំឡុង​ជំនួបកំពូលកាលពីថ្ងៃទី​២៧ខែមេសា ​ក្នុងនោះរួមមានដូចការ​រំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ​និង​ការប្រែក្លាយតំបន់មានបទឈប់បាញ់នេះ​ ដែលបញ្ចប់សង្គ្រាមកូរ៉េនៅ​ឆ្នាំ​១៩៥៣ ទៅជា​សន្ធិ​សញ្ញា​សន្តិភាព​ជាដើម។​​​

កូរ៉េខាងជើងតែងតែសំដែងការខឹងសម្បារចំពោះសមយុទ្ធរួមគ្នារវាង​កូរ៉េខាងត្បូ​ងនិង​ស​ហរដ្ឋអាមេរិក​ ប៉ុន្តែ​ប្រទេសសម្ព័ន្ធមិត្តទាំងពីរនេះ​បានអះអាងដដែលៗថា ​សម​យុទ្ធរួមគ្នានេះ​​គ្មានបំណងអ្វីផ្សេង​ក្រៅ​ពីការ​ការ​ពារ​ជាតិទេ ​និង​ផ្អែកលើកិច្ច​ព្រមព្រៀងការពារជាតិដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងឆ្នាំ​១៩៥៣។​

ស្របពេលដំណាលគ្នានេះ​ អ្នកនាំ​ពាក្យក្រ​សួងបង្រួម​បង្រួមជាតិកូរ៉េខា​ងត្បូងបាន​លើ​កឡើ​ងថា ​ការ​សម្រេច​ចិត្ត​ឯកតោភាគីរបស់កូរ៉េខាងជើង​ ​ដោយសា​រ​យកបញ្ហា​ធ្វើស​​ម​យុទ្ធរួមគ្នាជាមូលហេតុ ​គឺជា​រឿង​គួរឲ្យសោកស្តាយ ​និងមិនស្របតាម​ស្មារតីនៃ​សេចក្តីថ្លែងការណ៍រួមអំ​ឡុងជំនួបកំពូលនៅភូមិ​ Panmunjom នោះឡើយ ហើយថានឹងមានការបញ្ជូនលិខិតផ្លូវការមួយទៅកូរ៉េខាងជើង​ដើម្បី​​​ឲ្យ​ប្ររទេសនេះ​ ​វិល​មកពិភាក្សាគ្នាវិញ​ឆាប់ៗ៕

Leave a Reply

Your email address will not be published. Required fields are marked *