ទំព័រដើម / ព័ត៌មានសំខាន់ៗ / មនុស្សយ៉ាងតិច១៨នាក់ស្លាប់ក្នុងហេតុការណ៍បាក់ស្ពានអាកាសនៅឥណ្ឌា

មនុស្សយ៉ាងតិច១៨នាក់ស្លាប់ក្នុងហេតុការណ៍បាក់ស្ពានអាកាសនៅឥណ្ឌា

រដ្ឋ Uttar Pradesh៖ ​មនុស្សយ៉ាងតិច​១៨នាក់បានស្លាប់​ និងមួយចំនួនទៀតជាប់​នៅក្រោមបំណែកថ្ម​​ បន្ទាប់ពី​ស្ថាន​អាកាសដែលកំពុងស្ថិតក្រោមការសាងសង់​បានបាក់ស្រុតអស់មួយផ្នែក​នៅក្នុងក្រុង​ Varanasi ប្រទេសឥណ្ឌា។​

យោងតាមលោក ​ Amit Kumar មន្ត្រីនគរបាលជាន់ខ្ពស់ប្រចាំក្រុង​​​​ Varanasi បាន​ឲ្យ​ដឹងថា ​ធ្នឹម​ប្រវែងប្រហែល​២០ម៉ែត្រ​ដែលទើបតែភ្ជាប់ជាមួយ​ស្ពានអាកាស​​បាន​បាក់​ចុះ​មក​ក្រោ​ម​​កាលពី​ម្សិល​មិញ​ដោយ​សង្កត់លើរថយន្តមួយចំនួន​និងអ្ន​ក​ថ្មើ​ជើងជាច្រើន​នាក់។​ ​​

​លោក ​ Amit Kumar បានបន្ថែមថា រថយន្តស្ទួចចំនួន​៧គ្រឿង​ត្រូវបានបញ្ជូន​ដើម្បី​លើកធ្នឹមចេញ ​ប៉ុន្តែ​ក្រុមការងារ​បានចំណាយពេល​រហូតដល់មេឃងងឹតទើ​បអា​ចយក​ជនរងគ្រោះ​​ចេញ​មកក្រៅបានខ្លះ ហើយថា ​ការស៊ើបអង្កេត​លើហេតុ​ការណ៍បាក់​ស្រុតនេះ​​កំ​ពុងបន្ត​​ ខណៈ​មិនទាន់មាន​ការចាប់ខ្លួនណា​មួយនៅឡើ​យទេរហូត​មកទល់ពេលនេះ។​

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយនៅក្នុងប្រទេស​ឥណ្ឌា ​បាន​រាយការណ៍ថា ​តួ​លេខ​អ្នកស្លាប់​អាចកើន​ឡើងលើសពី​១៨នាក់ ​ព្រោះនៅមាន​មនុស្សមួយចំនួន​ជាប់នៅក្រោម​​បំណែ​កថ្មនៅឡើយ។​

ទីក្រុង​ Varanasi ​ដែលជាមណ្ឌលបោះឆ្នោត​​របស់លោកនាយករដ្ឋមន្ត្រី​ Narendra Modi គឺជាទីក្រុង​ដែលមានមនុស្សច្រើនបំផុតនៅក្នុងរដ្ឋ​ Uttar Pradesh និងជាតំបន់​ដ៏មានប្រជាប្រិ​យ​ភាពសម្រាប់​អ្នក​ទេសចរនិងអ្នក​ធម្មយាត្រា។​

លោកនាយករដ្ឋមន្ត្រី ​ Narendra Modi បានលើកឡើងនៅលើទំព័រ​ Twitter ថា ​លោ​កមាន​សោកស្តា​យ​​និងតក់ស្លុត​យ៉ាងខ្លាំង ​បន្ទាប់ពីដឹងថា មានមនុស្ស​បាត់បង់ជីវិ​តយ៉ាងច្រើន​បែប​នេះ ​និ​ង​បាន​ចេញបទបញ្ជា​ឲ្យ​មន្ត្រី​នៅក្នុងរដ្ឋ​ Uttar Pradesh ខិតខំអស់​ពីលទ្ធភាពដើម្បី​ជួយជនរងគ្រោះ៕​

Leave a Reply

Your email address will not be published. Required fields are marked *