ទំព័រដើម / កីឡា / រវាង Atletico Madrid និង Marseille ក្រុមណាជាម្ចាស់ពាន Europa League?

រវាង Atletico Madrid និង Marseille ក្រុមណាជាម្ចាស់ពាន Europa League?

គ្រូបង្វឹកក្រុម Atletico Madrid របស់អេស្ប៉ាញ លោក Diego Simeone បានធ្វើការទាយទុកថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League រវាងក្រុមលោក និង Olympique Marseille របស់បារាំង នឹងក្លាយជាការប្រកួតដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខាន ព្រោះក្រុមទាំងពីរមានកម្រិតប្រហាក់ប្រហែលគ្នា។

សម្ដីរបស់បុរសអាហ្សង់ទីននេះ កើតមាននៅឯសន្និសីទសារព័ត៌មាន មុនការប្រកួតដ៏ធំដែលនឹងកើតឡើងនៅយប់នេះ នាទឹកដី Stade de Lyon ខណៈក្នុងប្រកួតផ្ដាច់ព្រ័ត្រនេះ អ្នកចាត់ទូទៅវ័យ៤៨ឆ្នាំ បានត្រឹមតែអង្គុយមើលកូនក្រុមខ្លួនពីចម្ងាយប៉ុណ្ណោះ ដោយសារជាប់ពិន័យ អំឡុងប្រកួតជាមួយ Arsenal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១។

Atletico គឺជាក្រុមធ្លាក់មកពីក្របខ័ណ្ឌទី១របស់អឺរ៉ុប UEFA Champions League ក្រោយបញ្ចប់វគ្គសន្សំតាមពូល បានត្រឹមលេខ៣ ដោយនៅពីក្រោម Chelsea និង Roma តែនៅ Europa League នេះ ធ្វើបានយ៉ាងល្អ រហូតបានឆ្លងចូលដល់វគ្គដណ្ដើមពាននេះ ដោយបានទម្លាក់ក្រុមខ្លាំងៗមួយចំនួន ក្នុងនោះគួរឱ្យចាប់អារម្មណ៍ជាងគេ គឺឈ្នះក្រុម Arsenal ក្នុងវគ្គ៤ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលទាំងពីរជើង ២-១។

ចំណែកខាង Marseille វិញ សម្រាប់ការប្រកួតយប់នេះ គ្រូបង្វឹករបស់ក្រុម លោក Rudi Garcia បានជំរុញឱ្យកូនក្រុមរបស់ខ្លួនប្រឹងប្រែងធ្វើយ៉ាងណាយកជ័យជម្នះឱ្យបាន ព្រោះនេះជាលើកដំបូងហើយ ដែលក្រុមមានទីតាំងនៅក្រុងធំលំដាប់ទី២របស់បារាំងមួយនេះ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅអឺរ៉ុប រយៈពេល២៥ឆ្នាំ គិតតាំងពីឈ្នះពាន Champions League រដូវកាល ១៩៩២-១៩៩៣។

ក្រុមទាំងពីរ មានតែ Atletico Madrid ទេ ដែលធ្លាប់លើកពាន Europa League នេះ បានចំនួន២ដង គឺក្នុងឆ្នាំ២០១០ និង២០១២ ខណៈ Olympique Marseille មិនទាន់ស្គាល់រសជាតិប៉ះពាននេះនៅឡើយទេ។ ជំនួបចុងក្រោយនៃក្រុមទាំងពីរ កើតមានកាលពីឆ្នាំ២០០៨ ក្នុងវគ្គសន្សំពិន្ទុតាមពូល នៅទឹកដី Marseille បានបញ្ចប់ទៅក្នុងលទ្ធផល ០-០៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *