ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាដាក់ផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយអស់ត្រឹមឆ្នាំ២០២៥

កម្ពុជាដាក់ផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយអស់ត្រឹមឆ្នាំ២០២៥

ភ្នំពេញ: អាជ្ញាធរជាតិមីនកម្ពុជា ដាក់ផែនការយុទ្ធសាស្រ្តជាតិ ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម អោយអស់ពីលើទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ អោយស្របទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីបើកសន្និបាតជាតិវិស័យសកម្មភាពមីនឆ្ពោះ ទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទី នៃទីស្តីការគណៈរដ្ឋមន្រ្តីថ្លែងថា៖ “ផែនការនេះ គឺបានរៀបចំឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស និងជាការចូលរួមពីបរិយាកាសនៃវិស័យសកម្មភាពលើសកលលោកផងដែរ”។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ស្ថានភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ នៅកម្ពុជា មានសភាពស្មុគ្រស្មាញយ៉ាងខ្លំាង។ គ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម នៅតែមានរ៉ាយប៉ាយពាសពេញប្រទេសកម្ពុជា និងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តមបន្តថា ដើម្បីទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីននេះ កម្ពុជាបានព្យាករណ៍ថា ខ្លួនត្រូវការថវិកាប្រមាណ៤០៦លានដុល្លាអាមេរិក។
ចំពោះបញ្ហាមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញា​ធរមីន​កម្ពុជា ថ្លែងថា “រយៈពេល២៥ឆ្នាំមកនេះ ប្រទេសកម្ពុជា បានសម្រេចជោគជ័យ ដ៏ធំធេងក្នុងការរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះ និងបានកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយសារមីនយ៉ាងច្រើនផងដែរ”។ ឯកឧត្តមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧ ផ្ទៃដីទំហំ១៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល។ មីនចំនួនប្រមាណ១,២៥លានគ្រាប់ និងសំណល់ជាតិផ្ទុះប្រមាណ២,៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។
ឯកឧត្តម នាយឧត្តមសេនី ថ្លែងបន្តថា មានការប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល២០០០គីឡូម៉ែត្រក្រឡានៅមានមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមនៅឡើយ។ តែយ៉ាងណាក៏ដោយ គឺកម្ពុជាមានជំនឿថា ប្រតិបត្តិករដោះមីនរបស់ខ្លួន មានសមត្ថភាពនឹងអាចរំដោះតំបន់ទាំងអស់នោះ ដែលដឹងថាមានមីនប្រឆាំងមនុស្ស នៅត្រឹមឆ្នាំ២០២៥។
គួរបញ្ជាក់អោយដឹងដែរថា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧ មានអ្នកស្លាប់និងរងរបួសដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម មានចំនួន៦៤៦៨៨នាក់៕ដោយៈ វ៉េង សំបូរ៖រូបភាពៈ សៅ ផានី

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *