ទំព័រដើម / ព័ត៌មានជាតិ / ទឹកប្រាក់សរុបចំនួនជាង៣៣៥លានរៀលត្រូវបានចំណាយសម្រាប់ការអភិវឌ្ឍន៍ឃុំស្រែអំបិលនិងឃុំដងពែងខេត្តកោះកុង

ទឹកប្រាក់សរុបចំនួនជាង៣៣៥លានរៀលត្រូវបានចំណាយសម្រាប់ការអភិវឌ្ឍន៍ឃុំស្រែអំបិលនិងឃុំដងពែងខេត្តកោះកុង

ភ្នំពេញ: ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ជាមួយរាជរាជរដ្ឋាភិបាលកម្ពុជា អោយមានការរីកចំរើនបន្តទៀត លោក លី សាម៉េត ដោយសារមានសេចក្តីស្រលាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ចជាមួយសម្តេច តេជោ ហ៊ុន សែន បានចំណាយថវិកាផ្ទាល់ខ្លួនជាង៣៣៥លានរៀល ធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ នៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ការចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋាន នៅស្រុកស្រែអំបិល ខេត្តកោះកុងនេះ លោក លី សាម៉េត មានប្រសាសន៍នាពេលថ្មីៗនេះថា “នេះជាការចូលរួមចំណែកមួយភាគជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រទេសឈានមកការរីកចំរើនដូចសព្វថ្ងៃនេះ”។
លោកមានប្រសាសន៍ទៀតថា ថវិកាជាង៣៣៥លានរៀលនេះ គឺចូលរួមអភិវឌ្ឍន៍ ទៅលើ វិស័យអាណាចក្រ និងពុទ្ធចក្រ រួមមានដូចជា សាងសង់ស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល អស់ថវិកា១២លានរៀល, នាំថវិកាជាង៥០លានរៀលដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តសាមគ្គីគីរីទ័ពជាង ក្នុងឃុំដងពែងដើម្បីកសាងផ្លូវចំងាយជាង២៥០ម៉ែត្រឡើងទៅកាន់ព្រះវិហារ, នាំថវិកាជាង៥០លានរៀល ដោយផ្តើមអង្គកឋិនទានដង្ហែរចូលវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល ដើម្បីរៀបការ៉ូឡាជុំវិញព្រះវិហារ, បាននាំមកនូវថវិកាផ្ទាល់ខ្លូនចូលរួមកសាងសមទ្ធផលនានាក្នុងវត្តមាគ៌ាគីរីស្រែអំបិលចំនួន៤លានរៀល និងវត្តសាលាម្នាងចំនួន៤លានរៀល និងនាំមកនូវថវិកាផ្ទាល់ខ្លួនចំនួនជាង១៤លានរៀល ដើម្បីចាក់ដីគ្រួសក្រហមចំងាយជាង១៥០ម៉ែត្រចូលវត្តមាគ៌ាគីរីស្រែអំបិល, ជួយចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង អស់ថវិកា២លានរៀល, បានផ្តល់ ថវិកា៣លានរៀល ដើម្បីចាក់ដីគ្រួសក្រហមឆ្លងកាត់ប្រឡាយ ចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្ករភាពងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀន។
លោក លី សាម៉េត បញ្ជាក់អោយដឹងទៀតថា ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួមចែកអំណោយផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួនជិត៧០០គ្រួសារ និងសិស្សា នុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិល សរុបថវិកាជាង១៩២លានរៀល និងបានចែកជូនប្រជាពលរដ្ឋដែលក្រីក្រគ្មានអ្នកទីពឹង និងប្រជាជនមានជំងឺប្រចាំកាយចំនួន៨គ្រួសារ អស់ថវិកា៣លាន២០ម៉ឺនរៀលផងដែរ។
លោក កែវ សុខមេឃុំស្រែអំបិល តំណាងអោយប្រជាពលរដ្ឋក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានថ្លែងអំណរគុណដល់ លោក លី សាម៉េត បានចំណាយនូវធនធានផ្ទាល់ខ្លួនដើម្បីចូលរួមធ្វើការអភិវឌ្ឍន៍នៅភូមិឃុំស្រែអំបិលនេះ។ លោកមេឃុំបានអោយដឹងបន្ថែមថា អ្នកឧកញ៉ា ពិតជាបានចូលរួមចំណែកមួយយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្លូវ ចូលសាលារៀន កសាងផ្លូវចូលទីអារ៉ាម និងកសាងនូវសមទ្ធផលជាច្រើនទៀត។

ជាមួយគ្នា កាលពី ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ លោក លី សាម៉េត បានជួយកសាងប៉ុស្តិ៍រដ្ឋបាលដងពែង អសើថវិកា ៥០០ដុល្លាអាមេរិក។
ការដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ឃុំស្រែអំបិល និងឃុំដងពែងនេះ លោក លី សាម៉េត បានបញ្ជាក់ នឹងមានការចូលរួមជាបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបច្ចុប្បន្នប្រទេសកម្ពុជា ពិតជាមានសន្តិភាពពេញលេញនៅទូទាំងប្រទេស ហើយកំណើនសេដ្ឋកិច្ចគឺមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់៧%ផងដែរ៕ដោយៈ វ៉េង សំបូរ៖

Leave a Reply

Your email address will not be published. Required fields are marked *