ទំព័រដើម / កីឡា / Matej Mohoric ឈ្នះដំណាក់កាលទី១០ កម្មវិធី Giro d’Italia

Matej Mohoric ឈ្នះដំណាក់កាលទី១០ កម្មវិធី Giro d’Italia

កីឡាករប្រណាំងកង់អាជីពសញ្ជាតិស្លូវេនី Matej Mohoric ជាអ្នកទៅដល់ទីព្រ័ត្រមុនគេ ដំណាក់កាលទី១០នៃកម្មវិធី Giro d’Italia 2018 ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី កាលពីម្សិលមិញ តែអ្នកនាំមុខក្នុងតារាងថិរវេលារួម គឺនៅតែ Simon Yates ដដែល។

ការប្រណាំងកាលពីម្សិលមិញ ដែលមានចម្ងាយផ្លូវ២៤៤គ.ម ពី Penne ទៅ Gualdo Tadino អ្នកជិះឱ្យក្រុម Bahrain-Merida បានចំណាយពេល ៦ម៉ោង ៤នាទី និង៥២នាទី ពោលគឺកង់របស់គេទៅជាន់បន្ទាត់ជ័យមុនកីឡាករអាល្លឺម៉ង់ Nico Denz របស់ក្រុម AG2R La Mondiale ដែលមកដល់ជាមួយនឹងថិរវេលាដូចគ្នា។ លេខ៣ ជារបស់កីឡាករអៀរឡង់ Sam Bennett របស់ក្រុម Bora–Hansgrohe​ ដល់ទីយឺតជាងលេខ១ ចំនួន៣៤វិនាទី។

តែទោះជាយ៉ាងណាក្រោយបញ្ចប់ការប្រណាំងបាន១០ដំណាក់កាល សម្រាប់កម្មវិធី Giro d’Italia 2018 អ្នកនៅលើគេក្នុងតារាងថិរវេលារួម នៅតែជាកីឡាករអង់គ្លេស Simon Yates របស់ក្រុម Mitchelton–Scott​ ដោយមានថិរវេលារួម ៤៣ម៉ោង ៤២នាទី និង៣៨វិនាទី ពោលគឺនាំមុខអ្នកលេខ២ កីឡាករហូឡង់ Tom Dumoulin របស់ក្រុម Team Sunweb​ ៤១វិនាទី​ និងនាំមុខអ្នកលេខ៣ កីឡាករបារាំង Thibaut Pinot របស់ក្រុម Groupama–FDJ ៤៦វិនាទី៕

Leave a Reply

Your email address will not be published. Required fields are marked *