ទំព័រដើម / កីឡា / Neuer មាន តែអត់ Goetze ក្នុងបញ្ជីឈ្មោះបឋមរបស់អាល្លឺម៉ង់ ខណៈស៊ុយអែតបង្ហាញហើយ ២៣នាក់ សម្រាប់ World Cup នៅរុស្ស៊ី

Neuer មាន តែអត់ Goetze ក្នុងបញ្ជីឈ្មោះបឋមរបស់អាល្លឺម៉ង់ ខណៈស៊ុយអែតបង្ហាញហើយ ២៣នាក់ សម្រាប់ World Cup នៅរុស្ស៊ី

Manuel Neuer អ្នកចាំទីលំដាប់លេខ១របស់ក្រុម Bayern Munich ក៏មាននៅក្នុងបញ្ជីឈ្មោះបឋមរបស់អាល្លឺម៉ង់ដែរ បើទោះខកខានចូលទីលានប្រកួតតាំងពីខែកញ្ញា ខណៈអ្នកស៊ុតឱ្យក្រុមឥន្ទ្រីដែកឈ្នះ World Cup ចុងក្រោយ Mario Goetze មិនត្រូវបានដាក់បញ្ចូលនោះទេ។

អ្នកចាំទីវ័យ៣២ឆ្នាំ មានរបួសបាក់ឆ្អឹងប្រអប់ជើងយ៉ាងយូរ ហើយទើបតែចូលហ្វឹកហាត់បានប៉ុន្មានថ្ងៃនេះទេ តែគ្រូបង្វឹកលោក Joachim Loew បានសម្រេចនាំរូបគេទៅកន្លែងហ្វឹកហាត់នាតំបន់ភ្នំ Alps ជាមួយអ្នកចាំទី៣នាក់ផ្សេងទៀតដែរ។ ផ្ទុយទៅវិញ ខ្សែបម្រើ Goetze បែរជាត្រូវលោក Loew ដកចេញ បើទោះគេជាវីរបុរសកាលពី World Cup ឆ្នាំ២០១៤ ក៏ដោយ ព្រោះប្រហែលលោកយល់ឃើញថារដូវកាលនេះ នៅជាមួយក្រុម Borussia Dortmund រូបគេមិនសូវបានបង្ហាញខ្លួនញឹកញាប់ ក្នុងជម្រើស១១នាក់ដំបូង។

ដោយឡែកខ្សែបម្រើ Mesut Ozil របស់ក្រុម Arsenal ដែលកន្លងមកមានព័ត៌មានថាអាចនឹងមិនមានវត្តមាន នៅរុស្ស៊ីនោះ ក៏មានឈ្មោះដែរ ក្នុងចំណោមខ្សែបម្រើផ្សេងទៀត មានដូចជា Marco Reus, Ilkay Gundogan, Leroy Sane និង Thomas Muller ជាដើម។ តែយ៉ាងណានេះគ្រាន់តែជាបញ្ជីឈ្មោះបឋមប៉ុណ្ណោះ អ្វីៗអាចនឹងប្រែប្រួលនៅពេលគ្រូបង្វឹកសម្រេចប្រកាសកីឡាករទាំង២៣នាក់ផ្លូវការ។

រីឯក្រុមជម្រើសជាតិស៊ុយអែតវិញ កាលពីម្សិលមិញ នាក្រុងស្តុកខុល គ្រូបង្វឹកលោក Janne Andersson បានប្រកាសឈ្មោះកីឡាករទាំង២៣នាក់ផ្លូវការហើយ ខណៈសហព័ន្ធបាល់ទាត់របស់ជាតិស្ងាត់ស្ងៀមមិននិយាយដល់អតីតប្រធានក្រុម Zlatan Ibrahimovic ដែលនឹងទូរុស្ស៊ី ក្នុងនាមជាអ្នកគាំទ្រម្នាក់។

កីឡាករទាំង២៣នាក់នេះ ត្រូវបានជ្រើសចេញពីក្លិបអាជីពតូចធំជាច្រើន ដោយភាគច្រើនពីក្រុមនៅតំបន់អឺរ៉ុបតែម្ដង ក្នុងនោះក៏មានវត្តមានខ្សែការពារ Victor Lindelof របស់បិសាចក្រហម Manchester United និង Emil Forsberg របស់ RB Leipzig ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *