ទំព័រដើម / ព័ត៌មានសំខាន់ៗ / សេតវិមានថា លោក ដូណាល់ ត្រាំនៅតែត្រៀមខ្លួនសម្រាប់ជំនួបកំពូលជាមួយលោកគីម ជុងអ៊ុន

សេតវិមានថា លោក ដូណាល់ ត្រាំនៅតែត្រៀមខ្លួនសម្រាប់ជំនួបកំពូលជាមួយលោកគីម ជុងអ៊ុន

សហរដ្ឋអាមេរិក៖ សេតវិមានបានលើកឡើងថា លោក​ដូណាល់ ត្រាំ​នៅតែត្រៀមខ្លួន​សម្រាប់​ ជំនួប​កំពូលជា​​មួយលោកគីម ជុងអ៊ុន​ នៅ​ក្នុង​ប្រ​ទេស​​​​​សិង្ហ​​បុរី​​នៅថ្ងៃទី​១២ ខែមិថុនា ​នឹងកើតមានឡើង ទោះបីកូរ៉េ​ខាងជើង​គំរាម​លុបចោល​ក៏ដោយ។​​

អ្នកនាំពាក្យសេតវិមាន​បានលើកឡើងថា ​​លោកប្រធានាធិបតីដូណាល់ ត្រាំ ​នៅតែ​ត្រៀម​ខ្លួន​រួចជា​ស្រេច ​ទោះបីជា​លោក​បានមា​នប្រសា​សន៍​ថា លោកមិនច្បាស់ទេថា តើ​ជំនួបកំពូល​ដែល​គ្រោងធ្វើ​ឡើងជា​មួយ​លោ​ក គីម ជុងអ៊ុន ​នឹងនៅតែមានដំណើរការ​ឬក៏អត់ក៏ដោយ​​។​

ពេលសួរថា តើជំនួបកំពូលនឹង​នៅតែមានដំណើរឬយ៉ាងណានោះ ​លោក ដូណាល់ ត្រាំ បាន​ប្រាប់​អ្នកយកព័ត៌​មាននៅ​​វិមានពងក្រពើថា ​“យើង​ត្រូវតែរង់ចាំមើលសិន​ មិនទាន់មានការសម្រេចទេ ​ហើយ​​​យើង​មិន​ទាន់ទទួលបានការបញ្ជាក់អ្វីទាំងអស់ ​យើងមិនទាន់បាន​ឃើញ​​ឬឮ​អ្វីមួយ​នៅឡើយទេ”។​​

ប៉ុន្មានម៉ោងមុនប្រសាសន៍របស់លោក ដូណាល់ ត្រាំ​ ​​កូរ៉េខាងជើង​បាន​ចេញ​សេចក្តីថ្លែងការណ៍​​ពោ​​ពេញដោយកំហឹងមួយដោយលើកឡើងថា ​ខ្លួន​នឹង​លុបចោលជំនួបកំពូលនេះ ​​ប្រសិនបើ​សហ​រដ្ឋអាមេរិក​នៅ​តែ​បន្តធ្វើសមយុទ្ធយោធា​រួមគ្នាជាមួយ​កូរ៉េខាងត្បូង​ និង​ទទូច​ដដែលៗ​​​ឲ្យ​រដ្ឋាភិ​បាល​ក្រុងព្យុង​យ៉ាង​បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្ទាន់នោះ​។​

 

លោកស្រី ​ Sarah Sanders អ្នកនាំពាក្យសេតវិមាន​បានលើកឡើងបន្តថា ​សហ​រដ្ឋអា​មេរិកនៅ​តែ​មាន​​សង្ឃឹម​ ​ហើយលោកដូណាល់ ត្រាំ​ នៅតែ​ត្រៀ​មខ្លួនចូលរួម​ បើជំនួបកំពូលកើតមានឡើង​ ហើយ​​ប្រសិន​​បើមិន​កើត​មានឡើងទេ ​សហរដ្ឋអាមេរិកនឹង​បន្ត​ដាក់សម្ពាធលើកូរ៉េខាងជើង​ឲ្យ​បានខ្លាំងបំផុត។​​

 

អំឡុងកិច្ចសម្ភាស​​កាលពីចុងសប្តាហ៍​ ​លោក ​ John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក​បានលើកឡើងថា​ កូរ៉េខាងជើងគួរតែយកគំរូតាមប្រទេសលីប៊ី​​ ដែលបានបោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន ជាថ្នូរ​នឹង​ជំនួយសេដ្ឋកិច្ច​ ​និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនងធម្ម​តាវិញ​ជាមួយសហរដ្ឋអាមេរិក​។​

តែទោះជាយ៉ាងណា​ អំឡុងការងើបឡើងបះបោរប្រឆាំងនឹងរបស់លោក ​ Muammar Gaddafi កាលពីឆ្នាំ​២០១១ ​មហាអំណា​ចប្រទេសលោ​កខាងលិចបា​នចូលធ្វើអន្ត​រាគ​មន៍​ដោយគាំទ្រខាងក្រុ​មបះបោរ ​ហើយបន្ទាប់មកលោក Gaddafi ត្រូវគេចាប់ខ្លួនរួចសម្លាប់ ដោយធ្វើឲ្យ​ប្រទេស​លីប៊ីធ្លាក់​ចូលភាពចលា​ចលរហូត​មកទល់ពេលសព្វថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *