ទំព័រដើម / ព័ត៌មានសំខាន់ៗ / នគរបាលម៉ាឡេស៊ីរឹបអូសកាបូប និងវត្ថុផ្ទាល់ខ្លួនផ្សេងៗទៀតពីលំនៅដ្ឋានរបស់លោក Najib Razak

នគរបាលម៉ាឡេស៊ីរឹបអូសកាបូប និងវត្ថុផ្ទាល់ខ្លួនផ្សេងៗទៀតពីលំនៅដ្ឋានរបស់លោក Najib Razak

ម៉ាឡេស៊ី៖ នគរបាលម៉ាឡេស៊ី ​បានរឹបអូស​កាបូប​និង​វត្ថុផ្ទាល់ខ្លួន​ផ្សេង​ៗមួយចំ​នួន​ទៀតពី​លំនៅដ្ឋានរបស់លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ នៅក្នុងការស៊ើបអង្កេតពាក់ព័ន្ធការលាងលុយ។​

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅម៉ាឡេស៊ីបាន​ឲ្យដឹងថា ​មាន​នគរ​​បាល​ប្រដាប់អាវុធ​យ៉ាង​តិចជាង​​១០នាក់​បានចូល​ទៅឆែកឆេរ​ក្នុង​ផ្ទះ​​របស់​លោក ​ Najib Razak កាលពីយប់ម្សិលមិញ ​ក្រោយ​ពេល​​​លោក​ត្រឡប់ពី​សូត្រធម៌ថ្វាយបង្គំ​នៅព្រះវិហារវិញ​។​

ការឆែកឆេរនេះមានរយៈពេល​ជាង​៦ម៉ោង ​ដោយអំឡុងពេ​លនោះគេ​ឃើញ​​​មន្ត្រីនគរបាល​បានយក​​ថង់​​ធំៗ​ចូលទៅក្នុងផ្ទះ​​ ​ហើយ​ក្រោយ​មកបានយកថង់​ទាំងនោះចេញមកវិញរួច​ដាក់​បញ្ជូល​ទៅក្នុង​រថយន្ត។​​

 

មេធាវីរបស់លោក​ Najib Razak ឈ្មោះ ​ Harpal Singh Grewal បានប្រាប់អ្នក​ព័ត៌មាន​ថា នគ​របាល​បាន​រឹបអូស​យក​វត្ថុផ្ទាល់ខ្លួនមួយចំនួន​ ក្នុងនោះ​​មានកា​បូ​ប​ចំនួន​​​ពីរផងដែរ ​ហើយថា ការឆែកឆេរនេះ​ទំនង​ជា​​​អនុវត្តតាមច្បាប់​ស្តីពីការលាងលុយ ​ប៉ុន្តែនគរបាលរកមិនឃើញ​ភស្តុតាងដែល​អាច​ដាក់បន្ទុកបាន​នោះទេ។​

​សម្ព័ន្ធគណបក្សកាន់អំណាចរាប់ទសវត្សរិ៍​របស់លោក ​ Najib Razak ​បានចាញ់នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​​កាលពីសប្តាហ៍មុន​ ហើយប៉ុន្មានថ្ងៃក្រោយមកស្រាប់តែ​នាយករដ្ឋមន្ត្រីថ្មីគឺលោក ​ Mahathir Mohamad ​បានចេញបទបញ្ជារារាំង​​លោក និងភរិយាឈ្មោះ ​ Rosmah Mansor មិន​ឲ្យចាកចេញ​ពី​ប្រ​ទេសម៉ា​ឡេស៊ីតែម្តង។​

លោក Mahathir Mohamad អាយុ​៩២ឆ្នាំ បានលើកឡើងថា ​រដ្ឋាភិបាលថ្មី​មានភស្តុតាងគ្រប់គ្រាន់​នៅ​ក្នុងការស៊ើប​អង្កេត​រឿងអាស្រូវពុករលួយទាក់ទិនប្រាក់រាប់ពាន់លានដុល្លារ​​នៅក្នុង​មូលនិធិអភិវឌ្ឍន៍ 1MDB ដែលបង្កើតឡើងដោយលោក ​ Najib Razak។​

 

ដោយឡែកបើនិយាយពាក់ព័ន្ធនឹងលោក ​ Anwar Ibrahim ​អ្នកនយោបាយ​ទាមទារកំណែទម្រង់វ័យ​៧០​ឆ្នាំ​​ដែលជាប់ពន្ធនគារ​ម្តងហើយម្តងទៀត​ជុំវិញរឿងអាស្រូវ​ផ្លូវភេទនិង​ពុករលួយនោះ ​ត្រូវ​បានដោះ​លែង​ឲ្យ​មានសេរីភាពវិញហើយកាលពីម្សិល​ក្រោយ​ទទួលបាន​ការព្រះរាជ​ទានលើក​លែងទោស​ពេញលេញ​ និង​​បានអំពាវនាវ​ឲ្យ​​អ្នកគាំទ្ររូបលោក ​គាំទ្រ​​លោកនាយករដ្ឋមន្ត្រី​ Mahathir Mohamad ពេញទំហឹង ដោយមិនគិតពីរឿងអតីតដែលនាយករដ្ឋមន្ត្រីរូបនេះ​ធ្លាប់​ចាប់​លោកដាក់​ពន្ធនាគារនោះ​ឡើយ​៕​​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *