ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋ​​ដែលស្លាប់ដោយរន្ទះបាញ់ នៅទូទាំងប្រទេស​ ក្នុងរយៈពេល​១៧ថ្ងៃ​ក្នុង​ខែ​ឧស​ភាកើន​ឡើងចំនួន១៩នាក់ហើយ​​

ពលរដ្ឋ​​ដែលស្លាប់ដោយរន្ទះបាញ់ នៅទូទាំងប្រទេស​ ក្នុងរយៈពេល​១៧ថ្ងៃ​ក្នុង​ខែ​ឧស​ភាកើន​ឡើងចំនួន១៩នាក់ហើយ​​


របាយការណ៍​​របស់​គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួម​នឹងពត៌មាន​មកពីតាម​បណ្ដា​ខេត្ត​នានា ឱ្យដឹងថា​គិតចាប់តាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៧ខែ​ឧសភា​នេះ ​​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នក​​ស្លាប់​ដោយសារ​រន្ទះបាញ់ បានកើនឡើង​ដល់​១៩​នាក់​​ របួស២០​នាក់ ព្រមទាំងងាប់គោ ក្របីចំនួន២១​ក្បា​ល។​​​
​អ្នក​នាំពាក្យ​​គណកម្មាធិការជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ​ឯកឧត្តម​​កែវ វី មាន​ប្រសាសន៍​នៅ​​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​ទី១៧​ខែ​​ឧសភាថា​​៖ក្នុងរយៈពេល១៥ថ្ងៃ​នៃ​ខែឧសភា​នេះ បាតុ​ភូត​ធម្មជាតិ​មាន​ខ្យល់​កន្ត្រាក់​ ព្រម​ទាំង​រន្ទះបាញ់ បាន​កើត​មាន​ជាច្រើន​កន្លែង​ នៅតាម​បណ្ដាខេត្តភាគពាយ័​ព្យ​នៃ​ប្រទេស។​​
​អ្នកនាំពាក្យ​គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ​ដដែល​ បញ្ជាក់ថា​៖ចាប់តាំងពីថ្ងៃ​ទី១ ដល់ថ្ងៃទី១៥ ខែឧសភា​ មានពលរដ្ឋខ្មែរចំនួន​១៧នាក់​បានស្លាប់ដោយសាររន្ទះបាញ់​ ១៨នាក់​ផ្សេងទៀត​រងរបួស និងសត្វគោក្របី​ ងាប់ចំនួន១៩ក្បាល។​
ចំនួនអ្នករងគ្រោះនេះ​ ​មាន​នៅ​ខេត្ត​ព្រៃវែង ខេត្តប៉ៃលិន​ ខេត្តតាកែវ​ ខេត្តសៀមរាប បាត់ដំបង​​ខេត្តស្វាយរៀង កំពង់ចាម ខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ ពោធិសាត់​​និង​ខេត្តកំពង់ធំ។​
កាលពីព្រឹកថ្ងៃទី១៧ខែ​ឧសភា នៅ​ភូមិធ្នួសតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់​គឺខ្យល់កន្ត្រាក់​បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់៩ខ្នង ។​នៅភូមិបឹងឈូក ឃុំបឹងបត់កណ្ដោល ស្រុក​បាកានដែរ ពលរដ្ឋ​ម្នាក់បានស្លាប់​និងម្នាក់រងរបួស​ដោយសាររន្ទះ​បាញ់​។​
​នៅ​ឯភូមិ​​គោក​រាំង​ ឃុំ​មុខប៉ែន ស្រុកពួក​ខេត្តសៀមរាប ​ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់ទៀតរង​របួស​ ហើយ​នៅភូមិភ្លាំង ឃុំព្រៃជ្រូក ស្រុកពួកដដែល រន្ទះបាញ់ងាប់គោ​ចំនួន៣ក្បាល​និងឆ្កែ១ក្បា​ល​។ ជាមួយគ្នា​នេះដែរ នៅភូមិស្វាយជន្ទោ ឃុំព្រៃជ្រូក​ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះចំនួន២ខ្នង កាល​ពីថ្ងៃទី១៦​ខែ​ឧសភា​។​
ចំណែកនៅ​ឯក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យវិញ ខ្យល់កន្ត្រាក់​បានបំផ្លាញ​ផ្ទះប្រជាពលរដ្ឋអស់ចំនួន​៤ខ្នង។
របាយការណ៍ថ្មីៗ ឱ្យដឹងថា​ក្នុងរយៈពេល​១៧ថ្ងៃ​នៃ​ខែឧសភា​នេះ​ រ​ន្ទះ​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១៩នាក់​និង២០នាក់ផ្សេងទៀត​រង​របួស ព្រមទាំងសត្វគោ ក្របី​និងឆ្កែ​​​២២ក្បាល​បាន​ងាប់​។​ ចំ​ណែកខ្យល់​កន្ត្រាក់​បាន​បំផ្លាញផ្ទះ​សម្បែងចំនួន​១៣ខ្នង៕ដោយ៖ហង្ស សាវយុត​

Leave a Reply

Your email address will not be published. Required fields are marked *