ទំព័រដើម / កីឡា / Griezmann ពីរគ្រាប់ ពេល Atletico បំបាក់ក្រុមដ៏កំសត់ Marseille ៣-០

Griezmann ពីរគ្រាប់ ពេល Atletico បំបាក់ក្រុមដ៏កំសត់ Marseille ៣-០

ខ្សែប្រយុទ្ធ Antoine Griezmann ធ្វើបានសម្រេច២គ្រាប់ម្នាក់ឯង ក្នុងប្រកួតដែលក្រុមលំដាប់កំពូលអេស្ប៉ាញ Atletico Madrid ធ្វើបាបក្រុមដ៏កំសត់ Olympique de Marseille របស់បារាំង ដោយការយកឈ្នះជាមួយនឹងលទ្ធផល ៣-០ ដើម្បីលើកពានក្របខ័ណ្ឌ Europa League ជាលើកទី៣។

ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះ Atletico បានគ្រាប់បាល់នាំមុខ២គ្រាប់មុន ដោយសារគ្រាប់បាល់បើកឆាករបស់ Griezmann នៅនាទីទី២១ និង៤៩ ហើយបន្ទាប់មកបានគ្រាប់បាល់ជ័យជម្នះចុងក្រោយ នៅនាទីទី៨៩ ដែលបំប៉ោងសំណាញ់ទីដោយ Gabi

គ្រាន់តែក្រុមខ្លួនលើកពានក្របខ័ណ្ឌទី២របស់អឺរ៉ុបបង្ហាញភ្លាម មិនមែនតែអ្នកគាំទ្រដែលមកទស្សនាផ្ទាល់នៅកីឡដ្ឋាន Parc Olympique Lyonnais ហ៊ោកញ្ជ្រៀវត្រេកអរប៉ុណ្ណោះទេ តែអ្នកមើលតាមកញ្ចក់ទូរទស្សន៍ នៅក្រុងម៉ាឌ្រីដ ក៏៏មិនបានអង្គុយស្ងៀមមួយកន្លែងដែរ ដោយពួកគេទាំងនោះបាននាំគ្នាជួបជុំស្រែកច្រៀង រាំលេង បាញ់កាំជ្រួចដៃ នៅតាមដងផ្លូវយ៉ាងសប្បាយរីករាយ។

នេះជាការឈ្នះពាន Europa League លើកទី៣សម្រាប់ Atletico Madrid តែលើកទី២ ក្រោមការដឹកនាំរបស់លោក Diego Simeone ហើយបើគិតតាំងពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនចូលមកដឹកនាំ ក្នុងឆ្នាំ២០១១ គឺលោកជួយឱ្យក្រុមដែលធ្លាប់រងជើងឯក Champions League ពីរដងមួយនេះ ឈ្នះពានធំៗចំនួន៦ហើយ រួមមាន La Liga ១ដង (២០១៣-២០១៤) Copa del Rey ១ដង (២០១២-២០១៣) Supercopa de Espana ១ដង (២០១៤) UEFA Europa League ២ដង (២០១១-២០១២/២០១៧-២០១៨) និង UEFA Super Cup ១ដង (២០១២)៕

Leave a Reply

Your email address will not be published. Required fields are marked *