ទំព័រដើម / ព័ត៌មានជាតិ / ស្លាប់ម្នាក់របួសធ្ងន់ពីរនាក់ដោយសារម៉ូតូប៉ះគ្នាជ្រុលចូលរថយន្ត

ស្លាប់ម្នាក់របួសធ្ងន់ពីរនាក់ដោយសារម៉ូតូប៉ះគ្នាជ្រុលចូលរថយន្ត

ខេត្តកំពត: យុវជនម្នាក់បានស្លាប់ភ្លាមៗ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿងបុកគ្នា រួចជ្រុលចូលរថយន្តកំពុងធ្វើដំណើរលើដងផ្លូវតែមួយ។

ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តក្បែរកន្លែងកើតហេតុ។
លោក ស៊ូ វណ្ណាត នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ រួមមាន ១. ឈ្មោះ ឯម សីហា អាយុ ១៤ឆ្នាំ មានលំនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់នៅនឹងកន្លែង។ ២. ឈ្មោះ អៀង ណារី ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់។

៣. ឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

លោកនាយផ្នែកបានរៀបរាប់ថា កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៦ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣១ ក្នុងទឹកដីឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស រវាងម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿង។ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងធ្វើដំណើរដោយបុរសពីរនាក់ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតបើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើង រួចបុកគ្នាពេញទំហឹង។

លោស៊ូ វណ្ណាត បានញ្ជាក់ថា ជាមួយនឹងការប៉ះគ្នានោះ គេឃើញយុវជនដែលធ្វើដំណើរតែម្នាក់ឯងខ្ទាតធ្លាក់លើថ្នល់ ស្របពេលរថយន្តមួយគ្រឿងបើកមកដល់បានកិនបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ធ្ងរទើបសមត្ថកិច្ច និងអ្នកជិតខាងជួយជ្រោមជ្រែងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។ ដោយឡែកអ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តម៉ាកអ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-6385 នៅក្បែរកន្លែងកើតហេតុ៕
ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *