ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្រជាតិដើម្បីសម្រេចក្នុងការរំដោះ​មីន​ឲ្យអស់​ នៅ​ត្រឹម​​ឆ្នាំ២០២៥​ខាង​មុខ

កម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្រជាតិដើម្បីសម្រេចក្នុងការរំដោះ​មីន​ឲ្យអស់​ នៅ​ត្រឹម​​ឆ្នាំ២០២៥​ខាង​មុខ

ភ្នំពេញ៖កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់រយៈ​ពេល៨ឆ្នាំទៅមុខក្នុងការឈាន​ទៅ​សម្រេច​ ឲ្យបានក្នុងការរំដោះមីនឲ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។
សម្តេចតេជោហ៊ុន សែនបានប្រកាសដាក់ឲ្យដំណើរការនូវ​ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ នៅ​ក្នុងពិធី បិទសន្និបាតជាតិវិស័យសកម្មភាពមីន នៅវិ​មាន​សន្តិភាព​​​នារសៀល​ថ្ងៃទី១៧​ឧសភានេះ ដើម្បី​សម្រេច​ឲ្យ​បាននូវចក្ខុវិស័យ «ប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានមីន ការគំរាម​កំហែង​ដោយ​សារសំណល់ ជាតិ​ផ្ទុះ​ពីសង្គ្រាម​ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​ធន​ធានមនុស្ស ដែល​ប្រព្រឹត្តទៅ​ដោយ​សុខភាព»។
ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនដែលទើបបានប្រកាសដាក់ឲ្យដំណើរការនាពេលនេះ មានគោលដៅ​យុទ្ធ​សាស្ត្រចំ​នួន៨រួមមាន៖ ១៖រំដោះផ្ទៃដីដែលដឹងថាមានមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ២៖រំដោះផ្ទៃដីអាទិភាពដែលដឹងថាមានគ្រាប់បែកចង្កោមត្រឹមឆ្នាំ២០២៥
៣៖ដោះស្រាយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត ៤៖កាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យនៅកម្រិតអប្បបរមា ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ជនរងគ្រោះនិងសហគមន៍រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិ​ផ្ទុះ​ពីសង្គ្រាម ៥៖រួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ
៦៖ជំរុញនិសព្វាវុធ(ការធ្វើមិនឲ្យមានអាវុធ)និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិលើសកម្មភាពមីន ៧៖បង្កើតសមត្ថភាពជាតិប្រកបដោយនិរន្តរភាពដើម្បីដោះស្រាយបញ្ហាគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ ២០២៥ ៨៖ធានាថាវិស័យសកម្មភាពមីនមានប្រព័ន្ធគ្រប់គ្រងគុណភាពល្អប្រសើរនិងប្រព័ន្ធគ្រប់គ្រងព័ត៌មានប្រកបដោយប្រ សិទ្ធភាព និងដោយមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យយែនឌ័រ និងការការពារបរិស្ថាន។
ផែនការនេះបានបង្ហាញពីវិធីសាស្ត្រដែលកម្ពុជានឹងប្រើប្រាស់ដោះស្រាយបញ្ហាមីន និង​សំ​ណល់​ជាតិផ្ទុះពីសង្គ្រាម ជា​​​ពិសេសការរំដោះផ្ទៃដីដែលដឹងថា មានមីនប្រឆាំងមនុស្សឲ្យរួចរាល់នៅត្រឹមឆ្នាំ២០២៥ និងការ​រៀបចំខ្លួន ដើម្បី​ឆ្លើយ​តបការគំរាមកំហែងដែលនៅសេសសល់ក្រោយឆ្នាំ២០១៥។
ជាមួយគ្នានេះសម្តេចតេជោក៍បានបង្ហាញពីប្រតិកម្មចំពោះអ្នកដែលបានបកស្រាយថា គ្រាប់មីន​ដែលនៅសេសល់​ពី​សង្គ្រាមនៅក្នុងប្រទេសកម្ពុជា​រហូត​​មកដល់ពេលនេះបានស្អុយអស់ទៅហើយនោះ។​សម្តេចក៍​បានទាមទាឲ្យមាន​ការ​បកស្រាយឲ្យបានច្បាស់ឡើងវិញ​ដើម្បី​​​ជៀស​វាងការបាត់បង់ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋដែលនាំ​ទៅ​រក​ការគ្រោះថ្នាក់ដោយគ្រាប់មីន​តទៅទៀតនោះ។
សម្ដេចបានបន្ដថា៖ ខ្ញុំមិនច្បាស់ទេថា តើមានការបកស្រាយណាមួយដែលថាមីននៅកម្ពុជាស្អុយអស់ហើយនោះ ​។ បើសិនជាមានបញ្ហានេះមែន​ខ្ខុំស្នើឲ្យមានការបកស្រាយឲ្យបានច្បាស់… ថ្ងៃនេះក៍មានការផ្ទុះបន្តបន្ទាប់ រឿងនេះមិនមែនជារឿងសាមញ្ញពេកទេដែលទាមទាឲ្យមានការយល់ដឹង។) សម្តេចតេជោ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជ​រដ្ឋាភិបាល​ក្នុង​ការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាពមីននៅទូទាំងប្រទេស។
សម្តេចបន្តថា កិច្ចខិតខំប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីនពិតជាបានធ្វើឲ្យការរៀបចំផែនការ ការកំណត់អាទិភាព ការតម្រង់ទិស​ការ​ងារ​បោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងគោលដៅជាអាទិភាព នៃគោល​នយោ​បាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។
ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិវិស័យសកម្មភាពមីននេះកម្ពុជាបានព្យាការណ៍ថា ខ្លួនត្រូវការថវិកាប្រមាណ៤០៦លានដុល្លារ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែនក៍ បានអំពាវ​នាវដល់​សហគមន៍​ផ្តល់ជាជំនួយដៃគូរអភិវឌ្ឍ និងប្រទេសជាមិត្តបន្តជួយគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃ​គូឲ្យ​​កាន់តែ​ខ្លាំង​ក្លាជាមួយអាជ្ញាធរមីនលើគ្រប់រូបភាព។
ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥នេះ ក៏បានកត់សម្គាល់ផងដែរថា វិស័យសកម្មភាពមីន​នៅកម្ពុជាឈានដល់ចំណុចរបត់មួយយ៉ាងសំខាន់គឺការផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយអន្តរជាតិមកជាការប្រើប្រាស់ថវិកាក្នុងស្រុក។ ការថយចុះថវិកាអន្តរជាតិអាចមើលឃើញកាន់តែច្បាស់ ហើយត្រូវបានជំនួស​ជាបន្ត​បន្ទាប់ដោយ​ថវិកា​របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ីដែលប្រឈមបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ដែល​​ជាលទ្ធផលនៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយយ៉ាងយូរក្នុងប្រទេសនិងក្នុងតំបន់ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូត​​​ដល់ចុងឆ្នាំ១៩៩៨។
អាជ្ញាធរមីន បានឲ្យដឹងថា ស្ថានភាពទូទៅនៃបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានលក្ខណៈ​ស្មុគស្មាញ​យ៉ាង​ខ្លាំង បានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដល់មនុស្ស ប្រមាណ ៦ម៉ឺន៤ពាន់៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់​ឆ្នាំ​២០១៧ ដែលបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍ​ប្រទេស​ផងដែរ។
អាជ្ញាធរមីន បានឲ្យដឹងទៀតថា អស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានសម្រេច​ជោគ​ជ័យ​ដ៏ធំ​ធេង​ក្នុង​ការរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ផ្ទៃដីទំហំ ១ពាន់៧រយគីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់​យកទៅ​ប្រើ​ប្រាស់និងបង្កបង្កើនផល។ក្នុងនោះមីនប្រមាណ ១លាន២សែន៥ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ប្រ​មាណ ២លាន៧សែន​គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។
បើទោះបីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា បានទទួលស្គាល់ពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការដោះ​ស្រាយ​​​​​បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្តី ប៉ុន្តែផ្ទៃដីប្រមាណជាង ២ពាន់គីឡូម៉ែត្រក្រឡាផ្សេងទៀតកំពុងស្ថិត​ក្នុង​ការសង្ស័យថានៅមានមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ។ អាជ្ញាធរមីន បានបង្ហាញនូវក្តីរំពឹងថា កម្ពុជាមានសមត្ថភាពនឹងអាចរំដោះតំបន់ទាំងអស់ដែលដឹងថាមានមីន​ប្រឆាំង​មនុស្សនៅ​ត្រឹម​ឆ្នាំ២០២៥ខ។ ខាងមុខ តាមរយៈ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ដែលត្រូវ​បាន​ប្រកាស​ដាក់ចេញនាពេលនេះ៕ (អត្ថបទប្រាក់ សុវណ្ណតារា ​ រូបភាព អ៊ុក ប៊ុនរ៉ា)

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *