ទំព័រដើម / ព័ត៌មានជាតិ / សុខ ផល ​៖ ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជាមានជាង១០ម៉ឺននាក់តែបង់ពន្ឋ…

សុខ ផល ​៖ ជនបរទេសដែលកំពុងធ្វើការនៅកម្ពុជាមានជាង១០ម៉ឺននាក់តែបង់ពន្ឋ…

ភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានថ្លែងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះមានជនបរទេសប្រមាណជាង១០ម៉ឺននាក់ បានកំពុងធ្វើការនៅប្រទេសកម្ពុជា ហើយក្នុងនោះជិត៩ម៉ឺនម៉ឺននាក់ បានបង់ពន្ធចូលរដ្ឋ ខណៈអ្នកផ្សេងកំពុងរៀបចំឯកសារឲ្យពួកគេបង់ពន្ធ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីប្រគល់រថយន្តប្រមាណ៨គ្រឿង ដល់បណ្តាអង្គភាពសម្រាប់ចុះត្រួតពិនិត្យជនបរទេសតាមរោងចក្រសហគ្រាសនានា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានឲ្យដឹងថា នៅសល់ជនបរទេសជាច្រើនទៀតដែលកំពុងធ្វើការនៅតាមរោងចក្រសហគ្រាស និងក្រុមហ៊ុនមួយចំនួនដែលពួកគេមិនទាន់បង់ពន្ធចូលរដ្ឋ ។

ឯកឧត្តមបានបញ្ជាក់ថា «កាលពីឆ្នាម២០១៤ គឺមានពលករបរទេសដែលបង់ពន្ធឲ្យរដ្ឋគឺមាន៤ទៅ៥ពាន់នាក់ប៉ុណ្ណោះ ហើយរហូតមកដល់បច្ចុប្បន្ននេះអាចនិយាយបានថា ជិតដល់សែននាក់ ។ នេះសម្រាប់អ្នកបង់រួចកាលពីឆ្នាំ២០១៧ ហើយក្នុងម្នាក់ៗដែលពួកបរទេសត្រូវបង់នោះ គឺចំនួន៤០ម៉ឺនរៀលក្នុងមួយឆ្នាំ» 

យ៉ាងណាក៏ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានអះអាងទៀតថា ពួកបរទេសដែលពុំទាន់បង់ពន្ធចូលរដ្ឋនោះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការគ្នាជាមួយក្រសួងការងារកំពុងរៀបចំឯកសារសម្រាប់ឲ្យពួកគេបង់ពន្ធ ហើយប្រសិនបើពលករទាំងនោះពិនិត្យមើលទៅមានភាពធ្ងន់ធ្ងរ និងគ្មានឯកសារណាយោង នឹងត្រូវចាត់ការពួកគេតាមនីតិវិធីច្បាប់ហើយនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តមបានបញ្ជាក់ថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងចុះត្រួតពិនិត្យជនបរទេសទាំងអស់ដែលបានមកធ្វើការ និងវិនិយោគនៅប្រទេសកម្ពុជា ។ ពួកបរទេសទាំងនោះត្រូវមានប័ណ្ណការងារជាដាច់ខាត់បើមិនដូច្នេះទេ ពួកគេមិនអាចធ្វើការដោយស្របច្បាប់នៅកម្ពុជាបានបន្តទៀតនោះទេ ហើយក៏នឹងចាត់វិធានការទៅតាមច្បាប់អន្តោប្រវេសន៍ដូចជា បញ្ជូនទៅតុលាការ និងបន្ទាប់មកបណ្តេញចេញពីប្រទេសកម្ពុជាជាដើម» 

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល ក៏បានកោតសរសើរចំពោះមន្រ្តីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា នាពេលបច្ចុប្បន្ននេះបានអនុវត្តន៍ទៅតាមច្បាប់ច្រើនជាងមុន បើទោះបីជាតំបន់ខ្លះនៅមានភាពមិនប្រក្រតីនៅឡើយនោះ ។ ប៉ុន្តែ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានអំពាវនាវដល់មន្រ្តីទាំងអស់ត្រូវតែខិតខំអនុវត្តន៍ច្បាប់ឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល ។

ទាក់ទងនឹងជនអន្តោប្រវេសន៍នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានឲ្យដឹងផងដែរថា ក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយនេះ គឺមានជនបរទេសដែលពុំមានឯកសារត្រឹមត្រូវប្រមាណ២០ម៉ឺននាក់ ហើយចាប់ពីឆ្នាំ២០១៤មកមានជនបរទេសយ៉ាងតិចជិតមួយម៉ឺនប្រាំពាន់នាក់ មកពី៨៩សញ្ជាតិត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា ។

ថ្លែងនៅក្នុងពិធីប្រគល់នូវរថយន្តនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល ក៏បានជម្រុញឲ្យមន្រ្តីរបស់អគ្គនាយកដ្ឋានចុះត្រួតពិនិត្យនៅតាមសហគ្រាសខ្នាតតូចផងដែរ ដោយឯកឧត្តមបានលើកឡើងថាកុំមើលតែសហគ្រាស និងរោងចក្រធំៗ ខណៈសហគ្រាសខ្នាតតួចរាប់ម៉ឺនពុំដែលបានត្រួតពិនិត្យហើយត្រូវបានគេរាយការណ៍ពលករខុសច្បាប់កំពុងធ្វើការនៅទីនោះ ៕អត្ថបទ៖បូលីស

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *