ទំព័រដើម / តុលាការ / តម្កល់ទោសជនជាប់ចោទលោកសួន សេរីរដ្ឋា អតីតប្រធានបក្សអំណាចខ្មែរ

តម្កល់ទោសជនជាប់ចោទលោកសួន សេរីរដ្ឋា អតីតប្រធានបក្សអំណាចខ្មែរ

ភ្នំពេញ៖ ចៅក្រមតុលាការកំពូលសម្រេចតម្កល់ទោសលោកសួនសេរីរដ្ឋា​អតីត ប្រ​ធានគណបក្សអំណាចខ្មែរនៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨​លោកឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះតុលាការកំពូលបានសម្រេចប្រកាសសាលដីកាភ្លាមៗដោយសម្រេចបដិ​សេធ​សាទុក្ខរបស់ លោក សួន សេរីរដ្ឋា និងសម្រេចតំកល់សាលដីកា របស់សាលាឧទ្ទរណ៍ទុក្ខជាបានការដោយដាក់ពន្ធនាគារ៥ឆ្នាំដដែល។

នៅក្នុងពេលសវនាការនៅថ្ងៃទី១៨ខែឧសភានេះ លោក សួន សេរីរដ្ឋា បាន សារ​ភាពទទួលស្គាល់កំហុស​ថា ខ្លួន ពិតជា​បានសរសេរសារ នយោបាយផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនប្រាកដមែន។ លោកបន្តថា បន្ទាប់ ពីទទួល​ស្គាល់កំហុស លោកក៏បាន ចេញលិខិតសូមទោសជាសាធារណៈគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា​ផងដែរ។

កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេច​តំកល់សាលក្រម​ផ្តន្ទា​ទោស របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើអតីតប្រ​ធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ដដែល ក្រោយពីបានបើកសវនាការលើសំណុំរឿងនេះ។

សូមជម្រាបថា លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរ​សៀល​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចប្រកាស សាលក្រមផ្តន្ទា​ទោសប្រធានគណបក្ស  អំណាច​​ខ្មែរ លោកសួន សេរីរដ្ឋា ដាក់ពន្ធនាគារកំណត់ រយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់​ចំនួន​១០លាន​រៀលចូលជាថវិការដ្ឋ។

ជនជាប់ចោទត្រូវចោទពីបទ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្ម​ទណ្ឌ ២-បទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ៣-បទ ញុះញង់ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចផ្តន្ទាទោសបានធ្វើឡើង បន្ទាប់សំណុំរឿងនេះ ត្រូវបានចៅក្រមសាលាដំបូងរាជ​ធានី​ភ្នំពេញ លើកយកមក បើកសវនាការកាលពីល្ងាចថ្ងៃទី១៤ សីហា ឆ្នាំ២០១៧ កន្លងទៅ ។

ប៉ុន្តែសវនាការ​នោះ ត្រូវលើកពេលដោយលោក សួន សេរីរដ្ឋា ស្នើសុំរកមេធាវីការ​ពារក្តីអោយខ្លួន។ បន្ទាប់មក សំណុំរឿង នេះ​ត្រូវបានចៅក្រមសាលាដំបូង រាជធា​នីភ្នំពេញ លើកយក មកបន្តសវនាការនិងបញ្ចប់កាល​ពី​រសៀល​​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

លោកសួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃ ស្នងការដ្ឋាននគរ​បាលរា​ជធានី​ភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធនិងអង្គហេតុនៃការបង្ហោះ​សារជាសាធារ​ណៈលើផេកឈ្មោះ Soun Serey Ratha លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលសារនោះមានចរិត​បង្កគ្រោះថ្នាក់​ដល់វិស័យការពារជាតិ។

លិខិតមួយច្បាប់របស់ខ្លួនលោកសួន សេរីរដ្ឋាបានសរសេរជូនសម្តេចហ៊ុនសែននា​យករដ្ឋមន្រ្តីដោយបានសារភាពថាគាត់មានការសោកស្តាយដែលធ្វើឲ្យប៉ះពាល់កិត្តិយសសម្តេចតេជោនិងឧត្តមសេនីយ៍យោធាតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ដោយមិនបានគិតពិចារណាត្រឹមត្រូវ។លោកសួន សេរីរដ្ឋាបានសន្យាថាចាប់ពេលនេះតទៅនឹងមិនធ្វើអ្វីឲ្យប៉ះពាល់ឬនិយាយអ្វីប៉ះពាល់ដល់សម្តេចតេជោទៀតទេ។/

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *