ទំព័រដើម / ព័ត៌មានជាតិ / អ្នកភូមិច្រេសស្រុជុំគិរីអភិរក្សជំនាញផលិតឧបករណ៍នេសាទលក្ខណៈគ្រួសារ 

អ្នកភូមិច្រេសស្រុជុំគិរីអភិរក្សជំនាញផលិតឧបករណ៍នេសាទលក្ខណៈគ្រួសារ 

ខេត្តកំពត: ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិច្រេស ឃុំច្រេស ស្រុគជុំគិរី ខេត្តកំពតបាន និងកំពុងអភិរក្សនូវជំនាញផលិតឧបករណ៍នេសាទលក្ខណៈគ្រួសារដែលជាចំណេះបន្សល់ទុកពីដូនតា ទោះបីជាប្រាក់កម្រៃនៃផលិតផលនោះតិចតួចក្តី។

លោកស្រី ឃិន យេន អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី បានរៀបរាប់ថា អ្នកស្រីចេះធ្វើទ្រូលាវ ឈ្នាង និងអង្រុតដោយសារឪពុកបង្រៀនតាំងពីតូច។ ជំនាញទាំងនេះ អ្នកស្រីបន្តរក្សាដោយមិនបោះបង់ឡើយ។ ប៉ុន្តែដោយសារខ្វះកម្លាំងក្នុងការដើរបោចវល្លិ៍សម្រាប់ធ្វើឈ្នាង និងអង្រុត ពេលនេះអ្នកស្រីធ្វើតែទ្រូលាវមួយមុខប៉ុណ្ណោះ។

អ្នកជំនាញផលិតឧបករណ៍នេសាទបុរាណដដែលនេះ បានបន្តថា ទ្រូលាវដែលអ្នកស្រីកំពុងធ្វើគឺទិញឫស្សីដែលគេដឹកលក់ដល់ផ្ទះ និងប្រើខ្សែនីឡុងត្បាញជំ នួសឱ្យការប្រើវល្លិ៍ដែលអាចកាត់បន្ថយពេលវេលាក្នុងការដើររក។ តម្លៃទ្រូលាវអាស្រ័យលើរដូវកាល គឺ ខែប្រាំងទ្រូលាវមួយតម្លៃ៧.០០០រៀល ចំណែករដូវវស្សាអាចលក់បានពី១០.០០០រៀលទៅ១២.០០០រៀល។ ក្នុងមួយថ្ងៃអ្នកស្រីធ្វើបានតែមួយប៉ុណ្ណោះ។

អ្នកស្រី ឃិន យេន បានបញ្ជាក់ថា ពីមុនក្មេងៗក៏នាំគ្នាធ្វើដែរ តែឥឡូវពួកគេបោះបង់ចោលដោយរត់រកការងារផ្សេងបានកម្រៃច្រើនជាង។ និយាយរួមមានតែចាស់ៗទេដែលនៅធ្វើទ្រូលាវ អង្រុត និងឈ្នាង ទោះបីបានប្រាក់ត្រឹមរួចថ្លៃម្ហូបប្រចាំថ្ងៃក៏ដោយ។

អ្នកស្រី ឡាក់ អឿ អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើជាអ្នកធ្វើអង្រុតបានរៀបរាប់ថា ក្នុងមួយ ថ្ងៃអ្នកស្រីធ្វើអង្រុតបានមួយ ទោះបីប្រឹងយ៉ាងណាក៏មិនលើសនេះដែរ។ ពីមុនអាចធ្វើបានពី២ទៅ៣ តែ ឥឡូវលែងរហ័សរហួនហើយ សូម្បីវល្លិ៍សម្រាប់ត្បាញ និងកូនឈើធ្វើគ្រោងក៏ត្រូវពឹងកូនៗ ពេលពួកគេទំនេរពីការងារដែរ។

អ្នកស្រីបានប្រាប់ឱ្យដឹងទៀតថា រីឯឫស្សីគឺទិញពីគេ ដោយមួយដើម ២.០០០រៀល ហើយអាចធ្វើអង្រុតបានមួយ និងលក់តម្លៃ១០.០០០រៀល។

លោក ទុំ សាវុធ ប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកជុំគិរីបានប្រាប់ឱ្យដឹងថា ក្រៅពីឃុំច្រេស នៅស្រុកជុំគិរីមានពលរដ្ឋក្នុងឃុំស្រែសំរោងធ្វើទ្រូលាវ អង្រុត និងឈ្នាងប្រមាណពី៥ ទៅ៧គ្រួសារផ្សេងទៀតដែលរក្សាបាននូវចំណេះជំនាញនេះដែរ ពោលគឺស្រុកជុំគិរីអ្នកដែលប្រកបរបរផលិតឧបករណ៍នេសាទលក្ខណៈគ្រួសារនេះប្រមាណជាង២០គ្រួសារ។

ដោយសារតែចំណូលដែលបានមកពីរបរបន្ទាប់បន្សំនេះតិចតួច និងព្រួយបារម្ភពីការបាត់បង់ ក្នុងនាមជំនាញ លោកតែងចុះជួបជាមួយអ្នកជំនាញទាំងនោះដើម្បីណែនាំ និងរំលឹកបន្ថែមឱ្យមានការអភិរក្សកេរដំណែលដូនតានេះកុំឱ្យបាត់បង់៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *