ទំព័រដើម / ព័ត៌មានជាតិ / អង់គ្លេសស្នើឲ្យកម្ពុជាជួយផ្តល់បទពិសោធន៍ដល់ខ្លួនទាក់ទងនឹងការប្រយុទ្ធប្រឆាំងនិងជួញដូរសត្វព្រៃខុសច្បាប់

អង់គ្លេសស្នើឲ្យកម្ពុជាជួយផ្តល់បទពិសោធន៍ដល់ខ្លួនទាក់ទងនឹងការប្រយុទ្ធប្រឆាំងនិងជួញដូរសត្វព្រៃខុសច្បាប់

ភ្នំពេញ ៖ លោក Sam Meyers ប្រធានផ្នែកសេដ្ឋកិច្ចសាកល នៃក្រសួងការបរទេសអង់គ្លេស បានអញ្ជើញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅចូលរួមសន្និសីទ នៃការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនាពេលខាងមុខ ហើយក្នុងសន្និសីទនោះអង់គ្លេសស្នើឲ្យកម្ពុជាបង្ហាញបទពិសោធន៍មួយចំនួនទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃដល់ខ្លួន ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោក Sam Meyers បានលើកឡើងថា រដ្ឋាភិបាលអង់គ្លេសនឹងបើកសន្និសីទដ៏ធំមួយដើម្បីប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នាពេលខាងមុខនេះ ហើយនៅក្នុងសន្និសីទនេះលោកបានស្នើរឲ្យ សម្តេចក្រឡាហោម ស ខេង ជួយផ្តល់បទពិសោធន៍ផ្សេងនៃការទប់ស្កាត់ការជួញដូរសត្វព្រៃនេះ ។

លោក Sam Meyers បានបន្តថា សន្និសីទនេះគឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ពិភពលោកក្នុងការទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃនេះ ។

លោក Sam Meyers បានលើកឡើងថា «គោលបំណងធំនៃសន្និសីទនេះ គឺចង់ឲ្យភាគីកម្ពុជាចូលរួមនៅក្នុងសន្និសីទនោះ គឺដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមកទាំងលើការងារច្បាប់ និងកិច្ចសហប្រតិបត្តិការដែលកម្ពុជាមានជាមួយដៃគូផ្សេងៗក្នុងការងារប្រយុទ្ធប្រឆាំងនៃការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយនិងចង់ដឹងអំពីការអនុវត្តផ្សេងៗ ប្រកបដោយជោគជ័យរបស់ភាគីកម្ពុជាក្នុងការទប់ស្កាត់ឬក៏បំផ្លាញចោលនូវផ្លុកដំរីដែលនាំចូលពីអាហ្វ្រិកដែលកម្ពុជាចាប់បាននាពេលកន្លងមកជាដើម» 

ជាមួយគ្នានោះដែរ លោក Sam Meyers ក៏បានថ្លែងកោតសរសេរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទប់ស្កាត់ និងការពារសត្វព្រៃនាពេលកន្លងមកក៏ដូចជាអនាគត ។

ជាការឆ្លើតតប សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ជានិច្ចចំពោះសំណើររបស់ភាគីអង់គ្លេសដែលបានគោរពអញ្ជើញ សម្តេចឲ្យទៅចូលរួមសន្និសីទស្តីពីការទប់ស្កាត់ និងការជួញដូរនូវសត្វព្រៃ ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

សម្តេចក្រឡាហោម បានបន្តថា កម្ពុជារីករាយជានិច្ចចំពោះការស្នើសុំរបស់អង់គ្លេស ហើយសម្តេចនឹងខិតខំធ្វើយ៉ាងណាជួយធ្វើបទបង្ហាញ ដែលកម្ពុជាមាននាពេលកន្លងមកជូនដល់អង្គប្រជុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយភាគីជាមិត្តដទៃទៀតដែលបានទៅចូលរួម នៃ សន្និសីទ ៕

Leave a Reply

Your email address will not be published. Required fields are marked *