ទំព័រដើម / ទស្សនៈថ្មី / ក្រុងកំពតក្លាយពីកន្លែងឆ្លងកាត់មកជាទីស្នាក់អាស្រ័យរបស់ភ្ញៀវ ទេសចរ

ក្រុងកំពតក្លាយពីកន្លែងឆ្លងកាត់មកជាទីស្នាក់អាស្រ័យរបស់ភ្ញៀវ ទេសចរ

ខេត្តកំពតៈ ក្រុងកំពតដែលកន្លងមកធ្លាប់តែជាកន្លែងឆ្លងកាត់ដើម្បីបន្តដំណើរទៅកាន់បណ្តាខេត្ត ផ្សេងៗនោះ រយៈពេលចុងក្រោយនេះបានក្លាយជាទីស្នាក់អាស្រ័យដ៏ពេញនិយមរបស់ភ្ញៀវទាំងឡាយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ជាមួយសមិទ្ធផលនានាដែលបាន និងកំពុងកើតឡើងក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តបានប្រែក្លាយទីក្រុងកំពតពីភាពស្ងប់ស្ងាត់នាពេលរាត្រី ជាចំណុចត្រឹមតែឆ្លងកាត់របស់ភ្ញៀវដើម្បីធ្វើដំណើរទៅកាន់គោលដៅផ្សេងៗ មកជាទីប្រជុំជនដែលមានភាពអ៊ូរអរ និងជាកន្លែងស្នាក់អាស្រ័យដ៏សែនមនោរម្យ។

អាជ្ញាធរខេត្តកំពុងបន្តអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភ័ណភាព ការបំពាក់អំពូលភ្លើងបន្ថែមតាមបណ្តាផ្លូវនានា ដែលជាចលករដ៏មានប្រសិទ្ធភាពក្នុងការស្រូបទាញភ្ញៀវមកកម្សាន្ត ពិសេសសម្រាប់ការចំណាយពេលលម្ហៃក្នុងពេលរាត្រី។

លោកប្រធានមន្ទីរបានបន្តទៀតថា ក្រៅពីស្ថានភាពសន្តិសុខល្អប្រសើរ ក្រុងកំពត បច្ចុប្បន្នមានទេសភាពស្រស់បំព្រង លម្អដោយសួនច្បារ សួនកម្សាន្តសម្រាប់កុមារ សេវាកម្មដឹកជញ្ជូនភ្ញៀវ ផ្សាររាត្រីជាដើមដែលធ្វើឱ្យភ្ញៀវកាន់តែចាប់អារម្មណ៍។ ជាក់ស្តែង គ្រាន់តែរយៈពេលបីថ្ងៃក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះ ខេត្តកំពតទទួលភ្ញៀវមកកម្សាន្ត និងស្នាក់នៅចំនួន៨១.៩៨៩នាក់។

បរិមាណនេះបានកើនឡើង៦៤,៦៧ភាគរយបើប្រៀបធៀនឹងឱកាសដូចគ្នាកាលពីឆ្នាំកន្លងទៅ។ លោក សយ ស៊ីណុលបានបញ្ជាក់ថា សម្រាប់សេវាស្នាក់នៅ ទូទាំងខេត្តកំពតទើបតែមានសណ្ឋាគារចំនួន១២ និងផ្ទះសំណាក់១២០ ស្មើនឹង៣.០៦៥បន្ទប់ប៉ុណ្ណោះ។ ម្ល៉ោះហើយ ជាចក្ខុ វិស័យ ផ្នែកសេវាស្នាក់នៅ និងភោជនីយដ្ឋាន អាហារដ្ឋានដែលកំពុងមានសព្វថ្ងៃនឹងមិនគ្រប់គ្រាន់តាមតម្រូវការរបស់ភ្ញៀវនាពេលខាងមុខនៅឡើយ ពោលគឺការវិនិយោគបន្ថែមលើសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាកត្តាចាំបាច់បំផុត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតតែងមានប្រសាសន៍ជារឿយៗថា ក្រុងកំពតដែលជាក្រុងមួយទទួលបានពានរង្វាន់ទីក្រុងស្អាតលំដាប់រំដួលបីទងមិនអាចបណ្តែតបណ្តោយឱ្យទឹកលិចលង់ ឬពោរពេញដោយសំរាម ធូលីដីគ្របដណ្តប់តាមដងផ្លូវ និងទីសាធារណៈឡើយ។ ម្យ៉ាងទៀត ឈ្មោះថាទីក្រុងទេសចរណ៍ក៏មិនអាចស្ថិតក្នុងភាពងងឹតមើលអ្វីមិនឃើញនោះដែរ។

ឯកឧត្តមអភិបាលខេត្តក៏ធ្លាប់មានប្រសាសន៍ថា អ្វីៗគ្រប់យ៉ាងតម្រូវឱ្យមានការចូលរួមទាំងអស់គ្នា ពិសេសបញ្ហារក្សាអនាម័យ លម្អបរិស្ថាន ក៏ដូចជាការថែទាំសមិទ្ធផលទាំងឡាយដែលកំពុងកើតមាន។ លើសពីនេះ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់ទូកកម្សាន្ត ព្រមទាំងផ្នែកពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ក្នុងការធ្វើឱ្យក្រុងកំពតក្លាយជាទីក្រុងស្រស់បំព្រង និងប្រកបដោយភាពស៊ីវិល័យ៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *