ទំព័រដើម / Uncategorized / មន្រ្តីស្ថានទូតកម្ពុជានៅបរទេសអន្តរាគមន៍ជួយពលរដ្ឋខ្មែរ២៨នាក់ពីថៃម៉ាឡេនិងចិន

មន្រ្តីស្ថានទូតកម្ពុជានៅបរទេសអន្តរាគមន៍ជួយពលរដ្ឋខ្មែរ២៨នាក់ពីថៃម៉ាឡេនិងចិន

ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជានៅថ្ងៃទី​២៦​ខែឧសភានេះបានអះអាងថាពលរដ្ឋខ្មែរចំនួន២៨នាក់ត្រូវបាន​មន្រ្តី​សា្ថនទូត កុងស៊ុលកម្ពុជានៅបរទេសបានជួយអន្តរាគមន៍មកដល់កម្ពុជាវិញដោយសុវត្ថិ​ភាព។
១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ រៀបចំមាតុភូមិនិវត្តន៍របស់អនីតិជនខ្មែរចំនួន៦នាក់ មានអាយុចន្លោះពី១០ឆ្នាំដល់១៦ឆ្នាំ ដែលទទួលរងគ្រោះដោយការជួញដូរមនុស្ស ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៨។

ផ្អែកតាមអនុស្សរណៈរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រឆាំង នឹងការជួញដូរកុមារនិងស្រ្តី និងការជួយដល់ជនរងគ្រោះដោយការជួញដូរ ក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្សរបស់ថៃ បាន​ជួយ​សង្រ្គោះអនីតិជនទាំង៦នាក់នេះ និងបានរក្សាទុកក្នុងមជ្ឈមណ្ឌលគាំពារសុខុ​មាលភាព ប៉ាកក្រេត នៅទីក្រុងបាងកក ហើយបានជូនព័ត៌មានទៅស្ថានទូតកម្ពុជា ដើម្បីរៀបចំមាតុភូមិនិវត្តន៍។

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១២នាក់ មកពីខេត្តកំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូង​ឃ្មុំ បាត់ដំបង និងព្រះវិហារ។

ក្នុងនោះពលករមានចំនួន៥នាក់និងពលការិ​នី៦នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និង១នាក់ជាកុមារ។ ពលរដ្ឋខ្មែរទាំង១២នាក់នោះ បានមកដល់កម្ពុជាវិញជាបន្តបន្ទាប់ ចន្លោះពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ខែឧសភា ឆ្នាំ​២០១៨ ។

៣.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានជួយរៀបចំមាតុភូមិនិ​វត្ត​ន៍របស់ពលការិនី ខ្មែរ១នាក់ អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានទៅបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសសឹង្ហបូរី ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តែមិនអាចទ្រាំទ្រការងារលំបាកនៅទីនោះបាន។

ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ និង ជួយទាមទារលិខិត​ឆ្លង​ដែន​និងសំបុត្រយន្តហោះពីភ្នាក់ងារនាំពលករ។ពលការិនីបានមកដល់កម្ពុជាវិញ នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៨ ។

៤. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុង​ណាន​នីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៩នាក់ ក្នុងនោះស្រ្តី៨នាក់ ។

ពួកគេ(មកពីខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និងព្រៃវែង) ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជាទៅរៀបការនិងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រ​ទេស​ចិន និងបុរស១នាក់ មកពីខេត្តកំពង់ស្ពឺ ដែលចូលទៅធ្វើការក្នុងប្រទេស​ចិនដោយខុសច្បាប់។

ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ និងរៀបចំឯកសារធ្វើដំណើរដល់ពលរដ្ឋទាំង៩នាក់។ពួកគេបានមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៨ ។ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *