ទំព័រដើម / ព័ត៌មានជាតិ / សម្ដេចហ៊ុនសែន៖មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ ជួយប្រែក្លាយទីក្រុងភ្នំពេញ ឲ្យទៅជាទីផ្សារលំដាប់អន្តរជាតិ

សម្ដេចហ៊ុនសែន៖មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ ជួយប្រែក្លាយទីក្រុងភ្នំពេញ ឲ្យទៅជាទីផ្សារលំដាប់អន្តរជាតិ

ភ្នំពេញ៖  ក្រោយពេលសម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់កាលពីចុងសប្តាហ៍កន្លងនេះ បានប្រែក្លាយទីក្រុងភ្នំពេញ ឲ្យទៅជាទីផ្សារលំដាប់អន្តរជាតិនិងដ៏ពេញ​និយម ដោយកាត់បន្ថយការធ្វើដំណើររបស់​ប្រជាពលរដ្ឋខ្មែរ ដែលកន្លងមកនេះ បានចេញទៅរកទិញទំនិញល្អៗ​នៅទីក្រុង​ហុងកុង និង ប្រទេសសិង្ហបុរី ជាដើម។

សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន  បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ បានក្លាយទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្មពហុមុខងារ និង ជាមោទនភាពមួយសម្រាប់កម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ដោយសារ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានទាក់​ទាញ​ក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន ចូលមកបើកដំណើរការ និង បាននាំមកនូវផលិតផល​ម៉ាកល្បីៗ​ពីបរទេសមកលក់​ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានី កាលពីល្ងាចថ្ងៃទី២៦  ឧសភា កន្លងនេះ  សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានចាត់ទុក ការបោះទុនវិនិយោគ ក្នុងតម្លៃទឹកប្រាក់ ចំនួន២៥០  លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់នេះ គឺជាការបង្ហាញអំពីការជឿជាក់មកលើស្ថេរភាពសង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយបានជួយដល់ការបើកផ្លូវពាណិជ្ជកម្មខ្នាតអន្តរជាតិនៅកម្ពុជាទៀតផង។

សម្តេចក៍បានយកឧកាសនេះអំពាវនាវឲ្យមានការវិនិយោគពីខាង ក្រៅដោយគ្មានការរើសអើង ហើយគ្មានការបែងចែក រវាងអ្នកនៅក្នុងស្រុកនិងនៅក្រៅស្រុកនោះដែរ។

សម្តេចក៍បានបង្ហាញនូវក្តីសង្ឃឹមថា  វឌ្ឍនៈគ្រុប នឹងបន្តឈានឡើងឆ្ពោះទៅអភិវឌ្ឍន៍តទៅទៀត ជាមួយនឹងក្រុមហ៊ុន នានានៅក្នុងប្រ ទេស​​របស់យើង ដែលមកដល់ពេលនេះ បានបង្កើតសហគ្រាសរាប់ម៉ឺន នៅទូទាំងប្រទេស។

លោកជំទាវឧកញ៉ា ឈុន លាង  សហស្ថាបនិកវឌ្ឍនៈគ្រូប បានឲ្យដឹងថា   មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល់ ឬហៅថា អគារ «ចក្កវាឡ​ប្លែកគេ»  ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពហុមុខងារនេះ ជាអគារ​ដែលខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដោយមាន៣៩ជាន់ មានកម្ពស់ ១៨៧,៣ ម៉ែត្រ មានទំហំផ្ទៃ​អគារសរុប១៣ម៉ឺន១ពាន់មែត្រការ៉េ ​សាងសង់ឡើងលើទំហំផ្ទៃដី ប្រមាណ៨ពាន់មែត្រការ៉េ ។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបមួយនេះ ប្រមូលផ្តុំទៅ​ដោយ​សេវាកម្ម​ចម្រុះជាច្រើនក្នុងនោះជាន់ក្រោមដី និងផ្នែកខាងលើ ដែលចែកជា ផ្សារទំនើបវឌ្ឍនៈកាពីតាល់ដែលមាន ហាងលក់​ទំនិញ​ម៉ាក​ល្បីៗ​​លំដាប់​អន្តរ​ជាតិ​មានដូចជា Hugo Boss , Brioni, Canali , Christofle,  Lacoste  និង Stefano Ricci ជាដើម។

ផ្នែកការិយាល័យប្រណិតសម្រាប់ជួល​តាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ។ជាន់អាហារដ្ឋានដែលមានភោជនីយដ្ឋានចំនួន៥ សាលប្រជុំកម្រិតអន្តរជាតិចំនួន​៣ និងជាន់ស្នាក់នៅ ដែលមានសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ ចាប់ពីជាន់ទី ២៥​ដល់ជាន់ទី​៣៩។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ក៏បានទទួលវិញ្ញាបនបត្រពីសហរដ្ឋអាមេរិក ថាជាប្រភេទសំណង់​ដែលសាងសង់ឡើងគិតពីដល់បរិស្ថាន និងបំពាក់​ដោយ​ប្រព័ន្ធសុវត្ថិភាព មានផាសុកភាព និងបរិស្ថានល្អផងដែរ។  ម៉្យាងវិញទៀត អគារនេះ គឺត្រូវបានរចនា​ឡើង​ដោយ​យកនិមិត្តរូប នាគរាជ ដែលបង្ហាញពីភាពខ្លាំងក្លា ភាពរីកចម្រើនជឿនលឿន និង សុខសន្តិភាពបរិបូរណ៌ ក្នុង​សម័យ​តេជោ។

សូមបញ្ជាក់ថា       បច្ចុប្បន្ននេះអគារខ្ពស់ៗមួយចំនួន ទៀត នៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងការសាងសង់ គឺអគារ Thai Boon Roong Trade Center,  អគារ Gold Tower 42  និង អគារ Diamond Twin Tower ជាដើម ដែលនឹងជួយបើកផ្លូវពាណិជ្ចកម្មនៅក្នុងទីក្រុងភ្នំពេញ៕

អត្ថបទប្រាក់  សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *