ទំព័រដើម / ទស្សនៈថ្មី / ទំនប់ប្រាំកុម្ភ:ស្រុកចម្ភារលើផ្តល់សក្តានុពលលើវិស័យទេសចរណ៍និងកសិកម្ម

ទំនប់ប្រាំកុម្ភ:ស្រុកចម្ភារលើផ្តល់សក្តានុពលលើវិស័យទេសចរណ៍និងកសិកម្ម

 

ខេត្តកំពង់ចាម: ប៉ុន្មានឆ្នាំចុងក្រោយនេះទំនប់ប្រាំកុម្ភ:ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវលេខ២២២ ក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាមនោះ ក្រៅពីផ្តល់សក្តានុពលផ្គត់ផ្គង់ទឹកឲ្យកសិករបង្កបង្កើនផលនោះ គឺបាន និងកំពុងក្លាយជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត តាមរយ:រមណីយដ្ឋានកែច្នៃ។
លោក តឹង យ៉ាត មេឃុំស្វាយទាបបានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៨ ឧសភានេះថា ពិតមែនហើយបីឆ្នាំកន្លងមកនេះ គឺលោក ខ្លូត ចិន្តា ជាអភិបាលចម្ការលើ បានដឹកនាំប្រជាពលរដ្ឋក្នុងសហគមន៍ធ្វើការអភិវឌ្ឍន៍តំបន់ទំនប់ឈ្មោះ «ប្រាំកុម្ភ:» ដែលពីអតីតកាលជាទំនប់ទប់ទឹកធម្មតា ប្រែក្លាយជាកន្លែងលេងកម្សាន្តសម្រាប់ភ្ញៀវទេសចរជិតឆ្ងាយនារដូវបុណ្យទានម្តងៗ។ ដោយក្នុងមួយថ្ងៃរាប់ម៉ឺននាក់ ពោលគឺបានធ្វើឲ្យខាងមន្រ្តីទេសចរណ៍ បញ្ជូលឈ្មោះទំនប់ប្រាំកុម្ភ: ជា«រមណីយដ្ឋានកែច្នៃប្រាំកុម្ភ:»របស់ខេត្តកំពង់ចាម។
លោកមេឃុំបានឲ្យដឹងទៀតថា ក្នុងនោះទំនប់ ប្រាំកុម្ភ: ក្រៅពីជាប់ជាចំណាត់ថ្នាក់រមណីយដ្ឋានហើយ គឺនៅបានបង្កើតមុខរបរឲ្យប្រជាពលរដ្ឋរស់នៅជុំវិញ ទំនប់ដែលសាងសង់តាំងរបបកម្ពុជាប្រជាធិបតេយ្យនោះ ជាច្រើនគ្រួសារនៅក្នុងសហគមន៍ធ្វើអាជីវកម្ម រកប្រាក់ចំណេញតាមរយ:ការ លក់ដូរ ម្ហូប នំ ចំណី ជូនភ្ញៀវដែលមកលេងកម្សាន្តនៅរមណីយដ្ឋានមួយនេះ។ ដោយបានកាត់បន្ថយនូវប្រជាពលរដ្ឋចំណាកស្រុកទៅរកការងារធ្វើនៅក្រៅស្រុកបានមួយចំណែកដែរ។
លោក តឹង យ៉ាត បានបន្តថា តំបន់ទំនប់ប្រាំកុម្ភ: មានបីតំបន់ គឺ តំបន់ប្រមាត់ដីមានបណ្តោយ ៦០០ ម៉ែត្រ និងទទឹង ២០០ ម៉ែត្រ , តំបន់ខាងលើមានបណ្តោយ ៥០០ ម៉ែត្រ និងទទឹង ២០០ម៉ែត្រ និងតំបន់ខាងក្រោមដែលជាប់ជា តំបន់រមណីយដ្ឋានកែច្នៃប្រាំកុម្ភ: នោះមានបណ្តោយ ៨០០ម៉ែត្រ និងទទឹង២០០ ម៉ែត្រដែរ។ ទំនប់នេះទៀតសោតអាចបម្រើការស្រោចស្រពទឹក លើដំណាំរបស់ប្រជាកសិករចំនួនបីភូមិ គឺភូមិថ្នល់បែកកើត ភូមិថ្នល់បែកលិច និងភូមិប្រមាត់ដី និងផ្ទៃដីស្រែចំនួន ៣៥០ ហិកតាបន្ថែមទៀត។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងដែរថា ការដែលយើងសម្រេចជ្រើសរើសទំនប់ប្រាំកុម្ភ: ខាងលើបញ្ជូនជាខ្នាតរមណីយដ្ឋាន ជាមួយរមណីយដ្ឋានក្នុងខេត្តនេះជាង១០កន្លែងផ្សេងទៀតនោះ គឺក្រោយពីការចុះសិក្សាពិនិត្យជាក់ស្តែងលើចំនួនភ្ញៀវមកទស្សនា និងលេងកម្សាន្តក្នុងរយ:ពេលមួយឆ្នាំពី ពីរម៉ឺន ទៅប្រាំម៉ឺននាក់ឡើងទៅ៕
អត្ថបទ និងរូប ដោយ: ភោគ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *