ទំព័រដើម / តុលាការ / តុលាការផ្ដន្ទាទោសគ្រូទាយម្នាក់ករណីលក់គ្រឿងញៀនដាក់ពន្ធនាគារ៣ឆ្នាំ

តុលាការផ្ដន្ទាទោសគ្រូទាយម្នាក់ករណីលក់គ្រឿងញៀនដាក់ពន្ធនាគារ៣ឆ្នាំ

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសគ្រូហោរាអគ្គីនេត្យដាក់ពន្ធនាគារកំណត់រយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលដាក់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។សាលក្រមនេះបើកផ្លូវអោយជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

គួររំលឹកថា គ្រូអគ្គីនេត្យដែលល្បីល្បាញតាមហ្វេសប៊ុករឿងកាប់មិនមុត ដុតមិន​ឆេះ នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានបញ្ជូនពីពន្ធនាគារព្រៃសមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធការលក់គ្រឿងញៀន កាលពីថ្ងៃទី ១១ឧសភា ឆ្នាំ២០១៨ ។

ជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅគ្រូអគ្គីនេត អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៦២ ផ្លូវ២៧១ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ ។នៅក្នុងសវនាការគ្រូអគ្គីនេត បានសារភាពថាខ្លួនគេពិតជាបានលក់គ្រឿងញៀនពិតប្រាកដមែន ដើម្បីយកប្រាក់កំរ៉ៃចិញ្ចឹមជីវិត ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរាអគ្គីនេត្រដាក់ពន្ធនាគារជាបណ្ដោះ​អា​សន្ន​​កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ​ជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ។

លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងបានបញ្ជាក់ថាក្រោយពីបានពិនិត្យសំណុំរឿង និងបើកការស៊ើបសួរនោះ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ភេទប្រុស ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២.៦៨ក្រាម។

តុលាការថា៖ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿង​ញៀន។

ជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាលក៦នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកដាំឈឿន នាយ​ករង មន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអមសា​លា​ដំបូង រាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យា ល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២.៦៨ក្រាម៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *