ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៖យុវជនជាកម្លាំងស្នូលដ៏មានសក្តានុពលក្នុងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ

មន្ដ្រី៖យុវជនជាកម្លាំងស្នូលដ៏មានសក្តានុពលក្នុងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡាអះអាងថា បច្ចុប្បន្ននេះក្រសួងកំពុងតែបណ្តុះបណ្តាលយុវជនឱ្យស្គាល់ថា អ្វីទៅដែលហៅថាបេតិកភណ្ឌ ប្រភេទនៃបេតិកភណ្ឌ ផលប្រយោជន៍និងតម្លៃរបស់បេតិកភណ្ឌ និងត្រូវការពារបេតិកភណ្ឌអង្គរយ៉ាងណា ព្រោះយុវជនជាកម្លាំងស្នូលដ៏មានសក្តានុពលក្នុងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ បន្តពីមនុស្សចាស់។
នៅក្នុងពិធីបិទដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូក្រុមប្រឹក្សាយុវជនកម្ពុជានៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នំា២០១៨ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ដើម្បីឱ្យយុវជនកម្ពុជាបានស្គាល់ថា អ្វីទៅដែលហៅថាបេតិកភណ្ឌ ប្រភេទនៃបេតិកភណ្ឌ ផលប្រយោជន៍និងតម្លៃរបស់បេតិកភណ្ឌ ហើយត្រូវថែរក្សា អភិរក្សបេតិកភណ្ឌបែបណានោះ ក្រសួងអប់រំបានរៀបចំឱ្យមានកម្មវិធីធ្វើទស្សនកិច្ចរបស់សិស្សថ្នាក់វិទ្យាល័យមកពីបណ្តារាជធានីខេត្តទាំង២៥មកកាន់ខេត្តសៀមរាបដែលជាតំបន់ប្រវត្តិសាស្រ្តសម្បូបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោក។

ឯកឧត្តមបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះយុវជនទំាងអស់បានទៅឈ្វេងយល់ដោយផ្ទាល់នៅតាមប្រាសាទបុរាណនានា បានជួបស្តាប់ និងទទួលយកបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញថែរក្សា អភិរក្សបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា និងបានទស្សនានៅសារមន្ទីរជាតិអង្គរ។ដើម្បីឱ្យពួកគេប្រែក្លាយ និងបង្កើតស្មារតីចេះស្រលាញ់និងចូលរួមថែរក្សាអភិរក្សបេតិកភណ្ឌព្រោះយុវជនទាំងនេះជាកម្លាំងស្នូលដ៏មានសក្តានុពលក្នុងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ បន្តពីមនុស្សចាស់។

ឯកឧត្តមបន្តថា ក្រសួងអប់រំយុវជននិងកីឡាកំពុងកំពុងតែបណ្តុះបណ្តាលយុវជនឱ្យស្គាល់ថា អ្វីទៅដែលហៅថាបេតិកភណ្ឌ ប្រភេទនៃបេតិកភណ្ឌ ផលប្រយោជន៍និងតម្លៃរបស់បេតិក ភណ្ឌ និងត្រូវការពារបេតិកភណ្ឌបែបណា ទំាងនៅតាមសាលារៀន និងការរៀបចំឱ្យយុវជនមកធ្វើនៅទស្សនកិច្ចឈ្វេងយល់នៅតាមតំបន់បេតិកភណ្ឌដោយផ្ទាល់។
កញ្ញា កែវ កន្និថា ជាសិស្សមកពីវិទ្យាល័យឥន្ទ្រទេវីរាជធានីភ្នំពេញបានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តសៀមរាបក្រោមប្រធានបទយុវជន និងការអភិវឌ្ឍគ្រួសារ សង្គមជាតិ និងបេតិកភណ្ឌជាតិរយៈពេល៣ថ្ងៃចាប់ថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែឧសភានេះ បានធ្វើឱ្យកញ្ញាបានយល់ដឹងបានកាន់តែច្រើនអំពីបេតិកភណ្ឌ និងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ កញ្ញាបានបន្តថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអប់រំយុវជន និងកីឡាបានធ្វើសព្វថ្ងៃ កញ្ញាប្តេជ្ញាថា ពេលត្រឡប់ទៅមូលដ្ឋានវិញនិងខិតខំសិក្សស្រាវជ្រាវបន្ថែម និងផ្សព្វផ្សាយនូវស្នាដៃរបស់បុព្វបុរសខ្មែរយើង ក្នុងការកសាងប្រាសាទអង្គរនានា ជាពិសេសគឺប្រាសាទអង្គរជានិមិត្តរូបសម្គាល់ប្រទេសកម្ពុជាយើង។
កញ្ញា កែវ កន្និថា បានអំពាវនាវដល់យុវជនកម្ពុជាទំាំងអស់ត្រូវស្គាល់និងការពារថែរក្សាបេតិកភណ្ឌជាតិរបស់យើងឱ្យបាននៅគង់វង្សជារៀងរហូត ព្រោះយើងជាយុវជនជំនាន់ក្រោយ ដែលត្រូវបន្តពីមនុស្សចាស់ក្នុងការថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌ជាតិយើង៕ឃុត សៅ

 

Leave a Reply

Your email address will not be published. Required fields are marked *