ទំព័រដើម / មនុស្សធម៌ / សិស្សនិងគ្រូប្រមាណជាង៤០០នាក់ទទួលបានការឧបត្ថម្ភពីក្រុមការងារបក្សចុះជួយនៅអារ៉ែង

សិស្សនិងគ្រូប្រមាណជាង៤០០នាក់ទទួលបានការឧបត្ថម្ភពីក្រុមការងារបក្សចុះជួយនៅអារ៉ែង

កោះកុង៖សមាជិកក្រុមកង់តំបន់ភ្នំអារ៉ែងប្រមាណ៣០នាក់ក្រោមការដឹកនាំរបស់​លោក ទៀ សុខា ប្រធានកិត្តិយសលោកតុល ស៊ីណាន ប្រធានក្រុម និងសមា​ជិកបាននាំគ្នាជិះកង់ចូលទៅកាន់តំបន់អារ៉ែង ដើម្បីផ្តល់សម្ភារៈសិក្សាដល់សិស្សា​នុសិស្ស ប្រមាណ៤០០នាក់និងលោក​គ្រូអ្នកគ្រូប្រមាណ២០នាក់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ។

ក្រុមការងារចុះជួយខេត្តកោះកុង បើទោះបីជាធ្វើដំណើរកាត់ដំណក់ភ្លៀងធ្លាក់ យ៉ាងខ្លាំង និងរអិលផងនោះ ពីទីរួមស្រុកថ្មបាំង ទីកាន់តំបន់អារ៉ែង ក៏សមាជិកទាំងអស់ខិតខំពុះពាររហូតដល់គោលដៅ។

ក្រុមការងារដឹកនាំដោយលោកទៀ សុខាបានចែកជូន សម្ភារៈសិក្សាដល់សិស្សា​នុសិស្ស ចំនួន៤៨០នាក់ នៅក្នុងឃុំជំនាប់ ឃុំថ្មដូនពៅ និងឃុំប្រឡាយ លោកគ្រូអ្នកគ្រូចំនួន២៣នាក់ និងទេយ្យទានមួយចំនួនប្រគេនជូន ព្រះចៅអធិការវត្តសុវណ្ណឧទ្យាន ក្នុងឃុំថ្មដូនពៅ។

លោក ទៀ សុខា ប្រធានកិត្តិយស ក្រុមកង់តំបន់ភ្នំអារ៉ែង បានមានប្រសាសន៍ថា ការជិះកង់ជាក្រុមចូលតំបន់អារ៉ែងនេះ គឺដើម្បីរួមគ្នា ធ្វើកិច្ចការងារមនុស្សធម៌ រួមចំណែកក្នុងកិច្ចការងារថែរក្សាបរិស្ថាន និងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ក្នុងតំបន់អេកូ ទេសចរណ៍មួយនេះ។

លោក ទៀ សុខា បានបន្តទៀតថា ចំពោះសម្ភារៈសិក្សាដែលផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនាពេលនេះ គឺបានមកពីការ រ៉ៃអង្គាសម្នាក់បន្តិចៗពីសមា​ជិក ហើយកិច្ចការងារមនុស្សធម៌នេះ មិនមែនធ្វើតែនៅតំបន់អារ៉ែងនោះទេ គឺធ្វើនៅទូទាំងប្រទេសតាម លទ្ធភាពដែលអាចធ្វើបាន។

លោក តុល ស៊ីណាន ប្រធានក្រុមកង់តំបន់ភ្នំអារ៉ែង បានឲ្យដឹងថា ការជិះកង់ក្នុងក្រុមកង់តំបន់ភ្នំអារ៉ែង គឺជិះដើម្បីសុខភាព មិត្តភាពនិងមនុស្សធម៌ ហើយចំ​ពោះ​ការជិះកង់ធ្វើដំណើរទៅកាន់តំបន់អារ៉ែងនេះ គឺជាលើកទីមួយសម្រាប់ក្រុម​កង់ទោះបីមាន ឧបសគ្គខ្លះតាមផ្លូវ ប៉ុន្តែសមាជិកទាំងអស់ខិតខំពុះពារ រហូតជិះដល់គោលដៅ។

បើតាមលោក តុល ស៊ីណាន ប្រធានក្រុមកង់ បានបញ្ជាក់ថា “គោលដៅនៃការ​ជិះកង់រួមគ្នានេះ គឺដើម្បីសុខភាព មិត្តភាព បង្កើត បរិយាកាស សប្បាយ រីករាយតាមដងផ្លូវ នៃព្រះរាជាណាចក្រកម្ពុជាយើង ហើយអ្វីដែលជាគោលដៅសំខាន់មួយទៀត នៃដំណើរផ្សងព្រេងដោយជិះកង់ចូលទៅកាន់តំបន់អារ៉ែងនេះ គឺគោល​ដៅមនុស្សធម៌។

លោកតុល ស៊ីណាន បានបញ្ជាក់ទៀតថា ក្រៅតែពីរួមគ្នាធ្វើសកម្មភាព មនុស្សធម៌ក្នុង តំបន់អារ៉ែង បងប្អូនសមាជិកក្រុមកង់ ក៏នឹងធ្វើដំណើរដើម្បីសុខសួរទុក្ខអ្នកស្រុកតំបន់អារ៉ែង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ពួកគាត់ផងដែរ។ដោយ.សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *