ទំព័រដើម / ព័ត៌មានជាតិ / បង្គាក្រៀមអ្នកសហគមន៍កំពង់សាមគ្គីមានគុណភាពល្អនិងពោពេញដោយអនាម័យ 

បង្គាក្រៀមអ្នកសហគមន៍កំពង់សាមគ្គីមានគុណភាពល្អនិងពោពេញដោយអនាម័យ 

ខេត្តកំពតៈ ថ្វីដ្បិតតម្លៃខ្ពស់ជាងបង្គាក្រៀមធម្មតា ប៉ុន្តែបង្គាក្រៀមរបស់អ្នកសហគមន៍សម្ងួតបង្គា កំពង់សាមគ្គីដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតពោរពេញដោយ គុណភាព និងអនាម័យខ្ពស់។

អ្នកស្រី សាយ ចាន់នឿន ប្រធានសហគមន៍សម្ងួតបង្គាកំពង់សាមគ្គីបានរៀបរាប់ថា អ្នកភូមិកំពង់ត្នោតជាច្រើនគ្រួសារប្រកបរបរប្រមូលទិញបង្គាមកហាលក្រៀមដើម្បីយកទៅលក់នៅទីផ្សារជាយូរមក ហើយ។

កន្លងមក បន្ទាប់ពីស្ងោរឆ្អិនរួចរាល់ បង្គាត្រូវបានយកទៅហាលពាសវាលពាសកាលដោយមិន យកចិត្តទុកដាក់អំពីអនាម័យឡើយ។ លុះដល់ឆ្នាំ២០១២ តាមរយៈមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពត ក៏មានអង្គការដៃគូមួយចំនួនចុះមកសិក្សា និងផ្សព្វផ្សាយឱ្យចងក្រងជាសហគមន៍ ព្រមទាំងបង្ហាត់បង្ហាញ បន្ថែមនូវលក្ខណៈបច្ចេកទេសក្នុងការងារនេះ។

អ្នកស្រីប្រធានសហគមន៍បានបន្តថា តាមរយៈកិច្ចខិតខំ របស់មន្ត្រីការិយាល័យជំនាញ នៅឆ្នាំ២០១៣ អង្គការស៊ែរ(Share) ក៏បានផ្តល់ផ្ទះសូឡាដល់សហគមន៍ ដើម្បីដំណើរការសម្ងួតបង្គាតាមបែបស្តង់ដារប្រកបដោយគុណភាព និងអនាម័យបំណងចូលប្រកួតប្រជែង លើទីផ្សារអន្តរជាតិ។ ដំបូងឡើយ ការលក់នៅផ្សារក្នុងស្រុកមិនសូវមានអ្នកចាប់អារម្មណ៍ទេ ព្រោះតម្លៃខ្ពស់ជាងបង្គាធម្មតា។

ប៉ុន្តែតាមរយៈការបន្តផ្សព្វផ្សាយរបស់អង្គការដៃគូទើបមានការបញ្ជាទិញមកពីក្រៅប្រទេសជាបណ្តើរៗ ហើយអតិថិជនមួយចំនួនក៏ងាកមកចាប់ចិត្តចំពោះបង្គាក្រៀមដែលមានគុណភាព និង អនាម័យនេះវិញ។ អ្នកស្រី ចាន់នឿន បានបញ្ជាក់ថា តម្លៃបង្គាក្រៀមរបស់អ្នកសហគមន៍ប្រែប្រួលតាមរដូវ កាល ពោលគឺអាស្រ័យលើទិន្នផលតិច ឬច្រើន។

ដូចជាអំឡុងខែនេះកំពុងសម្បូរបង្គារស្រស់ ការលក់ចេញ បានត្រឹមតែទប់ទល់ថ្លៃដើមប៉ុណ្ណោះដោយលើកឱ្យឈ្មួញកណ្តាល បង្គាក្រៀមប្រភេទលេខ១ មួយគីឡូ តម្លៃ ១៣០.០០០រៀល លេខ២ តម្លៃ៨០.០០០រៀល លេខ៣ តម្លៃ៦០.០០០រៀល និងលេខ៤តម្លៃ៤០.០០០រៀល។ បង្គាដែលប្រមូលទិញមកធ្វើគឺយកតែប្រភេទបង្គារស់ដែល អ្នកនេសាទចេញទៅរកពេលយប់ និងត្រឡប់វិញនាព្រលឹមស្រាងៗពោលគឺមិនមែនប្រភេទបង្គាក្លាសេទេ។ ក្នុងបង្គាស្រស់១០គីឡូក្រាម ធ្វើបានតែបង្គាក្រៀមមួយគីឡក្រាមប៉ុណ្ណោះ។

អ្នកស្រីប្រធានសហគមន៍បានអំពាវនាវដល់អតិថិជន ដែលគាំទ្របង្គាអនាម័យសហគមន៍កំពង់សាមគ្គីងាកមកហូបបង្គាមានគុណភាពល្អ ថ្វិដ្បិតមានតម្លៃលើសគេមែន តែបានមកពីសមុទ្រស្រស់ៗ និងអាចទុកបានយូរ។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ថា ជាភាពជោគជ័យមួយរបស់អ្នកសហគមន៍សម្ងួតបង្គាកំពង់សាមគ្គី បន្ទាប់ពីកិច្ចខិត ខំបណ្តុះបណ្តាលរបស់មន្ត្រីជំនាញក្រោមការជ្រោមជ្រែងដោយអង្គកាអាស៊ីស អង្គកាកូរីន អង្គការស៊ីដាប់បលយូឌីស៊ីស៊ី និងអង្កការឃែរ។

ចាប់ពីបង្កើតចេញជារូបរាងមក សហគមន៍បានដំណើរការដោយពុំមានរាំងស្ទះឡើយ។ ក្រៅពីលក់នៅផ្សារក្នុងខេត្ត ផលិតផលបង្គាក្រៀមរបស់សហគមន៍កំពង់សាមគ្គីនេះក៏មានវត្តមាននៅសហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែផងដែរ។ លោកនាយខណ្ឌបានបញ្ចាក់ថា លើស ពីនោះ បង្គាក្រៀមប្រកបដោយគុណភាព និងអនាម័យនេះក៏ទទួលបាននូវការបញ្ជាទិញជារឿយៗពីក្រៅ ប្រទេសផងដែរ។

អ្វីដែលលោក និងមន្ត្រីជំនាញត្រូវខិតខំបន្តទៀត គឺជួយពួកគាត់ក្នុងការងារវេចខ្ចប់ ព្រមទាំងការដាក់ស្លាកសញ្ញាសម្គាល់ដើម្បីចូលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *