ទំព័រដើម / ព័ត៌មានជាតិ / អ្នកជំនាញថា បើគម្រោងព្រលានយន្តហោះលុបចោល នឹងប៉ះពាល់ ដល់អ្នកខ្ចីបុលពី​ធនាគារយកប្រាក់មកទិញដី

អ្នកជំនាញថា បើគម្រោងព្រលានយន្តហោះលុបចោល នឹងប៉ះពាល់ ដល់អ្នកខ្ចីបុលពី​ធនាគារយកប្រាក់មកទិញដី

ភ្នំពេញ ៖៖ សមាគមនអចលនវត្ថុកម្ពុជាបានលើកឡើងថា ដំណឹងលុបចោលគម្រោង​វិនិយោគព្រលានយន្តហោះក្នុងស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យតម្លៃដីធ្លាក់ចុះ ហើយប៉ះពាល់យ៉ាងខ្លាំងដល់អ្នកខ្ចីបុលពី​ធនាគារ មកទិញដីក្នុងទីតាំងនោះ។

លោកគីម ហ៊ាង ប្រធានសមាគមនអចលនវត្ថុកម្ពុជា បានអោយទូរទស្សន៍រស្មីហង្សមាសដឹងថា បើគម្រោងវិនិយោគព្រលានយន្តហោះតម្លៃ ១៥០០លានដុល្លារលើផ្ទៃដីទំហំ២៦០០ហិកតាក្នុងស្រុកកណ្តាលស្ទឹង ត្រូវលុបចោលមែននោះ នឹងធ្វើឲ្យតម្លៃដី នៅទីនោះ ធ្លាក់ចុះខ្លាំង។

លោកថា ដីក្នុងស្រុកកណ្ដាលស្ទឹង បានហត់ឡើងខ្លាំង ពីតម្លៃដី១ម៉ែត្រការ៉េត្រឹមតែ៣ទៅ៤ដុល្លារ រហូតដល់៦០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយការលុបនេះ នឹងប៉ះពាល់ខ្លាំងចំពោះប្រជាពលរដ្ឋដែលខ្ចីបុលពី​ធនាគារយក​ប្រាក់មកទិញដី ដោយដីនៅទីនោះ បាត់បង់ទីផ្សារ។

ទូរទស្សន៍រស្មីហង្សមាសមិនអាចទាក់ទងសុំការបញ្ជាក់លំអិតពីខាងរដ្ឋាភិបាលបានទេ ប៉ុន្តែបើផ្អែកតាមប្រភពមន្ត្រីរដ្ឋាភិបាល ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន​ក្នុងស្រុក​មួយចំនួនបានអះអាងថាការលុបចោលនេះ គឺដោយសារលក្ខខណ្ឌមិនអំណោយផល នៃទីតាំងភូមិសាស្រ្ត ព្រោះតំបន់នេះ ជាប្រភេទដីបឹង ដែលសណ្ឋានដី មិនរឹងមាំ សម្រាប់ការសាងសង់ព្រលាននៅទីនោះ។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ ២០១៧នេះ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ លើផ្ទៃដី ២ ពាន់ ៦ រយហិកតារ ដែលមានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ដែលបានធ្វើឲ្យដីនៅទីនោះ មានទីផ្សារយ៉ាងខ្លាំង៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *