ទំព័រដើម / ការបោះឆ្នោត / គ.ជ.ប ណែនាំឱ្យមានការសម្រួលការងារដល់គណបក្សសម្រាប់យុទ្ធនាការឃោសនា​បោះ​ឆ្នោតខាងមុខនេះ

គ.ជ.ប ណែនាំឱ្យមានការសម្រួលការងារដល់គណបក្សសម្រាប់យុទ្ធនាការឃោសនា​បោះ​ឆ្នោតខាងមុខនេះ

ភ្នំពញ:    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានណែនាំឱ្យ​គណៈកម្មការ​រាជធានី-ខេត្តរៀបចំការបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាន អនុវត្តការងាររបស់ខ្លួនដោយជួយសម្រួល​ការងារដល់គណបក្សនយោបាយ សម្រាប់យុទ្ធនាការឃោសនា​បោះ​ឆ្នោតនាពេលខាងមុខនេះ។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រសាសន៍ថា គ្រប់ប្រធាន និងសមាជិក​គណៈកម្ម​ការ​រាជធានី-ខេត្តរៀប​ចំការបោះឆ្នោតទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយ​ស្រួល​​ដល់គណបក្ស​នយោបាយ ទាំង២០ធ្វើសកម្មភាពចុះឃោសនា​បោះ​ឆ្នោតនាឱ្យបានស្មើៗគ្នា និងស្របតាមច្បាប់ បទបញ្ជានិងនីតិវិធី សម្រាប់ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោតដល់ ប្រធាន​​​គណៈកម្មការ​​រាជធានី​-ខេត្ត​​រៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ និងអ្នក​សង្កេត​ការណ៍បោះឆ្នោត កាលពីល្ងាចថ្ងៃទី៣១ ខែឧសភានេះ ឯកឧត្តម បានបញ្ជាក់ថា ​ មុនការ​ឃោសនា​​បោះឆ្នោតចាប់ផ្តើម គ.ជ.ប និងក្រសួងមហាផ្ទៃ នឹងចេញសេចក្តីណែនាំរួម​​​មួយស្តីពី​កិច្ច​សហ​ប្រតិបត្តិការរវាង​អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ.ជ​.ប គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរ​​ការ​បោះ​​ឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ដូចជា ការបង្កលក្ខណៈងាយស្រួល និង​ការពារសន្តិសុខ ដល់​គណបក្ស​នយោបាយ ក្នុងការចូលរួមការបោះឆ្នោតធ្វើសកម្មភាពនានា ស្រប​តាម​​​ច្បាប់ និងបទ​បញ្ជា​និង​នីតិវិធី ទាំងលើ​​ការ​​ជួប​​ប្រជុំមន្ត្រី​គណបក្សនៅក្នុង​ទី​ស្នាក់​ការគណបក្សនីមួយៗ ឬលំនៅដ្ឋាន ឬទីកន្លែងឯកជន ការ​លើក​​ស្លាកសញ្ញាគណបក្ស។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រិត្យ និងមិនលំអៀងសម្រាប់ការ​បោះ​ឆ្នោត​​​​​​​​​​​​ដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ និចហ៊្វិក កត់សម្គាល់ថា អាជ្ញាធរមូលដ្ឋាននា​​ពេល​បច្ចុប្បន្ន បានបង្កលក្ខណៈងាយស្រួលច្រើនដល់គណបក្សនយោបាយស្នើសុំធ្វើសកម្មភាពនានា

ក្រោយពេលដែលប្រមុខរាជរដ្ឋា​​ភិ​បាលឱ្យអាជ្ញាធរ​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់ លក្ខណៈងាយស្រួលដល់គណបក្ស​នយោបាយ​ដែលចូលរួមការបោះឆ្នោត។យោងតាមប្រតិទិនរបស់គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនា​បោះ​ឆ្នោត នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ៕អត្ថបទ៖ សឿន សោម

Leave a Reply

Your email address will not be published. Required fields are marked *