ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា គម្រោងរថភ្លើងលើអាកាស ត្រូវការពេលសិក្សារយៈពេលពីរឆ្នាំបន្ថែមទៀត

រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា គម្រោងរថភ្លើងលើអាកាស ត្រូវការពេលសិក្សារយៈពេលពីរឆ្នាំបន្ថែមទៀត

 

ភ្នំពេញ ៖–​រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងស្ថាបនាខ្សែ រថភ្លើងលើអាកាស ដែលហៅថា(AGT) ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននៅតែអនុវត្តន៍ ដោយត្រូវការពេលវេលាយ៉ាងហោចណាស់ពីរឆ្នាំបន្ថែមទៀត ដើម្បីសិក្សាលម្អិតមុននឹង ឈានទៅអភិវឌ្ឍន៍។

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចំណាយពេលវេលាសិក្សាយូរនេះ គឺដើម្បីសិក្សាឱ្យបាន ប្រាកដថា នៅពេលអនុវត្តន៍គម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ នេះទៅមានផលប៉ះពាល់តិចតួចបំផុតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ សាធារណៈ។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីមានការលើកឡើងថា គម្រោងសាង សង់ផ្លូវរថភ្លើលើអាកាស AGT ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់(JICA) ត្រូវបានផ្អាកដោយបិទជំនួយទៅវិញ ដោយសារភាគី ជប៉ុនមិនពេញចិត្តនឹងនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

​ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃ គម្រោងមូលនិធិរួមគ្នារវាងវិស័យឯកជន និងសាធារណៈ សម្រាប់កាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានឯកភាពទៅតាម សំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយ អំពីការសាងសង់ផ្លូវរថភ្លើលើអាកាស AGT ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជ ធានីភ្នំពេញ ដោយក្រុមជំនាញ ការរបស់ជប៉ុន បានធ្វើការសិក្សាជាមួយមន្ត្រីជំនាញរបស់ ក្រសួងសាធារណការ ចំនួនពីរដងរួចហើយ អំពីគម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាសនេះ។

​ទន្ទឹមនេះនៅក្នុងខែមិថុនានេះ ភាគីទាំងពីរ នឹងមានការជួបពិភាក្សាគ្នាម្តងទៀត ដើម្បីពន្យល់ ដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃគម្រោងនេះ។

​ឯកឧត្តមបានបន្ដថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញ មុនដំបូងគេនេះ នឹងអនុវត្តន៍ចាប់ពីស្ថានីយនៅផ្សារធំថ្មីឆ្ពោះទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយមានប្រវែងសរុប១៨គីឡូម៉ែត្រក្នុងនោះប្រវែងប្រមាណ៤គីឡូ ម៉ែត្រចេញពីព្រលានយន្តហោះ នឹងត្រូវសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីបញ្ចៀស បញ្ហាចរាចរណ៍របស់យន្តហោះ។

​យោងតាមការសិក្សារបស់ជំនាញការរបស់អង្គការ JICA បានឱ្យដឹងថា គម្រោង សាងសង់ខ្សែរថភ្លើងលើអាកាសដោយរត់កាត់ពីលើដងវិថីសំខាន់ៗមួយចំនួន ក្នុងរាជ ធានីភ្នំពេញនេះ នឹងត្រូវចំណាយអស់ថវិកាប្រមាណ ៨០០លានដុល្លារអាម៉េរិក៕

ដោយ គង់ សិរីរ័ត្ន

 

 

Leave a Reply

Your email address will not be published. Required fields are marked *