ទំព័រដើម / នយោបាយ / ភាពជាដៃគូសកល​សម្រាប់ការអប់រំប្រកាសផ្ដល់ជំនួយទឹកប្រាក់​ ២០,៦ លានដុល្លារអាមេរិក ដើម្បីពង្រឹង​ប្រព័ន្ធអប់រំរបស់​កម្ពុជា

ភាពជាដៃគូសកល​សម្រាប់ការអប់រំប្រកាសផ្ដល់ជំនួយទឹកប្រាក់​ ២០,៦ លានដុល្លារអាមេរិក ដើម្បីពង្រឹង​ប្រព័ន្ធអប់រំរបស់​កម្ពុជា

Going back home

ភ្នំពេញ ៖ – ក្រុមប្រឹក្សាភិបាល​នៃភាព​ជាដៃគូសកលសម្រាប់ការអប់រំ បានអនុម័តហិរញ្ញប្បទានឥតសំណង ​ក្នុងទឹកប្រាក់ចំនួន​ ២០,៦ លានដុល្លារអាមេរិក ​ដើម្បីគាំទ្រ​ដល់​កិច្ច​ខិតខំប្រឹងប្រែង​របស់​កម្ពុជា​ ក្នុងការលើកកម្ពស់គុណភាព​អប់រំនៅបឋមសិក្សា។

ហិរញ្ញប្បទានឥតសំណង​នេះ នឹង​ផ្ដល់ប្រយោជន៍ជាពិសេសដល់​កុមារ​ មកពីគ្រួសារជួបការលំបាក ក៏ដូចជា​ បង្កើន​ប្រសិទ្ធភាពនៃការបង្រៀន ពង្រឹងភាពដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំ រួមមាន៖ គ្រូបង្រៀន នាយកសាលា ព្រមទាំងអ្នកផ្ដល់សេវាអប់រំនៅ​តាមមូលដ្ឋាន និងនៅថ្នាក់ជាតិ។នេះជាលើកទីបីហើយដែល​ភាព​ជាដៃគូសកលសម្រាប់​ការអប់រំ (ហៅកាត់ថា GPE)បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ប្រទេសកម្ពុជា​​។ GPE នឹងនាំមកនូវ​កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយនឹងក្រសួង​អប់រំ      យុវជន និងកីឡា អង្គការយូណេស្កូ និងអង្គការយូនីសេហ្វ ព្រមទាំងដៃគូ​អភិវឌ្ឍន៍ដទៃទៀតជួយវិស័យអប់រំ ដូចជា      សហភាព​អឺរ៉ុប ប្រទេសស៊ុយអ៊ែត និង​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍​អន្តរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍ការ​បន្ត​ភាព​ជាដៃគូនេះ​ ដែលនឹងជួយកុមារជួបការលំបាកទាំងអស់មានលទ្ធភាព​រៀនសូត្រ និងអភិវឌ្ឍ​​កាន់តែ​ល្អ​ប្រសើរ​។

ឯកឧត្តម​មានប្រសាសន៍ថា  “ភាពជាដៃគូសកលសម្រាប់​ការអប់រំ បានរួមចំណែកដ៏សំខាន់ដល់​វិស័យអប់រំនៅកម្ពុជាចាប់តាំង​ពីឆ្នាំ ២០០៦ មក។ ការជួយគាំទ្រ​បន្ថែមរបស់ ​GPE នេះនឹង​ផ្ដល់​លទ្ធភាព​ឱ្យយើង​អាចពង្រីក​ និង​ពង្រឹង​គ្រូបង្រៀនរបស់យើង​ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីផ្ដល់​ឱ្យ​កុមារដែលជួបការលំបាកនូវលក្ខខណ្ឌ​ដែលពួកគេ​ត្រូវ​ការក្នុងការ​រៀនសូត្រ និង​រីកចម្រើន” ។ ​លទ្ធផលនៃកម្មវិធី​ GPE ថ្មីនេះ នឹងត្រូវ​សម្រេច​តាមរយៈសមាសភាគ​ចំនួនពីរ៖ សមាសភាគទី១ ក្នុងទឹកប្រាក់ចំនួន ១៤,៤ លានដុល្លារអាមេរិក សម្រាប់ កម្មវិធីពង្រឹងការអប់រំ​គ្រូបង្រៀននៅកម្ពុជា (STEPCam), ដែល​ផ្ដោតលើ​គ្រូបង្រៀននៅកម្រិតថ្នាក់​ដំបូងនៃបឋមសិក្សា និង​គ្រូឧទ្ទេស​នៅតាម​សាលាគរុកោសល្យខេត្ត។ សមាសភាគទី២ មានទឹកប្រាក់ចំនួន​ ៦,២ លានដុល្លារអាមេរិក បើកផ្តល់ផ្សារភ្ជាប់ទៅនឹងលទ្ធផលការងារ ​សំដៅលើកកម្ពស់​សមធម៌​ ប្រសិទ្ធភាព និង​លទ្ធផលសិក្សារបស់សិស្ស។

លោកស្រី Alice Albright ប្រធានប្រតិបត្តិនៃភាពជាដៃគូសកលសម្រាប់ការអប់រំ មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា​ ជា​ដៃគូ​របស់GPE ចាប់តាំង​ពីឆ្នាំ ២០០៦ មក បានបង្ហាញពីការប្ដេជ្ញាចិត្ត​យ៉ាងមុតមាំចំពោះវិស័យអប់រំដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យនេះកាន់តែ​មានភាព​រឹងមាំ និងកាន់តែមាន​សមធម៌សម្រាប់កុមារជាច្រើននាក់ទៀត។ តាមរយៈហិរញ្ញប្បទាន​ឥតសំណងលើកទី៣នេះ GPE នឹងជួយ​ពន្លឿន​វឌ្ឍនភាពនៃវិស័យអប់រំនៅកម្ពុជា​ឱ្យមានសមិទ្ធផលគួរ​ឱ្យ​កត់សម្គាល់បន្ថែមទៀត” កម្មវិធីពង្រឹងការអប់រំ​គ្រូបង្រៀននៅកម្ពុជា ដែលនឹងត្រូវអនុវត្ត​ក្នុងភាព​ជាដៃគូរវាង​ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ គាំទ្រ​ដល់ការអនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយគ្រូបង្រៀន​របស់ក្រសួង និងផ្ដោតការយកចិត្តទុកដាក់​ទៅលើការ​អភិវឌ្ឍ​វិជ្ជាជីវៈជាប្រចាំសម្រាប់​គ្រូបង្រៀនកម្រិតថ្នាក់ដំបូង។ កម្មវិធី​នេះនឹងជួយ​ក្រសួងអប់រំ​ យុវជន និងកីឡា ក្នុងការរៀបចំ​និង​អនុវត្ត​ប្រព័ន្ធ​ដែលមានចីរភាពមួយ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនស្រប​តាម​គន្លងអាជីព​គ្រូបង្រៀន ដែលនឹង​ត្រូវ​រៀបចំឡើងជាផ្នែកមួយ ​នៃផែនការ​សកម្មភាព​គោលនយោបាយគ្រូបង្រៀន៕

Leave a Reply

Your email address will not be published. Required fields are marked *