ទំព័រដើម / ទស្សនៈថ្មី / ចម្ការម្រេចខេត្តកែបកំពុងវិវឌ្ឍន៍ជារមណីយដ្ឋានកសិ-ទេសចរណ៍

ចម្ការម្រេចខេត្តកែបកំពុងវិវឌ្ឍន៍ជារមណីយដ្ឋានកសិ-ទេសចរណ៍

ខេត្តកែបៈ ក្រោយបញ្ចប់ជាស្ថាពរនូវសង្ក្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស តំបន់ភ្នំវល្លិ៍បានក្លាយជាកសិដ្ឋាន ធំៗរាប់រយកន្លែង ពិសេសប្រភេទចម្ការដំណាំម្រេចដែលត្រូវបានទទួលស្គាល់ជាសកលលើគុណភាព និង រសជាតិនោះកំពុងបន្តវិវឌ្ឍន៍ដើម្បីក្លាយជារមណីយដ្ឋានកសិ-ទេសចរណ៍ដ៏ទាក់ទាញ។

លោក ហេ សុខលី អ្នកចាត់ការទូទៅនៃចម្ការម្រេចដែលមានឈ្មោះថា កសិដ្ឋានចំប៉ីស ស្ថិតក្នុងភូមិ អន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបបានរៀបរាប់ថា រយៈពេលជាច្រើនឆ្នាំមកហើយដែលម្ចាស់ កសិដ្ឋានចំប៉ីសចាប់យកការងារដាំដំណាំម្រេចលើផ្ទៃដីមួយផ្នែកនៃទំហំសរុបជិតប្រាំពីរហិកតា។

ពេលបានផលនាប៉ុន្មានឆ្នាំដំបូង ម្រេចទាំងនោះត្រូវនាំយកទៅលក់នៅទីផ្សារក្នុងស្រុកដោយតម្លៃមិនទៀងទាត់។ អ្នក ចាត់ការដដែលបានបន្តថា ជាមួយនឹងគំនិតច្នៃប្រឌិត បន្ទាប់ពីបង្កើតបាននូវសមិទ្ធផលមួយចំនួន ដូចជា ខ្យូសអង្គុយលេង សួនដើរលម្ហែកម្សាន្ត ប៉មសម្រាប់ឡើងគយគន់ទេសភាពតំបន់ជុំវិញភ្នំវល្លិ៍ និងផ្ទៃសមុទ្រខេត្តកែបដ៏ល្វឹងល្វើយនោះ ម្ចាស់ចម្ការបានបង្វែយកផលិតផលនេះមកដាក់តាំងលក់ក្នុងកសិដ្ឋានវិញ ហើយ ទទួលបាននូវភាពទាក់ទាញជាបណ្តើរៗ ពិសេសទេសចរបរទេស។

សព្វថ្ងៃនេះកំពុងផ្តោតជាសំខាន់ តែលើផលិតផលម្រេចមួយមុខ ហើយភ្ញៀវអាចត្រឹមតែដើរលេងកម្សាន្ត និងទស្សនាចម្ការម្រេចប៉ុណ្ណោះ។ ប៉ុន្តែ គម្រោងថ្ងៃក្រោយអាចមានជាផ្ទះសំណាក់ កន្លែងជិះស្គី អាងហែល ទឹក ឬកន្លែងកម្សាន្តផ្សេងៗទៀត។

លោក ហេ សុខលី បានបញ្ជាក់ថា ពេលនេះក្រុមជាងកំពុងចាប់ផ្តើមយ៉ាងមមាញឹកក្នុងការសាងសង់បឹងហ្គាឡូ ផ្ទះសំណាក់ អាហារដ្ឋាន ហាងទំនិញដើម្បីបានដំណើរការបម្រើសេវាទេសចរណ៍ឱ្យរស់រវើកឡើង។ ជាការកត់សម្គាល់ តាំងពីការដាក់តាំងលក់ម្រេច និងបើកដំណើរការឱ្យចូលកម្សាន្តមកឃើញថាភ្ញៀវដែលមានជាប្រចាំតែក្នុងចន្លោះពីខែវិច្ឆិកា ដល់ខែមេសាប៉ុណ្ណោះ។

លោកហេ សុខលី បានអំពាវនាវអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមក ទស្សនាកម្សាន្តឱ្យបានច្រើនដើម្បីបង្កើនការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកមានជីវភាពធូរធារ ក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍ និងកសិកម្មក្នុងខេត្តកែបឱ្យរីកចម្រើនឡើង។

លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានមានប្រសាសន៍ថា ជាការប្រពៃបំផុតដែល ម្ចាស់ចម្ការភាគច្រើននៅតំបន់ភ្នំវល្លិ៍បានអភិវឌ្ឍកសិដ្ឋានរបស់ខ្លួនឱ្យក្លាយជាមណ្ឌលកម្សាន្តប្លែកៗនោះ។ ជាធម្មតា មានតែម្រេចកំពត កែបប៉ុណ្ណោះដែលប្រកបដោយរសជាតិ និងគុណភាព ហើយត្រូវបានទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។

ដូច្នេះ ការបង្កើនភាពទាក់ទាញដោយជ្រើសយកវិធីបង្កើតរមណីយដ្ឋាន បែបកសិ-ទេសចរណ៍នោះពិតជាទទួលជោគជ័យក្នុងកម្រិតភាគរយខ្ពស់បំផុត។ លោកអនុប្រធានមន្ទីរបាន បន្តថា ក្នុងនាមជំនាញ កន្លងមក មន្ត្រីក្រោមឱវាទមន្ទីរទេសចរណ៍ខេត្តកែបធ្លាប់បានចុះបណ្តុះបណ្តាលចំ ណេះដឹងផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មទេសចរណ៍ដល់ម្ចាស់កសិដ្ឋាននៅតំបន់ភ្នំវល្លិ៍ដែលមានសក្តានុពល ខ្ពស់ផ្នែកឧស្សាហកម្មគ្មានផ្សែងនេះ។

អ្វីដែលម្ចាស់កសិដ្ឋានត្រូវយល់ដឹងបន្ថែមនោះ ដូចជា យកចិត្តទុកដាក់ការពារបរិស្ថានធម្មជាតិ ដោយចូលរួមរក្សាដងជ្រោះ អូរ ជ្រលងភ្នំជាដើម។

លើសពីនេះត្រូវយល់ដឹងពីចំណង់ចំណូលចិត្តភ្ញៀវ ដូចជាវត្ថុអនុស្សាវរីយ៍មួយចំនួន អ្នកខ្លះចូលចិត្ត អ្នកខ្លះមិនចូលចិត្ត ។ លោក ប៉ុក ទាំង បានបញ្ជាក់ថា អ្នកបង្ហាញភ្ញៀវក៏ត្រូវចេះណែនាំភ្ញៀវនូវវិធីសាស្ត្រនៃការដាំដំណាំម្រេចផងដែរ ដ្បិត ភ្ញៀវខ្លះចូលទស្សនាជាលក្ខណៈមកសិក្សាស្រាវជ្រាវដើម្បីស្វែងយល់ពីបទពិសោធន៍ផ្សេងៗ៕ ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *