ទំព័រដើម / កីឡា / កម្ពុជានិងវៀតណាមប្រកួតបាល់ទាត់

កម្ពុជានិងវៀតណាមប្រកួតបាល់ទាត់

កំពង់ចាម: នៅចុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម នឹងដឹកនាំក្រុមកីឡាករបាល់ទាត់ខេត្តនេះ ដោយផ្ទាល់ដើម្បីទៅចូលរួមការប្រកួតជាលក្ខណ:មិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត គឺខេត្តតៃនិញ របស់ប្រទេសវៀតណាម។ នេះជាប្រកាសឲ្យដឹងជាសាធារណ:របស់ឯកឧត្តម គួច ចំរើន ក្នុងពិធីជួបជុំបុណ្យរ៉ាម៉ាឌនស្រាយបួស នៃសាសនាឥស្លាមខេត្តកំពង់ចាម រាប់រយនាក់ បរិវេណវិហារ ស្ថិតនៅក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាល្ងាចថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា សូមសម្តែងការកោតសរសើរដល់បងប្អូនឥស្លាមទាំងអស់មានសាមគ្គីភាពគ្នាល្អពោល គឺក្រុមកីឡាករបាល់ទាត់ជម្រើសខេត្តកំពង់ចាម ដែលសុទ្ធសឹងជាយុវជនដែលមានថ្វីជើងល្អៗ នៅក្នុងសហគមន៍ឥស្លាម។ ថ្វីបើមិនទទួលបានពានរង្វាន់ក៏ពិតមែន ប៉ុន្តែក្រុមកីឡាបាល់ទាត់ខេត្តយើងទទួលជោគជ័យលើបណ្តាជាច្រើន នៃការប្រកួតកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា នេះបានបង្ហាញពីការផ្តល់កិត្តិយស និងលើកកម្ពស់វិស័យកីឡារបស់ខេត្តកំពង់ចាម។

ពិសេសដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តយើងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ គឺឯកឧត្តមនឹងដឹកនាំក្រុមកីឡាករនេះដោយផ្ទាល់ទៅចូលរួមការប្រកួតជាលក្ខណ:មិត្តភាព ជាក្រុមកីឡាករបាល់ទាត់ខេត្តតៃនិញ ជាខេត្តសម្ព័ន្ធមិត្ត នៃប្រទេសវៀតណាម។

លោក ស្រេង វ៉ាន់ណូ ជាគ្រូបង្វឹក ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ១០ មិថុនានេះថា ដើម្បីត្រៀមចូលរួមការប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ខេត្តតៃនិញ ប្រទេសវៀតណាមនោះ គឺខាងលោកចាប់ផ្តើមប្រមូលកីឡាករបាល់ទាត់តាមបណ្តាសហគមន៍ឥស្លាមពី ស្រុកកងមាស ស្រុកស្ទឹងត្រង់ និងក្រុងកំពង់ចាម ឲ្យចូលរួមហ្វឹកហាត់ក្នុងពហុកីឡាដ្ឋានបាល់ទាត់ខេត្តកំពង់ចាម នៅដើមសប្តាហ៍នេះហើយ។

គ្រូបង្វឹកបាល់ទាត់តាំងពីឆ្នាំ២០១២ និងមានអាយុ ៣៩ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាមបច្ចុប្បន្នដែលគ្រោងចេញទៅប្រកួតក្រៅប្រទេសនេះ គឺមានសមាជិកទាំងពេញសិទ្ធិ និងទាំងបម្រុងចំនួន ៥០ នាក់៕ដោយ: ភោគ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *