ទំព័រដើម / ព័ត៌មានជាតិ / ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យបញ្ចប់រឿងរ៉ាវនៅខេត្តបន្ទាយមានជ័យរវាងព្រះសង្ឃនិងស្ត្រីម្នាក់

ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យបញ្ចប់រឿងរ៉ាវនៅខេត្តបន្ទាយមានជ័យរវាងព្រះសង្ឃនិងស្ត្រីម្នាក់

កំពង់ធំ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យបញ្ចប់ត្រឹមនេះនូវរឿងរ៉ាវនៅខេត្តបន្ទាយមានជ័យរវាងព្រះសង្ឃនិងស្ត្រីម្នាក់កុំឲ្យបន្តទៅទៀត ដើម្បីការពារដល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃស្ត្រីខ្មែរ។

សម្តេចតេជោហ៊ុន សែន​នាយករដ្ឋមន្ត្រីកម្ពុជា បានស្តីបន្ទោសដល់អ្នកលេងបណ្តា​ញ​សង្គម​ហ្វេស​​បុក​​២​នាក់គឺលោកផែង វណ្ណៈ និង  លោក ខាន់ ចាន់សុផល​ថាមិនបានជួយរំងាប់អាទិកររវាង​ព្រះសង្ឃនិងស្ត្រីម្នាក់​នៅ​ខេត្តបន្ទាយមានជ័យឲ្យស្ងប់ស្ងាត់នោះទេ ប៉ុន្តែបែរនាំគ្នាទៅគាស់​កកាយរឿងរ៉ាវនេះ​ឲ្យ​កាន់តែកក្រើកនៅ​ក្នុងសង្គម​បន្ថែម​ទៀត។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៦  ពីថ្នល់កែង ខេត្តកំពង់ចាម​ដល់​អង្គ្រងខេត្តសៀមរាបនៅព្រឹកថ្ងៃទី១១មិថុនានេះដោយព្រមានបណ្តេញអ្នកទាំងពីរចេញ​ពីជួរកងទ័ព​បើនៅតែបន្ត ហែកហួររឿងរ៉ាវនេះ តទៅទៀត។

សម្តេចបានលើកឡើងទៀតថាអ្នកណាក៍មានកំហុសដែរ  ប៉ុន្តែរាល់ការខុសឆ្គងទាំងឡាយគួរទុ​កពេលវេលាឲ្យគេធ្វើ​ការកែប្រែមិនគួរទៅហែកហួរកំហុសគេឲ្យកក្រើកថែមទៀត ដើម្បីចង់ឈ្នះ ចាញ់នោះទេ ។ប៉ុន្តែ បើភាគីទាំងពីរដែល​មាន​ការ​ពាក់ព័ន្ធចង់ឈ្នះ​ចាញ់គ្នាទុក​ឲ្យគេទាំងពីរនាក់ដោះស្រាយគ្នា តាមផ្លូវតុលាការ ដើម្បី​បញ្ចប់រឿងទៅ។

ដោយឡែកពាក់ព័ន្ធនិងសមិទ្ធផលផ្លូវជាតិលេខ៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែល​បាន​​រួមចំណែកជួយកសាងផ្លូវស្ពានយ៉ាងច្រើនក្នុងការតភ្ជាប់ផ្ទៃក្នុងកម្ពុជាពីតំបន់មួយទៅតំបន់មួយ ដើម្បីសម្រួលដល់​ការ​ធ្វើដំណើរឲ្យបានកាន់តែងាយស្រួល និងជួយដល់ការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា​ឲ្យមានភាពរីកលូត​លាស់​បានឆាប់រហ័សផងដែរ។

បើទោះបីបច្ចុប្បន្នេះ បណ្តាញផ្លូវគមនាគមន៍បាននិងកំពុងកសាងប្រទាក់ក្រឡាគ្នាពីតំបន់មួយទៅតំបន់មួយ  ប៉ុន្តែ​កម្ពុជា​​នៅ​មានតម្រូវការ កសាងផ្លូវស្ពានជាច្រើនកន្លែងទៀត   ដែលបេក្ខភាពគម្រោងទាំងនោះមានគម្រោងកសាងផ្លូវពី​ក្រុងក្រចេះភ្ជាប់មកខេត្តកំពង់ធំ និងគម្រោងមួយទៀតភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកកំពង់ថ្ម ខេត្តកំពង់ធំ ដែលគម្រោងមួយនេះ សម្តេចបានទាមទារឲ្យធ្វើការសិក្សាឲ្យបានច្បាស់លាស់ ជៀសវាងការប៉ះពាល់បរិស្ថាននៃបឹងទន្លេសាប។

ជាមួយគ្នានេះរាជរដ្ឋាភិបាលក៍បានបង្ហាញគម្រោងកសាងផ្លូវមួយខ្សែទៀតផងដែរ ពីកោះកុង ភ្ជាប់មកថ្មដា ខេត្តពោសាត់ និងឆ្ពោះ​ទៅសំឡូត​ខេត្តបាត់ដំបង។

ឯ.ឧ  ទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល  រដ្ឋមន្ត្រី​ក្រសួងសាធារណការនិងដឹកជញ្ជូន  បានឲ្យដឹងថា គម្រោងសាង​សង់​ឡើង​វិញ​កំណាត់ផ្លូវជាតិលេខ៦នេះ មានប្រវែងជាង២៤៨គីឡូម៉ែត្រ   ដែលចំណាយថវិកាកសាងអស់ប្រមាណ​២៥៥លាន​ដុល្លារអាមេរិក ជាឥណទាន សម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា៥ភាគរយសម្រាប់​ដោះ​ស្រាយផលប៉ះពាល់  បោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ព័ន្ធអាករផ្សេងៗ។

ឯ.ឧ រដ្ឋមន្ត្រីបានឲ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន​ផលិត​ផល ដំណាំកសិផល  និងកសិ-ឧស្សាហកម្ម របស់ប្រជាពលរដ្ឋនិងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក  និងទីផ្សារ​អន្តរជាតិ កាន់តែមានប្រសិទ្ធភភាពខ្ពស់  ឆាប់រហ័ស និងចំណាយតិច ​ ដែលជាផ្នែកមួយយ៉ាងសំខាន់  រួមចំណែកធ្វើឲ្យ​ប្រ​សើរ​ឡើង នូវប្រព័ន្ធភស្តុភាកម្ម របស់កម្ពុជា សំដៅទាញយក អត្ថប្រយោជន៍ឲ្យបានច្រើនលើសលប់ ពីសមាហរណ​កម្ម​សេដ្ឋកិច្ច អាស៊ាន តំបន់ និងពិភពលោក៕អត្ថបទប្រាក់   សុវណ្ណតារា

 

Leave a Reply

Your email address will not be published. Required fields are marked *