ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងសុខាភិបាលនឹងបង្កើនការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើម ប្រភេទបេ ដល់កុមារឱ្យបាន១០០ភាគរយ

ក្រសួងសុខាភិបាលនឹងបង្កើនការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើម ប្រភេទបេ ដល់កុមារឱ្យបាន១០០ភាគរយ

 ភ្នំពេញ–ក្រសួងសុខាភិបាលនឹងបង្កើនការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេដល់កុមារគ្របដណ្តប់ឱ្យបាន១០០ភាគរយនៅឆ្នាំ២០១៨នេះដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារពីជំងឺដែលអាចការពារបានដោយការផ្តល់វ៉ាក់សាំង។

 

លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការនៃ ក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវយកចិត្តទុក ដាក់បង្កើនការផ្តល់ថ្នាំបង្ការដល់ទារកនិងកុមារនៅតាមមណ្ឌលសុខភាព ចុះផ្តល់ថ្នាំបង្ការ ដល់ទារកនិងកុមារនៅតាមតំបន់ដាច់ស្រយាលពិសេសកុមារដែលងាយរងគ្រោះដោយត្រូវឪពុកម្តាយធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសឬកុមារទៅជាមួយឪពុកម្តាយចល័តនៅក្នុងប្រទេសជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនានេះ លោកស្រីសាស្ដ្រាចារ្យក៏បានណែនាំឱ្យបុគ្គ លិកសុខាភិបាលបង្កើនការផ្សព្វ ផ្សាយពីសារៈសំខាន់ក្នុងការទទួល បានថ្នាំបង្ការនៅក្នុងសហគមន៍និង ប្រជាជនដើ ម្បីឱ្យពួកគាត់បានយល់ដឹងនិងនាំកុមារមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាខណៈឆ្នាំ២០១៧កន្លងទៅក្រសួងបានផ្ដល់វ៉ាក់សាំងនេះដល់កុមារអាយុក្រោម១ឆ្នាំជាង៣៥ម៉ឺននាក់ និងកុមារក្រោមអាយុ៥ឆ្នាំជាង ១លាន៧សែននាក់ ។

លោកស្រី សង្ឃឹមថា ឆ្នាំ២០១៨នេះ នឹងផ្ដល់វ៉ាក់សាំងប្រភេទបេនេះ ដល់កុមារគ្របដណ្ដប់១០០ភាគរយតែម្ដង។ លោកស្រីសាស្ត្រាចារ្យបានបន្តថាបច្ចុប្បន្ននេះ វ៉ាក់សាំងរលាកថ្លើមប្រភេទបេនេះក្រសួងមានគ្រប់គ្រាន់ហើយសម្រាប់ផ្តល់ដល់ទារកដែលទើបកើតប្រមាណជាង៣៥ម៉ឺននាក់ក្នុង១ឆ្នាំៗដែលទិញតាមរយៈអង្គការយូនីសេហ្វដោយប្រើប្រាស់ថវិកាជាតិនិងថវិការបស់អង្គការGavi។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែង នៅក្នុងសន្និសីទស្តីពីកម្ពុជាសម្រេចបានជោគជ័យលើការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចកាលពីរសៀលថ្ងៃទី៨មិថុនានៅទីស្តីការក្រសួងដោយបានជំរុញឱ្យមន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការបន្តខិតខំផ្តល់វ៉ាក់សាំងគ្រប់ប្រភេទដល់ទារកនិងកុមារពិសេសវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេគ្របដណ្ដប់បាន៩៨ភាគរយ លើសគោលដៅរបស់អង្គការសុខភាពពិភពលោក ដែលកំណត់ត្រឹមតែ៩៥ភាគរយ។

ចំណែកលោកវេជ្ជបណ្ឌិត Liu Yun guo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានជំរុញឱ្យក្រសួងសុខាភិបាលពង្រឹងផ្ដល់ថ្នាំបង្ការជាប្រចាំ ធានាឱ្យមានវ៉ាក់សាំងនៅគ្រប់កម្រិត រក្សានិងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ដូសពេលកើតនឹងត្រូវលុបបំបាត់ជំងឺរលាកថ្លើមគ្រប់ប្រភេទ អា បេ សេ ដេ និងអឺ នៅ ឆ្នាំ២០៣០ខាងមុខ ។

រីឯលោកស្រី Natascha Paddison តំណាងអង្គការយូនីសេហ្វបានសន្យាថា នឹងបន្ដធ្វើការយ៉ាងជិតសិ្នទ្ធជាមួយក្រ សួងសុខាភិបាល និងអង្គការសុខភាពពិភព លោកបន្ថែម ទៀតដើម្បីធានាថាកុមារកម្ពុជាទាំងអស់ទទួលបានថ្នាំបង្ការឱ្យបានគ្រប់ៗគ្នាឱ្យចៀសផុតពីជំងឺរលាកថ្លើមប្រភេទបេនេះ៕

ដោយ គង់ សិរីរ័ត្ន

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *