ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០

រដ្ឋមន្ដ្រី៖ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃនឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ថានឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។យោងការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃឡង់ដ៏ ប្រចាំនៅកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងជំនួប ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្វាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត និងបានលើកឡើងអំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងថៃឡង់ដ៏ ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់ភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដា។

ជាការឆ្លើយតប ឯកឧត្តម ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយតំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរបានព្រមព្រៀងពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *