ទំព័រដើម / ព័ត៌មានសំខាន់ៗ / ល្បែងរបស់លោក ដូណាល់ ត្រាំជាមួយកូរ៉េខាងជើងចប់ហើយ តែនៅតែមានរឿងសម្ងាត់

ល្បែងរបស់លោក ដូណាល់ ត្រាំជាមួយកូរ៉េខាងជើងចប់ហើយ តែនៅតែមានរឿងសម្ងាត់

សិង្ហបុរី៖ ល្បែងរបស់​​លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក​ និង​លោក គីម ជុងអ៊ុន​ មេ​ដឹក​នាំកូរ៉េខាងជើង​ បានបញ្ចប់ហើយ​ ​ដោយទទួលបានលទ្ធផល​ដែលត្រូវបានចាត់ទុកថា ជោគ​ជ័យខ្លាំង​ ប៉ុន្តែនៅតែមាន​រឿងសម្ងាត់​ និងបញ្ហាជាច្រើនត្រូវដោះស្រាយ។​

ជំនួប​មួយទល់មួយ និងជំនួបអម​ដោយមន្ត្រីជាន់ខ្ពស់​​ ព្រម​ទាំង​អាហារ​ការងារ​នៅ​ថ្ងៃ​ត្រង់​​រវាង​លោក​ ​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលមានរយៈពេលសរុបជិតប្រាំ​ម៉ោង​នៅ​សណ្ឋាគារ​ Capella លើកោះ Sentosa ប្រទេសសិង្ហបុរី​ ក្នុងថ្ងៃអង្គារនេះ​បាន​​បញ្ចប់​​ក្រោយមេដឹកនាំ​ទាំងពីរ​បាន​​​ចុះហត្ថលេខាពិធីសាររួមគ្នាឬសេចក្តីថ្លែងការណ៍រួម​​ អបដោយ​ការប្រ​កាស​ដដែល​អំពី​ទំនាក់​​ទំនង​ថ្មីដ៏អាស្ចារ្យ​​ ប៉ុន្តែ​នៅមិនទាន់មានការប្រកាស់ច្បាស់លាស់អំពី​ការរំសាយអាវុធ​នុយ​ក្លេអ៊ែររបស់​កូរ៉េខាងជើង។​​​

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ​ លោក​ ដូណាល់ ត្រាំ​ និងលោក គីម ជុងអ៊ុន​ ​បាន​ឯកភាពគ្នា​លើបញ្ហាបួន​ចំណុច​សំខាន់ៗ ​៖​

១. ​​សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង​ ​​ប្តេជ្ញា​បង្កើតទំនាក់ទំនងថ្មី​រវាងអាមេរិកនិង​កូរ៉េខាងជើង​ ដោយ​អនុលោមតាម​​ឆន្ទៈ​របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ​សម្រាប់សន្តិភាព​និងភាពចម្រុងចម្រើន។​

២. សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង​នឹងធ្វើការរួមគ្នាដើម្បីកសាងរបប​​​​​មួយ​ដែល​ពោពេញ​ដោយសន្តិភាព​និង​ស្ថិរភាពដ៏យូរអង្វែងនៅឧបទ្វីបកូរ៉េ។​

៣. ​បញ្ជាក់ជាថ្មីអំពីការប្រកាស​កាលពីថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នៅភូមិបទឈប់បាញ់​ Panmunjom ដែលកូរ៉េខាងជើងបានប្តេជ្ញាធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅឧប​ទ្វីបកូរ៉េ។

ចំណែកចំនុចទី​៤ ​សហរដ្ឋអាមេរិក​និងកូរ៉េខាងជើង​ប្តេជ្ញារុករក​ឆ្នឹង​ទាហាន​អាមេរិកដែល​បាត់​ខ្លួនអំឡុង​សង្គ្រាម​ ​ក្នុងនោះរួមទាំងការធ្វើមាតុភូមិនិវត្តឆ្អឹង​ដែល​កំណត់​អត្តសញ្ញាណរួច​ភ្លាមៗផងដែរ។​​

ប៉ុន្តែ​មិនបានលើកឡើងពី​បំណងពីមុនរបស់សហរដ្ឋអាមេរិក​​ដែលចង់​ឲ្យកូរ៉េខាង​ជើង​លុប​បំ​បា​ត់​អាវុធ​នុយ​ក្លេអ៊ែរទាំងស្រុងនោះទេ ហើយ​ការប្តេជ្ញារបស់លោកគីម ជុងអ៊ុន​ ក៏ទំនងជាមិនហួសពីអ្វីដែលលោក​បាន​​សន្យាកាលពី​ខែមេសា ពេល​ជួបពិភាក្សា​ជាមួយលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង​នៅ​ក្បែរព្រំដែ​ន​នៃប្រទេសទាំ​ងពីរដែរ។​​​

​អំឡុងជំនួបដែលមានរយៈពេលសរុបជិតប្រាំម៉ោង​នេះ​ លោក ដូណាល់ ត្រាំ​ បានសរសើរលោក គីម ជុង​អ៊ុន​ មិនដាច់ពីមាត់ថា ជា​បុគ្គលឆ្ងាតខ្លាំង​ ​​និងបានចាត់ទុកជំនួបកំពូលនេះថា ​ជាស​មិទ្ធ​ប្រវត្តិ​សាស្ត្រ​មិន​ធ្លាប់មាន​ ហើយថា ក្រោយជំនួបកំពូលនេះរួច នឹងមាន​ជំនួបជាច្រើនបន្តបន្ទាប់ទៀត​ ​ដោយ​ឆ្លៀត​ក្នុងឱកាសនេះ លោកក៏បានអញ្ជើញលោក លោក គីម ជុង​​អ៊ុន ទៅបំពេញទស្សនកិច្ច​នៅ​សេតវិមានផងដែរ។​​

រីឯលោក គីម ជុងអ៊ុន​ ដែលធ្វើ​ឲ្យពិភពលោកចាប់អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំង​ដោយ​សារវិធី​បន្ទន់ជំហរ​របស់លោក​នោះ​បានលើកឡើងថា ជំនួបកំ​ពូលនេះគឺជាដំណើរការឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ហើយ​លោ​កក៏បានទទួលការអញ្ជើញរបស់លោក ដូណាល់ ត្រាំផង​ដែរ។​​

​ទោះជាជំនួ​បកំពូលទទួលបានលទ្ធផលដ៏ត្រចះត្រចង់ក៏ដោយ​ តែ​រឿង​សម្ងាត់នៅពីក្រោយនៅតែមាន​ ដោយ​សារអាវុធនុយក្លេអ៊ែរពិតប្រាកដរបស់កូរ៉ែខាងជើង​ ​មិនដែល​បង្ហាញជាសាធារណៈនោះទេ ​ហើយ​ម្យ៉ាងវិញទៀត​​លោកគីម ជុងអ៊ុនផ្ទាល់​គឺជាបុគ្គលដែលរងការ​ចោទប្រកាន់ថា រំលោភ​សិទ្ធិមនុស្សធ្ងន់ធ្ងរ​ស្រាប់​ ​ហេតុដូច្នេះគេ​កំពុងមានមន្ទិលថា សហរដ្ឋ​អាមេរិកនឹងដោះ​ស្រាយបញ្ហានេះ​ជាមួយកូរ៉េខាងជើង​តាមវិធីណា៕​

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *