ទំព័រដើម / ព័ត៌មានជាតិ / ដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

ដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

ប៉ៃលិន៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍដំណាំស្វាយកែវរមៀតកម្ពុជា

ឆ្ពោះទៅកាន់ទីផ្សារពិភពលោក ដល់សមាគមន៍កសិករដែលជាអ្នកដាំដំណាំស្វាយកែវរមៀតប្រមាណជាង ៣០០នាក់ ក្នុងខេត្តប៉ៃលិន ដោយទទួលបានការឧបត្ថម្ភទាំងថវិកា និងអ្នកជំនាញបច្ចេកទេស មកពីក្រុមហ៊ុន NPT ប្រទេសថៃ ដែលជាក្រុមហ៊ុនទទួលទិញផ្លែស្វាយកែវរមៀតពីខេត្តប៉ៃលិន។

ឯកឧត្តម ធូ​ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការពង្រឹងគុណភាពក្នុងការផលិតកសិផល គឺពិតមាន​សារៈសំខាន់់​ខ្លាំងណាស់ សម្រាប់​កសិកផលណា ដែលយើងមាន​បំណងនាំចេញទៅលក់នៅក្រៅប្រទេស ហើយសម្រាប់ការបើកវគ្គសិក្ខាសាលា ស្តីពីការអភិវឌ្ឍដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក នេះ គឺពិតជាបានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស ដល់កសិករដែលដំណាំផ្លៃស្វាយកែវរមៀត នៅក្នុងខេត្តប៉ៃលិនយើង។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំផ្តល់ប្រឹក្សា និងបច្ចេកទេស ដល់ប្រជាកសិករ ដើម្បីឱ្យពួកដាំដុះដំណាំ ទៅតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក ជាសវាងការទំលាក់តម្លៃ ដោយសារ បញ្ហាគុណភាពរបស់កសិកផលដែលកសិករផលិតបាន ពីព្រោះកន្លងមក កសិករយើងតែតែធ្វើកសិកម្ម ដោយផ្សងព្រេង និងប្រថុយប្រថាន គឺកសិកម្មយថាផល គ្មានមូលដ្ឋានច្បាស់លាស់ទេ មានបញ្ហាប្រឈមច្រើន ដែលនាំឱ្យជីវភាពរបស់កសិករយើងមិនបានប្រសើរឡើង។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផលិតកសិផលរបស់ប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ភាគច្រើនគឺមិនបានយកចិត្តទុកដាក់ចំពោះគុណភាព ដែលតម្រូវទៅតាមទីផ្សារ ដូច្នេះពួកគាត់តែងតែជួបប្រទះនូវផលវិបាក ចំពោះទីផ្សារនៅក្រៅប្រទេស ធ្វើឱ្យតម្លៃកសិកផលមានការធ្លាក់ចុះ។

ឯកឧត្តម សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ទីផ្សារកសិផលរបស់ខេត្តប៉ៃលិន ក៍ដូចជាទូទាំងប្រទេស គឺភាគច្រើន ពឹងផ្អែកទៅលើទីផ្សារក្រៅប្រទេស ដូច្នេះការពង្រឹងគុណភាព សម្រាប់ការផលិតកសិផលសម្រេច គឺជាបញ្ហាចម្បងដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ នៅក្នុងបរិបទនៃទីផ្សារប្រកួតប្រជែង។

ចំណែកលោកពូ ចាន់ ប៊ុនលីម អាយុ ៦០ឆ្នាំ ជាកសិករដាំដំណាំស្វាយកែវរមៀត រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសំនូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាជួយផ្តល់បច្ចេកទេស ​និងជួយរកទីផ្សារជូនពួកគាត់ ពីព្រោះកន្លងមក ផ្លែស្វាយរបស់គាត់ដែលផលិតបាន គឺលក់ទៅកាន់ទីផ្សារតម្លៃមិនទៀងទាត់។ (ឃ្លីប Clip 004-13-06-2018) សូមបញ្ជាក់ថា៖ នៅឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន បានដាំដុះដំណាំផ្លែស្វាយកែវរមៀត ចំនួន ៤៥៦៥ហិចតា ហើយបាននាំចេញទៅលក់នៅប្រទេសថៃ ផ្លែស្វាយកែវរមៀតបរិភោគ ចំនួន ២៤០០០តោន និងផ្លៃស្វាយកែវរមៀត ចំនួន ៤៨០០០តោន៕ ញ៉ឹប បូរី

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *