ទំព័រដើម / កីឡា / ក្រុមប្រឆាំងការប្រកាន់ពូជសាសន៍ដាស់តឿនឲ្យប្រុងប្រយ័ត្ន ពេលទៅចូលរួម World Cup នៅរុស្ស៊ី

ក្រុមប្រឆាំងការប្រកាន់ពូជសាសន៍ដាស់តឿនឲ្យប្រុងប្រយ័ត្ន ពេលទៅចូលរួម World Cup នៅរុស្ស៊ី

ក្រុងមូស្គូ៖ អង្គការប្រឆាំង​ការប្រកាន់ពូជសាសន៍​​បានដាស់តឿន​ឲ្យអ្នកគាំទ្របាល់ទាត់ទាំងអស់​មាន​ការ​​ប្រុង​​ប្រយ័ត្ន​​​ ពេលទៅទស្សនការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី​ ដោយ​សារប្រទេ​ស​​នេះ​មា​ន​ប្រវត្តិសិទ្ធិ​មនុស្សមិនសូវល្អ។​​​

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស​និងប្រឆាំងការរើសអើងបានលើកឡើងថា ​ការ​ប្រកួត​បាល់​​ទាត់​ពិភពលោក​ គឺ​ជា​ឱកាស​សម្រាប់រុស្ស៊ី​ក្នុងការបង្ហាញ​ថា តើខ្លួន​បើកចំហក្នុង​​​កម្រិត​ណា ខណៈ​ករណី​ប្រកាន់​ពូជសាសន៍​និង​​រើស​អើង​​នៅតែបន្តកើតមាន​ក្នុង​ប្រទេសនេះ។​​ ​

​លោក ​ Piara Powar នាយកប្រតិបត្តិនៃបណ្តាញប្រឆាំងការរើសអើងឈ្មោះ ​ FARE ​​​បាន​ប្រាប់ទី​ភ្នាក់​ងារ​​ព័ត៌​មានរ៉យទ័រ​​ក្នុងកិច្ចសម្ភាសន៍​នៅទីក្រុងមូស្គូកាលពីម្សិលមិញ​ថា ​​​បរិយាកាស​សិទ្ធិមនុស្សមិនសូវល្អទេ​នៅ​រុ​ស្ស៊ី​ ហេតុដូច្នេះ​អ្នកគាំទ្របាល់ទាត់ទាំងអស់​​​ត្រូវតែ​មានការប្រុងប្រយ័ត្ន​ឲ្យខ្ពស់​ ប៉ុន្តែលោកសង្ឃឹមថា អ្វីៗ​នឹងប្រសើរឡើង​អំឡុង​រដូវកាល​ World Cup នេះ។​

​ទោះជាយ៉ាងណា រុស្ស៊ី​បានសន្យា​រួចហើយថា ​នឹងចាត់​វិធានកា​រ​បង្ក្រា​ប​​​​មិនឲ្យ​​ករណី​ប្រកាន់​ពូជ​សាសន៍​កើតមាន​ឡើងបានឡើយ​សម្រាប់​ការប្រកួត​បាល់ទាត់ពិភពលោក​នេះ​ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃព្រស្បតិ៍​ដោយ​មានការបើកពិធីនៅក្នុងទីក្រុងមូស្គូ​ ហើយ​បន្ទាប់​មកមាន​ការ​ប្រ​កួត​​​បើក​ឆាករ​វាង​ក្រុមជម្រើស​ជាតិ​រុស្ស៊ីនិងអារ៉ាប៊ី សាអូឌីតនោះ។​​

ប៉ុន្តែនៅមុនការប្រកួត​មានករណីរើស​អើងកើតមានជាបន្ត​បន្ទាប់​រួចទៅ​​ហើយ ជាក់ស្តែង​​កាលពីខែមុន​ ប្រ​ទេសរុស្ស៊ី​បានរងការពិន័យ​ បន្ទាប់ពី​មានករណីរើសអើងលើ​ក្រុមកីឡាករបាល់ទាត់របស់បារាំង​ អំឡុង​ការប្រកួតមិត្តភាព​នៅក្នុងខែ​​មីនាក្នុងទីក្រុង​ St Petersburg ជា​ក្រុងមួយ​ក្នុង​ចំណោម​ក្រុង១១​ ដែលធ្វើ​ជា​ម្ចាស់ផ្ទះ​​សម្រាប់ការប្រកួត​ World Cupនេះ។​

កាលពីខែមេសាក៏មានករណីរើសអើងកើតឡើងដែរ​ក្នុងទីក្រុងមូស្គូ​​ ​ដោយ​អ្នក​គាំទ្រក្លឹប​ CSKA Moscow របស់​រុស្ស៊ី​ បាន​ស្រែកពាក្យរើសអើងលើ​កីឡាករស្បែកខ្មៅ​របស់​ក្រុម​​ Arsenal ជាច្រើនលើកច្រើនសារ អំឡុង​ការប្រកួត​ Europa League ​ដែលជា​​ពានលំដាប់ទីពីរនៅអឺរ៉ុប នេះបើយោងតាម​​ទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

Leave a Reply

Your email address will not be published. Required fields are marked *